
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរួមគ្នាស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍ខេត្តទាំង៤ ដោយផ្ទាល់ ប្រសើរជាងដាក់ខេត្តទាំងនោះ ចូលទៅក្នុងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV)។ ស្របជាមួយគ្នានេះ អ្នកវិភាគសង្គម មើលឃើញថា កម្ពុជានឹងរងគ្រោះ ប្រសិនចូលរួមគម្រោង CLV នេះ ដោយសារជនជាតិវៀតណាម នឹងកើនឡើងក្នុងមករស់នៅកម្ពុជា ក៏ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាល នៅតែអះអាងថា គម្រោង CLV នេះ មិនបានធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះទេ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍
ការស្នើនេះ មានការចូលរួមពី សហភាពសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសម្ព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ដែលហៅខ្លួនឯងថាជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី១ ខែសីហានេះថា សូមឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍ខេត្តទាំង៤មាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដោយផ្ទាល់ ប្រសើរជាងការដាក់ខេត្តទាំង៤នោះទៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV)។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១ ខែសីហាថា មូលហេតុដែលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើរាជរដ្ឋាភិបាលឱ្យអភិវឌ្ឍន៍ខេត្តដោយខ្លួនឯងនេះ គឺដោយសារខេត្តទាំងនោះជារបស់កម្ពុជា ដូច្នេះនៅពេលថ្នាក់ដឹកនាំអភិវឌ្ឍន៍ដោយខ្លួនឯង ផលប្រយោជន៍ធនធានធម្មជាតិ នឹងបានទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសពលរដ្ឋក្នុងស្រុក សម្បូរការងារធ្វើ ដោយគ្មានជនបរទេសណាមកដណ្ដើមមុខរបរឡើយ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ៖ «អ្វីដែលខ្ញុំមើលឃើញថាកាលដែលខ្ញុំចុះហត្ថលេខាថាទៅលើក្រុមប្រឹក្សាឃ្លាំមើលហ្នឹង ដោយយើងចង់ឃើញប្រទេសយើងហ្នឹងអភិវឌ្ឍន៍ខ្លួនឯងយើងឃើញអ្នកមាននៅស្រុកខ្មែរច្រើនគរគោក អញ្ចឹងការអភិវឌ្ឍន៍ប្រទេសខ្លួនឯង ហើយធនធានធម្មជាតិខ្លួនឯងក៏វាសម្បូរបែប អញ្ចឹងខ្ញុំគិតថាល្អណាស់»។
ទោះជាយ៉ាងណាអ្នកស្រី ឆាយ៉ាវី សុំមិនឆ្លើយចំពោះផលចំណេញ ឬក៏ខាតទាក់ទងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ឡើយ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺក្រុមប្រឹក្សាឃ្លាំមើល គឺចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍ខេត្តទាំងនោះដោយខ្លួនឯង និងមិនគាំទ្រឱ្យរាជរដ្ឋាភិបាលយកខេត្តរបស់ខ្លួនដាក់បញ្ជូលជាមួយប្រទេសជិតខាង ដើម្បីអភិវឌ្ឍន៍នោះទេ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ៖ «ចំពោះខ្ញុំការបារម្ភ ខ្ញុំមិនអាចនិយាយការបារម្ភស្អីនោះទេ ប៉ុន្តែខ្ញុំចង់ឃើញស្រុកខ្មែរធ្វើអីជាខ្លួនឯង និងមិនមែនជាខ្ញុំកញ្ចះគេគ្រប់កន្លែង។ អញ្ចឹងអភិវឌ្ឍន៍ស្រុកខ្មែរឈប់ឱ្យពលករស្រុកខ្មែរឈប់ធ្វើការនៅស្រុកគេទៅ មកធ្វើការនៅស្រុកខ្មែរឯងទៅ ខ្ញុំគិតថាគ្រួសាររស់នៅសុខដុមរមនាគ្នាល្អជាង»។
ដោយឡែក លោក មាស នី អ្នកវិភាគបញ្ហាសង្គម និយាយដែរថា ក្នុងករណីដែលប្រទេសកម្ពុជា មិនសូវមានថវិកាអភិវឌ្ឍន៍ អាចចូលរួមជាមួយប្រទេសផ្សេង ដើម្បីរកទុនរួមគ្នាពីអង្គការអន្តរជាតិ និងធនាគារពិភពលោកផងដែរ។ ប៉ុន្តែប្រសិនជាកម្ពុជា មានលុយគ្រប់គ្រាន់ហើយ លោកថា កម្ពុជាគួរតែធ្វើការអភិវឌ្ឍន៍ដោយខ្លួនឯងទើបប្រសើរជាង ពីព្រោះបើប្រៀបធៀបទៅនឹងតំបន់កន្ទុយនាគ នៅប៉ែកខាងប្រទេសវៀតណាម ខេត្តរបស់ខ្លួនដែលចូលរួមជាមួយកម្ពុជា ឡាវ គឺប្រទេសរៀតណាម បានអភិវឌ្ឍន៍ខេត្តទាំងនោះរួចរាល់ហើយ មិនដូចកម្ពុជា និងឡាវទេ ខេត្តដែលចូលរួមមិនទាន់មានការអភិវឌ្ឍន៍។
លោក មាស នី ៖ «ការអភិវឌ្ឍរួមគ្នានេះ ខ្ញុំមិនប្រឆាំងទេក៏ប៉ុន្តែបើផ្អែកទៅលើទិដ្ឋភាពបច្ចុប្បន្នដែលខ្មែរយើងច្រើនតែជាអ្នកធ្វើបុណ្យដែលអនុញ្ញាតឱ្យពលរដ្ឋគេចូលឆ្លងកាត់ព្រំដែនមកច្រើនតែជាអ្នកធូររលុងជាងយើងទៅស្រុកគេ យើងមិនចាំបាច់មើលកន្ទុយនាគទេ យើងចាំមើលតែព្រំប្រទល់វៀតណាម ហើយខ្មែរយើងបច្ចុប្បន្ននៅខេត្តព្រៃវែង ស្វាយរៀង តាកែវ និងកំពតអីហ្នឹង គឺពលរដ្ឋវៀតណាមចេញចូលមកស្រុកយើងបានជ្រៅមកក្នុងបានធូរជាងយើងទៅវៀតណាម រហូតដល់គេជិះកង់មកទាំងវ៉ូងទៀតក៏គេជិះបានដែរ។ អញ្ចឹងអាត្រង់ហ្នឹងជាកត្តាមួយដែលឆ្លុះបញ្ចាំងថាចុះប្រសិនជាកន្ទុយនាគធ្វើការអភិវឌ្ឍន៍រួមគ្នា វាអាចមានភាពធូររលុងជាងនេះទៅទៀត អញ្ចឹងប្រទេសកម្ពុជាយើងជាអ្នកដែលរងគ្រោះ និងអាចមានការកើនឡើងការតាំងទីលំនៅរបស់ពលរដ្ឋវៀតណាមនៅក្នុងខេត្តទាំង៤ហ្នឹង ប្រសិនបើយើងធ្វើការគ្រប់គ្រងអធិបតេយ្យភាពរបស់យើងអត់បាន»។
ជុំវិញការស្នើនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់រួចមកហើយអំពីគម្រោង CLV នេះថា កម្ពុជាចូលរួម គឺមិនមានការបាត់បង់ទឹកដីនោះទេ ហើយគម្រោងនេះ អភិវឌ្ឍន៍ឡើងដើម្បីភាពរីកចម្រើនទាំងកម្ពុជា និងប្រទេសដែលចូលរួម។ ម្យ៉ាងវិញទៀតនៅក្នុងពិភពលោក លោកថា មិនមានប្រទេសណាដែលមានភាពរីកចម្រើនតែឯងនោះទេ ដូច្នេះត្រូវមានកិច្ចសហការគ្នាទាំងក្របខ័ណ្ឌតូច មធ្យម ឬក៏ក្របខ័ណ្ឌធំ ដើម្បីធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ជាពិសេសទៅលើផ្នែកសេដ្ឋកិច្ច។
លោក ប៉ែន បូណា ៖ «អញ្ចឹងអត់មានទេការព្រួយបារម្ភរឿងបាត់បង់ទឹកដី អត់មានទេបាទ បញ្ជាក់ឱ្យច្បាស់កន្លែងហ្នឹង រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នកធានា ការពារគ្រប់បែបយ៉ាង ធានាសន្តិភាព ស្ថិរភាពនយោបាយ ធានាការអភិវឌ្ឍន៍ និងធានាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ នេះត្រង់នេះឱ្យច្បាស់ ហើយឃើញទេការអភិវឌ្ឍន៍របស់កម្ពុជាយើងឥលូវនេះ ដែលមានព្រមប្រៀបរីកដូចផ្សិតនេះ ដោយសារអី ដោយសារគោលនយោបាយដឹកនាំដែលដើរស្របនឹងនិន្នាការពិភពលោក មានន័យថាជាពិភពលោកដែលត្រូវការកិច្ចសហការគ្នា ដើម្បីរីកចម្រើនទាំងអស់គ្នា។ អញ្ចឹងហើយបានជារាជរដ្ឋាភិបាលគិតគូរគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេស សុំឱ្យអ្នកនិយាយទាំងឡាយហ្នឹងយល់បាទ!»។
ជុំវិញភាពចម្រូងចម្រាសនៃគម្រោង CLV នេះ មានសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលទាក់ទងនឹងសកម្មភាពរបស់សកម្មជនទាំងនោះ បានចេញវីដេអូផ្សព្វផ្សាយនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិ រួមនិងដំណោះស្រាយនៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV)នេះ៕
អត្ថបទដោយ កញ្ញា ជា សុខនី