
អាជ្ញាធរអប្សរា អះអាងថា ដើមឈើមួយដើមដែលបានដកហូតនៅក្លោងទ្វារទន្លេអុំ ជាដើមឈើពុកផុយ និងមានប្រហោងក្នុង ដូច្នេះការដកហូតនេះជាវិធីសាស្ត្រមួយដើម្បីទប់ស្កាត់គ្រោះថ្នាក់លើអ្នកដំណើរឆ្លងកាត់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តែយ៉ាងណាអ្នកអភិរក្សព្រៃឈើ ចង់ឱ្យអាជ្ញាធរជាតិអប្សរា រៀបចំបញ្ជីកំណត់អត្តសញ្ញាណដើមឈើទាំងនោះឱ្យបានត្រឹមត្រូវ និងពិនិត្យជាប្រចាំពីអ្នកជំនាញ ចៀសវាងការដកហូតដែលធ្វើឱ្យបាត់បង់ដើមឈើធំៗនៅតំបន់អង្គរ ខណៈដើមឈើទាំងនោះមានអាយុកាលរាប់រយឆ្នាំហើយ។ កញ្ញា កែវ សុជាតា រាយការណ៍
ការអនុវត្តរបស់អាជ្ញាធរអប្សរា លើការដកហូតដើមឈើនេះ ត្រូវបានប្រជាពលរដ្ឋដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញមតិរិះគន់ថា អាជ្ញាធរជាតិអប្សរាមិនបានជួយអភិរក្សធនធានធម្មជាតិនៅតំបន់អង្គរនោះទេ ហើយអ្នករិះគន់ទាំងនោះ ចង់ឱ្យអាជ្ញាធរជាតិអប្សរា គួរតែមានវិធានការផ្សេងបញ្ជៀសការកាប់ដើមឈើនោះចេញពីតំបន់អង្គរ។
គណនីហ្វេសប៊ុកឈ្មោះ «អចលនទ្រព្យហេងហេង» បានបញ្ចេញមតិថា «ក្រុមនេះបានលេសប៉ុណ្ណឹង ហើយកាប់ឈើទាល់តែខ្ទេចខ្ទីយកទៅធ្វើជាផលប្រយោជន៍របស់ខ្លួន»។
រីឯគណនីមួយទៀត ឈ្មោះ «Ly Soheng» បានបញ្ចេញមតិដែរថា «ខ្ញុំមានការសោកស្ដាយ ដែលបានឃើញអាជ្ញាធរជាតិអប្សរា បានដកហូតដើមឈើធំៗ និងសំណូមពរឱ្យអាជ្ញាធរត្រូវមានវិធានការផ្សេង ចៀសវាងការកាប់ ពីព្រោះដើមឈើទាំងនោះ មានអាយុកាលរាប់រយឆ្នាំ និងបានជួយបង្កើនសម្រស់ប្រាសាទបុរាណ»។

ជាការឆ្លើយតបទៅនឹងការរិះគន់នេះ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី៣១ ខែកក្កដាថា ដើមឈើដែលអាជ្ញាធរអប្សរាបានដកហូតនៅម្ដុំក្លោងទារទន្លេអុំ គឺជាប្រភេទដើមឈើទាលមានកម្ពស់ប្រមាណ ៣០ម៉ែត្រ។ លោកថាឈើនេះមានសភាពប្រហោងក្នុង និងពុកគល់ ដូច្នេះស្ថានភាពនេះអាចបង្កហានិភ័យ និងប៉ះពាល់ដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅតំបន់នោះ។
លោកបន្តទៀតថា មុននឹងដកហូតដើមឈើមួយៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា មិនមែនចេះតែដកហូតតាមចិត្តនោះទេ គឺក្រុមមន្រ្តីជំនាញ បានចុះទៅពិនិត្យវាយតម្លៃត្រឹមត្រូវ។
លោក ឡុង កុសល ៖ «ជាវិធីសាស្ត្រក្នុងការរក្សាដើមឈើ ហើយយើងធ្វើឱ្យដើមឈើមានសមតុល្យរវាងគ្នានិងគ្នាហ្នឹង កន្លងមកយើងបានធ្វើការកាត់ក្រីមែកឈើ ហើយដើមឈើហ្នឹងយើងបានកាត់ក្រីមែកឈើរួចម្ដងមកហើយ បានន័យថាអាមែកណាដែលធ្វើឱ្យដើមឈើវាផ្អៀងមួយចំហៀង ឬក៏យោកទៅមួយចំហៀងនោះ យើងបានកាត់អាមែកហ្នឹងចេញ ក៏ប៉ុន្តែយើងមានការព្រួយបារម្ភ ខ្លាចក្រែងតែពេលណាមួយខ្យល់វាខ្លាំងភ្លៀងវាមកអីទៅវាមានបញ្ហាមកថាតើយើងត្រូវដោះស្រាយយ៉ាងមិច?។ អញ្ចឹងហើយបានជាយើងអត់មានជម្រើស យើងបង្ខំចិត្តក្នុងការដកហូតដើមឈើហ្នឹង»។
សម្រាប់ការដកហូតដើមឈើមួយដើមនេះ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ក៏មានការសោកស្ដាយដែរ ប៉ុន្តែស្របនឹងការសោកស្ដាយនេះ អាជ្ញាធរជាតិអប្សរា បានខិតខំព្យាយាមស្ដារទិដ្ឋភាពព្រៃឈើឡើងវិញនៅតំបន់រមណីយដ្ឋានអង្គរ ដែលបានបាត់បង់កន្លងមក។
លោក ឡុង កុសល ៖ «អាជ្ញាធរអប្សរាយើងមិនបានចង់ទៅធ្វើកើតមានផលប៉ះពាល់ណាមួយទៅដល់ដើមឈើនោះទេ យើងចង់រក្សាដើមឈើនោះទុកអញ្ចឹងណា ពីព្រោះយើងដឹងហើយដើមឈើគឺជាផ្នែកមួយសំខាន់នៅក្នុងរមណីយដ្ឋានអង្គរ។ អញ្ចឹងហើយបានជាយើងតាំងពីឆ្នាំ២០០៤ រហូតមកដល់ឥលូវ យើងដាំកូនឈើថ្មីឡើងវិញ បានប្រហែល ២លានដើមហើយ ក្រៅតែពីហ្នឹងទៅទៀត យើងឃើញហើយនៅមុខតំបន់អង្គរទាំងមូលសុទ្ធតែជាដើមឈើដែលយើងដាំថ្មីៗឡើងវិញមួយគំនរ ច្រើនណាស់»។
ជុំវិញរឿងនេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានឱ្យដឹងដែរថា មុននឹងកាប់ដើមឈើមួយដើម អាជ្ញាធរជាតិអប្សរា គួរតែធ្វើការជាមួយមន្ត្រីជំនាញប្រជាសាស្ត្រព្រៃឈើ និងមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការសិក្សា និងត្រូវត្រួតពិនិត្យជាប្រចាំទៅលើដើមឈើណាដែលមានស្ថានភាពផុយស្រួយ ឬដើមឈើណាដែលអាចបង្កជាលក្ខណៈគ្រោះថ្នាក់។ ដូច្នេះនៅពេលមានការត្រួតពិនិត្យបច្ចេកទេសទាំងនោះត្រឹមត្រូវ ហើយនិងមានការរៀបចំបញ្ជីសម្រាប់កំណត់អត្តសញ្ញាណដើមឈើប្រភេទណាដែលមានហានិភ័យមុននឹងសម្រេចធ្វើការដកហូតដើមឈើដែលបង្កគ្រោះថ្នាក់នោះចេញពីតំបន់អង្គរ។
លោក ហេង គឹមហុង ៖ «ដើមឈើមួយដើមៗ វាសំខាន់ តែវារឹតតែសំខាន់ជាងនេះទៅទៀតនោះគឺ ដើមឈើនេះវាមានអាយុកាលយូរលង់ណាស់មកហើយ ហើយបានផ្សារខ្លួនភ្ជាប់ជាមួយនឹងបេតិកភណ្ឌវប្បធម៌ ធម្មជាតិ វាធ្វើឱ្យភាពបុរាណ ភាពល្បីល្បាញសំណង់ប្រាសាទនៅតំបន់នោះ មិនត្រឹមតែជាភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្ម វត្ថុសិល្បៈបុរាណអីនោះទេ វាបានបូកបញ្ជូលជាមួយហ្នឹងភាពស្រស់ស្អាតនៃជីវៈចម្រុះ មានដើមឈើ មានប្រាសាទមានអីហ្នឹង។ អញ្ចឹងខ្ញុំនៅតែចង់ឱ្យអ្នកជំនាញ មេត្តាគិតពិចារណា និងដកឃ្លាបន្ដិច ផ្អាកការកាប់ដើមឈើផ្សេងៗ ហើយធ្វើលក្ខណៈវិនិច្ឆ័យ និងបញ្ជីសារពើភណ្ឌឡើងវិញជាមុនសិន មិននឹងឈានដល់កាប់បំផ្លាញ ដើម្បីចៀសវាងកុំឱ្យមានការដកឈើទាំងអស់ពេក ឬក៏វិនិច្ឆ័យដែលមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់»។
សូមជម្រាប់ជូនថា មុនអាជ្ញាធរជាតិអប្សរា ធ្វើការដកហូតដើមឈើមួយដើមនេះ ថ្មីៗនេះ នៅច្រកក្លោងទារទន្លេអុំ មានឧបទ្ទវហេតុដួលរលំដើមឈើធំមួយដើម ដែលបណ្ដាលឱ្យអ្នកបើកបរដឹកអ្នកដំណើរម្នាក់ ត្រូវបាត់បង់អាយុជីវិត។ ក្រោយឧបទ្ទវហេតុនេះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមឱ្យក្រុមអ្នកជំនាញត្រួតពិនិត្យដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ នឹងបានដកហូតដើមឈើដែលមានស្ថានភាពពុកផុយជាបន្តបន្ទាប់ផងដែរ៕
អត្ថបទដោយ៖ ជា សុខនី