en     km
en     km

អាជ្ញាធរក្រុងកំពង់ចាម​រៀបចំបណ្ណាល័យលើសួនស្មៅក្រោមស្ពានគីហ្សូណា​ទាក់ចិត្តយុវជនឱ្យអានសៀវភៅ

Share

កំពង់ចាម​៖ សួនស្មៅក្រោមស្ពានគីហ្សូណាទីរួមខេត្តកំពង់ចាម នឹងប្រែក្លាយជាសួននៃចំណេះដឹង ដ្បិតអំណឹះទៅទីនោះអាជ្ញាធរក្រុងកំពង់ចាមបាននិងកំពុងរៀបចំជាបណ្ណាល័យសាធារណៈ ដើម្បីទាក់ទាញយុវជនឱ្យមកអង្គុយអានសៀវភៅ កាត់បន្ថយការលេងទូរស័ព្ទឥតប្រយោជន៍ឱ្យបានច្រើន។ ការរៀប ចំនេះ ធ្វើឡើងបន្ទាប់ពីអភិបាលក្រុងកំពង់ចាមកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅបានចុះទៅពិនិត្យនិងរៀបចំផ្ទាល់នៅទីតាំងនោះ។

សកម្មភាពយុវជនក្នុងក្រុងមកអង្គុយអានសៀវភៅនៅសួនស្មៅក្រុងកំពង់ចាម។រូបភាព ឡេក​ ចាន់ពេជ្រ។

ជាផ្នែកមួយនៃការបណ្តុះស្មារតីដល់យុវជនឱ្យបង្កើនការអានសៀវភៅកាន់តែច្រើន រដ្ឋបាលសាលាក្រុងកំពង់ចាម បាននិងកំពុងរៀបចំឱ្យមានវឌ្ឍនភាពនៅទីតាំងសួនស្មៅក្រោមស្ពានគីហ្សូណា ឱ្យមានប្រណិតភាពបង្កបរិយាកាសងាយស្រួលដល់យុវជនក្នុងការអានសៀវភៅកាន់តែច្រើន ឈានទៅបោះបង់ចោលទម្លាប់កាន់តែទូរស័ព្ទលេងច្រើនជាងការសិក្សា។

សិស្សានុសិស្សនាំគ្នាមកអានសៀវភៅលេងនៅក្រោមស្ពានគីហ្សូណាបន្ទាប់ពីអាជ្ញាធរបានរៀបចំទីតាំងអានសៀវភៅ។រូបភាព ឡេក​ ចាន់ពេជ្រ។

នេះជាប្រសាសន៍លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមក្នុងឱ្យការចុះទៅពិនិត្យនិងរៀបចំទីតាំងក្រោមស្ពានគីហ្សូណាកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។ លោកអភិបាលក្រុងកំពង់ចាមថ្លែងបន្ថែមថា ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យយុវជនសិស្សសាលាចេះស្រឡាញ់ការអានសៀវភៅ ដែលអាចបណ្តុះពង្រឹងសតិបញ្ញាស្មារតីកាន់តែល្អប្រសើរផងដែរ។

អាជ្ញាធរក្រុងកំពង់ចាមចុះរៀបចំទីតាំងក្រោមស្ពានគីហ្សូណានិងចុះសំណេះសំណាលជាមួយយុវជនពីសារៈសំខាន់នៃការអានសៀវភៅ។រូបភាព ឡេក​ ចាន់ពេជ្រ។

ទន្ទឹមគ្នានេះដែរ​ លោកអភិបាលក្រុងកំពង់ចាម​ ចង់បន្ថែមជម្រើសដល់អ្នកមកហាត់ប្រាណនៅតាមមាត់ទន្លេឬអ្នកមកកម្សាន្តស្រូបយកខ្យល់អាកាសតាមមាត់ទន្លេ អាចចូលមកអានសៀវភៅក្រោមស្ពានគីហ្សូណាបន្ថែមបាន។

ជាការរៀបចំដំបូង គេសង្កេតឃើញពុំទាន់មានសៀវភៅដាក់តាំងនៅទីតាំងក្រោមស្ពាននៅឡើយទេ តែអ្នកមកអង្គុយអានអាចយកសៀវភៅខ្លួនឯង មកអាននៅទីតាំងសួនស្មៅក្រោមស្ពានបាន។

អាជ្ញាធរក្រុងកំពង់ចាមចុះរៀបចំទីតាំងក្រោមស្ពានគីហ្សូណានិងចុះសំណេះសំណាលជាមួយយុវជនពីសារៈសំខាន់នៃការអានសៀវភៅ។រូបភាព ឡេក​ ចាន់ពេជ្រ។

សម្រាប់ការតាំងបណ្ណាល័យចល័តតាមទីសាធារណៈបែបនេះ កន្លងទៅនៅទីរួមខេត្តកំពង់ចាមក៏មានក្រុមយុវជនមួយក្រុមមានឈ្មោះថា អំណានតស់អាន បានរៀបចំសៀវភៅជាច្រើននៅសួនមាត់ទន្លេក្បែរស្លាកឈ្មោះខេត្តកំពង់ចាមផងដែរ។

ស្ថាបនិកអំណាន«តស់អា​ន»យុវជន ថេង ធី ប្រាប់វិទ្យុស្រ្តីដោយសម្តែងក្តីរីករាយខណៈបានទទួលព័ត៌មានពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុងលើការរៀបចំកន្លែងជាក់លាក់ មានបរិយាកាសល្អ ដល់យុវជនអាចអានសៀវភៅបាន។ លោកបន្ថែមដោយរំពឹងថា ការរៀបចំរបស់អាជ្ញាធរក្រុងនឹងអាចមានសៀវភៅច្រើនជាងក្រុមរបស់ខ្លួន ហើយបើសិនជាអាជ្ញាធរអនុញ្ញាតនោះ នោះក្រុមយុវជនអាចចូលរួមដាក់តាំងសៀវភៅនៅទីនោះបន្ថែម ជាការចូលរួមបង្កើនឱ្យមានសៀវភៅកាន់តែច្រើននិងសម្បូរបែប។

ក្នុងឱកាសដែលអាជ្ញាធរបានអន្តរាគមន៍រៀបចំជាកន្លែងអានសៀវភៅដល់ល្អសម្រាប់ប្រជាជនក្នុងខេត្តបែបនេះ លោក ថេង ធី ចង់សូមអំពាវនាវដល់សាធារណជនទាំងអស់ជួយបរិច្ចាគសៀវភៅដែលអានរួច ផ្តល់ជូនក្រុមការងារអំណានតស់អាន ដើម្បីឱ្យក្រុមយុវជនអាចលទ្ធភាពពង្រឹងចំនួនសៀវភៅបានកាន់តែច្រើន។

យុវជន ថេង ធី ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ជាអ្នកផ្តើមគំនិតបង្កើតវេទិកាអំណាន «តស់អាន»នេះឡើង ដោយមានសមាជិក ៣ រូបផ្សេងទៀតចូលរួម។រូបភាព ឡេក​ ចាន់ពេជ្រ។

ជុំវិញរឿងនេះយុវជន​សិស្ស​ ឌី​ រ៉ែន​ រៀននៅថ្នាក់ទី១០​ នៃវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម​ លើកឡើងថា​ ការរៀបចំទីតាំងអានសៀវភៅនេះពិតជាល្អប្រសើរណាស់ ដ្បិតជួយពញ្ញាក់ស្មារតីយុវជនងាកចេញពីការមើលតែទូរស័ព្ទស្ទើរគ្រប់ពេល។ យុវជនរូបនេះបន្ថែមថា បើសិនជាយុវជនបណ្តុះទម្លាប់អានសៀវភៅនោះ ពួកគេអាចយល់ដឹងពីគុណប្រយោជន៍នៃការអាននិងអាចអភិវឌ្ឍន៍ខ្លួនបានកាន់តែប្រសើរទៅថ្ងៃខាងមុខ។

តាមផែនការបង្កើតកម្មវិធីអានសៀវភៅនេះ​ និងបណ្ណល័យនៅទីសាធារណៈនេះ​ អាជ្ញាធរ​ក្រុងកំពង់ចាមបញ្ជាក់ថា​ នឹងរៀបចំឲ្យមានរៀងរាល់ចុងសប្តាហ៍​ និងជំរុញឲ្យសិស្សសាលាតាមសាលានានាក្នុងក្រុងកំពង់ចាមអាចមកអានសៀវភៅឲ្យបានច្រើន៕

អត្ថបទខ្លីសរសេរដោយ  ​ឡេក​ ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង