ប្រភពរូប៖អង្គការHelen Keller
ភ្នំពេញ៖ ព័ត៌មានក្លែងក្លាយនៅតែជាបញ្ហាទូទៅនៅក្នុងសង្គម ខណៈអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយអះអាងថា មេរៀនទាក់ទងសារព័ត៌មានទិន្នន័យ គឺជាចំណេះដឹងមួយអាចជួយអ្នកសារព័ត៌មានក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតលើព័ត៌មានដែលចង់ផ្ទៀងផ្ទាត់នោះ។ អ្វីជាពិសេស តួនាទីអ្នកសារព័ត៌មានអាចផ្តល់ព័ត៌មានកាន់តែជាក់លាក់ ច្បាស់លាស់ថែមទៀតដោយផ្អែកទៅលើភស្តុតាងទិន្នន័យនេះ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
នៅក្នុងវគ្គបណ្តុះបណ្តាលវិធីសាស្ត្រចងក្រងព័ត៌មានទិន្នន័យដល់អ្នកសារព័ត៌មានមួយចំនួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក គុណ ចិន្តា គ្រូបង្គោលផ្នែកសារព័ត៌មានទិន្ន័យ និង ទីប្រឹក្សាជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា វិស័យសារព័ត៌មានទិន្នន័យ គឺពឹងផ្អែកព័ត៌មានដែលផ្ទៀតផ្ទាត់ និងមានគោលបំណងដើម្បីជួយធានាថា ទិន្នន័យមានភាពត្រឹមត្រូវ ជាក់លាក់ និងគុណភាពព័ត៌មានដែលបានបង្ហាញ ផ្អែកលើរឿងរ៉ាវទិន្នន័យ។ មួយវិញទៀត ចំណេះដឹងទាក់ទងសារព័ត៌មានទិន្នន័យ ក៏អាចធ្វើឱ្យអ្នកសារព័ត៌មានកាត់បន្ថយនូវភាពលម្អៀងនៅក្នុងអត្ថបទរាយការណ៍ និងឈានទៅរកការរាយការណ៍ដែលមានការពិត និងផ្អែកទៅលើភស្តុតាងបន្ថែមទៀត។
លោក គុណ ចិន្តា៖ «អ្នកសារព័ត៌មានទិន្នន័យដែលមានជំនាញទិន្នន័យ អាចឆ្លងកាត់ការត្រួតពិនិត្យប្រភពដោយប្រុងប្រយ័ត្ន ផ្ទៀងផ្ទាត់ នូវអំណះអំណាង និងធានាថាការរាយការណ៍គឺការពិតដែលនាំឱ្យមានភាពជឿជាក់ និងផ្តល់ទំនុកចិត្ដដល់ទស្សនិកជនរបស់ពួកគាត់»។
លោកគុណ ចិន្តា គ្រូបង្គោលផ្នែកសារព័ត៌មានទិន្នន័យ
ស្របពេលនៃបច្ចុប្បន្នសម័យឌីជីថល អ៊ិនធើណិត កាន់តែកកើតមានព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាទូទៅនៅក្នុងសង្គមនោះ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងបន្ថែមថា សារព័ត៌មានទិន្នន័យជួយដល់អ្នកសារព័ត៌មានឱ្យចេះសម្របខ្លួនទៅនឹងប្រព័ន្ធផ្សព្វផ្សយបែបទំនើប។
លោក គុណ ចិន្តា ៖ «សារព័ត៌មានទិន្នន័យគឺជួយដល់អ្នកកាសែតចេះសម្របសម្រួលខ្លួនទៅនឹងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល យើងអាចនិយាយបានថា ដោយសារសម័យនេះគឺអ្វីៗឌីជីថល អ្វីៗគឺអ៊ិនធើណឺតអ៊ីចឹងព័ត៌មានទិន្នន័យជួយបង្កើនជំនាញដល់គាត់ដែរ ជាពិសេសគាត់ចេះធ្វើការងារទស្សនីយកម្មទិន្នន័យ (Data visualization)ដែលមានមុខងារអន្តរកម្ម គឺការប្របាច់បញ្ចូលគ្នារបៀបរាយការណ៍បែបប្រពៃណី មានន័យថាជួយបង្កើនគុណភាពអត្ថបទ ឱ្យមានគុណភាពកាន់តែខ្លាំង»។
លោក គុណ ចិន្តា ក៏បានលើកឡើងអំពីសារៈប្រយោជន៍នៃការផ្តល់ព័ត៌មានបែបទិន្នន័យនោះ គឺដើម្បីបម្រើផលប្រយោជន៍សាធារណជន មានន័យថា នៅពេលដែលសាធារណជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះ ធ្វើឱ្យការសម្រេចចិត្តបានត្រឹមត្រូវ ជាពិសេស សម្រាប់អ្នកធ្វើគោលនយោបាយជាតិគឺទិន្នន័យនេះសំខាន់ណាស់ក្នុងការធ្វើគោលនយោបាយ និងធ្វើផែនទីដើម្បីដឹកនាំប្រទេសជាដើម។
លោក គុណ ចិន្តា៖«ដូចគ្នាដែរ បេសកម្មរបស់អ្នកសារព័ត៌មានធ្វើយ៉ាងណាយកព័ត៌មាន ចែករំលែកផ្សព្វផ្សាយទៅដល់ទស្សនិកជន ឬជនគោលដៅ តួនាទី ឬសារៈសំខាន់នៃរាយការណ៍ដោយប្រើប្រាស់ទិន្នន័យ ចុងក្រោយគឺមានបេសកម្មមួយសំខាន់គឺផ្តល់ជាភស្តុតាងឱ្យមានការសម្រេចចិត្តត្រឹមត្រូវ»។
អ្នកស្រី ថា ចាន់ធី អ្នកយកព័ត៌មានវិទ្យុវាយោ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលព័ត៌មានទិន្នន័យបានចាប់អារម្មណ៍ថា អ្នកស្រីចេះពីរបៀបនៃការទាញយកឯកសារជាលេខពី ឯកសារទម្រង់ PDF មកជាឯកសារទម្រង់ធម្មតា និងអាចដាក់ជារចនារូបភាព ម្យ៉ាងទៀតអាចទាញយកឯកសារត្រឹមត្រូវពីស្ថាប័នដែលអាចទុកចិត្តបានមកធ្វើជាប្រភពព័ត៌មាន។
អ្នកស្រី ថា ចាន់ធី អ្នកសារព័ត៌មានវាយោ
អ្នកស្រី ថា ចាន់ធី៖ « ខ្ញុំគិតថាសារព័ត៌មានទិន្នន័យនេះ វាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ព្រោះនៅពេលដែលយើងចេះទាក់ទងនឹងសារព័ត៌មានទិន្នន័យ នេះគឺអាចទាញឯកសារមកប្រើដោយមិនចំាបាច់សរសេរវាឡើងវិញក៏ចំណាយពេលផ្ទៀងផ្ទាត់តែបន្តិចបន្តួចលើតួលេខ ដែលយើងយកមកប៉ុណ្ណោះ»។
សម្រាប់អ្នកស្រី សែម ពិសី អ្នកសារព័ត៌មានFreelancer ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដែរ បានឱ្យដឹងថា ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែអ្នកស្រីពិតជាត្រេកអរក្នុងការទទួលបានវគ្គបណ្តុះបណ្តាលនេះដោយសារតែវិស័យព័ត៌មានពិតជាមានសារៈសំខាន់ ដែលអ្នកសារព័ត៌មានគួរតែសរសេររំលេចអំពីរបាយការណ៍ ក៏ដូចជាទិន្នន័យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀតដាក់បញ្ចូលទៅក្នុងអត្ថបទ មិនថាជាបទយកការណ៍ ព័ត៌មានProfile ឬក៏ព៏ត៌មានទូទៅទេ គួរតែមានបញ្ជូលទិន្នន័យ របាយការណ៍បន្ថែម ដែលវាធ្វើឱ្យព័ត៌មាននោះកាន់តែស៊ីជម្រៅ ច្បាស់លាស់ ហើយមានភាពទំនុកចិត្តដល់អ្នកស្តាប់ អ្នកមើល ក៏ដូចជាអ្នកអានបន្ថែមទៀត៕
ប្រភពរូប Helen Keller