កំពង់ធំ៖ ក្រោយពីទទួលបានព័ត៌មានពីកសិករគឺកាលពីរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលទើបមកកាន់តំណែងថ្មី បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នានារបស់ប្រជាកសិករដោយសារជំនន់ទឹកភ្លៀងស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីជំនន់ទឹកស្ទឹងសែន ហក់ឡើងយ៉ាងគំហុក។
លោកអភិបាលខេត្តកំពង់ធំដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យផលខូចខាតដំណាំស្រូវដើម្បីស្រង់ចំនួនជាក់លាក់។រូបភាពពី ថៃ សុធា។
ក្រោយពិនិត្យស្ថានភាពជាក់ស្តែង លោកអភិបាលខេត្តមើលឃើញថាកសិករមួយចំនួនកំពុងច្រូតកាត់ស្រូវ ដែលត្រូវទឹកជន់លិចជាច្រើនហិកតា ហើយស្រូវស្រែជាច្រើនហិកតាទៀតក៏កំពុងតែប្រឈមនឹងការខាតបង់ ។
លោកអភិបាលខេត្តកំពង់ធំដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យផលខូចខាតដំណាំស្រូវឃើញកសិករកំពុងច្រូតស្រូវលិចក្នុងទឹក។រូបភាពពី ថៃ សុធា។
ចំពោះមុខបញ្ហានេះលោក នួន ផារ័ត្ន សម្ដែងការសោកស្តាយជាខ្លាំងដែលស្រូវរបស់ប្រជាកសិករទទួលរងការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់បើធៀបនឹងឆ្នាំមុន។ ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តបាន ណែនាំដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិ សម្រាប់កសិករដែលទទួលរងការលិចលង់ខូចខាតដំណាំស្រូវទាំងស្រុង អំឡុងពេលទឹកជំនន់នេះបានបញ្ចប់។
ការស្រង់សិត្ថិនេះ ដើម្បីអាជ្ញាធរខេត្តធ្វើគម្រោងសំណើស្នើសុំស្រូវពូជពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ត្រៀមចែកជូនប្រជាកសិករ បង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកស្រក។ តែចំពោះមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការរៀបចំជាស្បៀងអាហារសម្រាប់ចែកជូននាពេលឆាប់នេះផងដែរ។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលទើបមកកាន់តំណែងថ្មីជាអភិបាលខេត្ត។រូបភាពពី ថៃ សុធា។
ពាក់ព័ន្ធជុំវិញករណីនេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ដល់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ថា ស្ថានភាពផលប៉ះពាល់ និង លិចលង់ខូចខាត ដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវមានដូចជា ស្រូវស្រាលដើមរដូវលិចលើផ្ទៃដីសរុបចំនួន ៣៣៦ ហិកតា ស្ថិតក្នុងស្រុកចំនួន០៣ មានចំនួន០៦ឃុំ និង១៤ភូមិ ស្មើ២៥៩គ្រួសារ។ ក្នុងនោះផងដែរខូចខាតស្រូវដំណាក់កាលទុំជិតប្រមូលចំនួន ៨៨ ហិកតា។
ទិដ្ឋភាពស្រូវស្រែរបស់កសិករក្នុងខេត្តកំពង់ធំត្រូវជនលិច។រូបភាពពី ថៃ សុធា។
ក្នុងនោះមានស្រុកកំពង់ស្វាយ ចំនួន០៣ឃុំ គឺឃុំក្តីដូង កំពង់គោ ព្រៃគុយ សរុបចំនួន ៩ភូមិ ស្មើនឹង ២២៦ គ្រួសារ ផ្ទៃដីផលប៉ះពាល់ចំនួន២៩៧ហិកតា។ ខូចខាតស្រូវដំណាក់កាលទុំ ជិតប្រមូលចំនួន ៨៨ ហិកតា។ទី២គឺស្រុកប្រាសាទសំបូរ ឃុំឈូក ចំនួន ០២ ភូមិ ស្មើ ១៥គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន២០ ហិកតា។ហើយទី៣ គឺក្រុងស្ទឹងសែន ចំនួន ០២ សង្កាត់ គឺសង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរកន្ធរ មានសរុបចំនួន ០៣ ភូមិ ស្មើនឹង១៨គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន១៩ ហិកតា។
លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបន្ថែមថា ទំហំផលប៉ះពាល់ និងការខូចខាតដំណាំស្រូវកាន់តែកើនឡើង ប្រសិនបើជំនន់ទឹកភ្លៀងនេះនៅតែបន្តរជន់ឡើង៕
អត្ថបទខ្លីសរសេរដោយ ថៃ សុធា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។