ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តែងក្តីរីករាយដោយសាទរចំពោះអាជ្ញាធរដែនដី ដែលបច្ចប្បន្នបានសង់ផ្លូវបេតុងខ្វាត់ខ្វែងតាមភូមិនីមួយៗ និងបានតបណ្តាញអគ្គិសនីភ្ជាប់គ្រប់ខ្នងផ្ទះ។ ការប្រឹងប្រែងអភិវឌ្ឍន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលនេះ ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ តបតាមសំណូមពររបស់ពលរដ្ឋក្រោយជាប់ឆ្នោត។
ក្រុមការងារចុះចាក់បេតុងតាមភូមិមួយចំនួនក្នុងឃុំល្វា។រូបភាពពីចាន់ពេជ្រ។
យ៉ាងហោចណាស់ ផ្លូវលំប្រវែងជាង ៦០០ម៉ែត្រក្នុងភូមិជាច្រើននៃឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានសង់ឡើងពីបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិ។
ក្រុមការងារចុះចាក់បេតុងតាមភូមិមួយចំនួនក្នុងឃុំល្វា។រូបភាពពីចាន់ពេជ្រ។
ចំពោះមុខនេះ ប្រជាពលរដ្ឋមួយចំនួនរស់ក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមជួបសម្ភាសន៍ បានបង្ហាញក្តីរីករាយ ខណៈបច្ចុប្បន្នតាមបណ្តាភូមិនីមួយៗបានផ្លាស់ប្រែពីផ្លូវដីក្រួសក្រហមមកជាផ្លូវបេតុងស្អាតល្អ និងផ្លូវខ្លះប្រែពីផ្លូវដីសមានជង្ហុកមកជាផ្លូវគ្រួសក្រហមរាបស្មើ ដែលជួយសម្រួលការធ្វើដំណើរបានយ៉ាងងាយស្រួល។
ក្រុមការងារចុះចាក់បេតុងតាមភូមិមួយចំនួនក្នុងឃុំល្វា។រូបភាពពីចាន់ពេជ្រ។
លោក ឆោម ប៊ុនឡាយ រស់នៅក្នុងភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាមបញ្ជាក់ថា ពីមុនមកផ្លូវក្នុងតំបន់មានជង្ហុកធំៗ ពិបាកធ្វើដំណើរនៅខែវស្សា ព្រោះផ្លូវបែកភក់មានស្ថានភាពរអិលខ្លាំង។ ប៉ុន្តែបច្ចុប្បន្ននេះលោកថា អាជ្ញាធរបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍បានល្អប្រសើរច្រើនកន្លែង ពោលគឺមានផ្លូវបេតុងខ្វែងខ្វាត់ងាយស្រួលធ្វើដំណើរ។ ក្នុងនាមជាប្រជាពលរដ្ឋក្នុងភូមិ លោកថ្លែងអំណរគុណដល់អាជ្ញាធរឃុំល្វាដែលបានប្រឹងប្រែងស្ថាបនាផ្លូវតាមសំណើរបស់ពលរដ្ឋតាមការសន្យាក្រោយជាប់ឆ្នោត។
ក្រុមការងារចុះចាក់បេតុងតាមភូមិមួយចំនួនក្នុងឃុំល្វា។រូបភាពពីចាន់ពេជ្រ។
ទន្ទឹមនឹងទទួលបានផ្លូវថ្មីៗនិងល្អបែបនេះ លោក ប៊ុនឡាយ សំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្មេងៗ កុំអាងផ្លូវស្អាតល្អ បែរជាបើកបរល្មើសល្បឿនកំណត់ដែលជាហេតុបង្កគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងនិងអ្នកដទៃ។
ប្រជាពលរដ្ឋមួយរូបទៀតរស់នៅភូមិត្រពាំងជីនាង ឃុំល្វា និយាយថា កាលពីមុនក្នុងភូមិមិនមានផ្លូវល្អស្អាតជិះដូចពេលបច្ចុប្បន្ននេះទេ ហើយពិបាកធ្វើដំណើរដោយខែវស្សាត្រូវបែកភក់រអិលពេញផ្លូវ រីឯខែប្រាំងវិញហ៊ុយដីពេញភូមិ។ ពលរដ្ឋរូបនេះសូមឱ្យពលរដ្ឋទាំងអស់ដែលទទួលបានផលប្រយោជន៍ពីផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលឲ្យបានយូរអង្វែង និងត្រូវហ៊ានលើកឡើងពីតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅឱ្យអាជ្ញាធរបានដឹងដើម្បីធ្វើការឆ្លើយតប។
ក្រុមការងារចុះចាក់បេតុងតាមភូមិមួយចំនួនក្នុងឃុំល្វា។រូបភាពពីចាន់ពេជ្រ។
ក្នុងរឿងនេះដែរ លោក មុយ សំអឿន សមាជិកក្រុមប្រឹក្សាឃុំល្វា ស្រុកព្រៃឈរ តំណាងឲ្យលោកមេឃុំ បានបញ្ជាក់ប្រាប់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងឃុំមានការអភិវឌ្ឍន៍ជាហូរហែ ជាពិសេសនោះអាជ្ញាធរបានធ្វើតាមការសន្យាចង់បានរបស់ពលរដ្ឋលើតម្រូវការផ្លូវសម្រាប់ធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោកសមាជិកក្រុមប្រឹក្សាឃុំល្វាបន្ថែមទៀតថា ក្រុមការងារតែងតែចុះមកពិនិត្យការដ្ឋានជាប់ជាប្រចាំ ដើម្បីពិនិត្យបច្ចេកទេស បទដ្ឋានទំហំផ្លូវ ធានាយ៉ាងណាឱ្យមានគុណភាពផ្លូវល្អប្រើប្រាស់បានយូរ។
ក្រុមការងារចុះចាក់បេតុងតាមភូមិមួយចំនួនក្នុងឃុំល្វា។រូបភាពពីចាន់ពេជ្រ។
គូសបញ្ជាក់ផងដែរថា ផ្លូវបេតុងដែលកំពុងស្ថាបនានៅពេលនេះ គឺមានប្រវែង ៦២២ម៉ែត្រ មានទទឹង៤ម៉ែត្រ ដែលគម្រោងសាងសង់ជាថវិកាមូលនិធិឃុំឆ្នាំ២០២៤នេះ។ បច្ចុប្បន្នផ្លូវមួយខ្សែនេះស្ថាបនាបានជាង១០០%ហើយ៕
អត្ថបទខ្លីសរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។