en     km
en     km

មន្រ្តីសមាគម IDEA ខេត្តស្វាយរៀងត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការទាក់ទងករណីបង្កើតសមាគម

Share

លោក ជា ចាន់ថា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាពពីអ្នកស្រី ឡេង ចន្ធី ភរិយារបស់លោក។

ថ្នាក់ដឹកនាំមូលដ្ឋានម្នាក់របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង លោក ជា ចាន់ថា ត្រូវសមត្ថកិច្ចសង្កាត់បាវិតចាប់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ខណៈលោកចុះទៅផ្សព្វផ្សាយព័ត៌មានពីប័ណ្ណ ប.ស.ស ដល់អាជីវករ។ ក៏ប៉ុន្តែការចាប់ខ្លួននេះ សមត្ថកិច្ចសង្កាត់បាវិតអះអាងថា ការចុះផ្សព្វផ្សាយនេះមិនពាក់ព័ន្ធប័ណ្ណ ប.ស.ស នោះទេ តែជាការផ្សព្វផ្សាយបង្កើតសមាគមដោយមិនបានជូនដំណឹងជាមុន។ ទោះជាយ៉ាណាមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តស្វាយរៀង ចាត់ទុកការចាប់ខ្លួននេះ ជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពនៃការជួបជុំ។ កញ្ញា ជា សុខនី រាយការណ៍

 

 

អ្នកស្រី ឡេង ចន្ធី ជាភរិយារបស់លោក ជា ចាន់ថា ប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១៨ ខែកក្កដាថា ស្វាមីរបស់អ្នកស្រី ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតចាប់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ហើយបានបញ្ជូនខ្លួនបន្តទៅស្នងការខេត្តស្វាយរៀង។ អ្នកស្រីបញ្ជាក់ថា ឥលូវនេះមេធាវី និងអ្នកស្រី បានចូលទៅជួបលោក ជា ចាន់ថា ដែលកំពុងឃុំខ្លួននៅស្នងការខេត្តស្វាយរៀង ខណៈស្នងការគ្រោងនឹងបញ្ជូនប្ដីអ្នកស្រីទៅកាន់តុលាការបន្ត។

សម្រាប់ការចាប់ខ្លួននេះអ្នកស្រីនៅមិនទាន់ដឹងថា ស្វាមីរបស់ខ្លួនបានប្រព្រឹត្តកំហុសអ្វីនៅឡើយទេ ប៉ុន្តែអ្នកស្រីថា បើទាក់ទងសកម្មភាពផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស ដែលស្វាមីរបស់អ្នកស្រីបានធ្វើថ្មីៗនេះ គឺមិនគួរណាអាជ្ញាធរចាប់ខ្លួននោះទេ។

អ្នកស្រី ឡេង ចន្ធី ៖ «គ្រួសារខ្ញុំអត់មានអីខុសមើលទៅអត់មានអីខុស យើងធ្វើស្របច្បាប់យើងធ្វើប័ណ្ណបសសដើម្បីពលរដ្ឋរបស់យើង ដើម្បីយើងឈឺស្កាត់អីយើងទៅពេទ្យអត់អស់លុយអញ្ចឹង ហើយរឿងលុយរឿងប័ណ្ណបសសហ្នឹង គឺបានជួយពលរដ្ឋទាំងអស់ ប្ដីខ្ញុំអត់បានធ្វើអីទេគ្រាន់តែធ្វើការងាររៀបចំប័ណ្ណបសសប៉ុណ្ណឹង ហេតុអ្វីក៏មានកំហុស? ខ្ញុំក៏អត់យល់ដែរ»។

ចំណែកលោក ជា សុគុន ក្រុមប្រឹក្សាតំណាងនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង បញ្ជាក់ថា ការចាប់ខ្លួនលោក ជា ចាន់ថា នេះគឺពាក់ព័ន្ធនឹងសកម្មភាពរបស់លោក ចាន់ថា ដែលបានចុះទៅផ្សព្វផ្សាយអំពីអត្ថប្រយោជន៍កិច្ចគាំពារសង្គម ដោយលើកទឹកចិត្តឱ្យសមាជិកអាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ចុះបញ្ជីជាសមាជិកប.ស.ស។

បន្ទាប់ពីមានការផ្សព្វផ្សាយនេះហើយ លោកថា នៅយប់ថ្ងៃទី១៦ ខែកក្កដា ក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់បាវិត បានទៅចាប់ខ្លួន និងបន្តបញ្ជូនលោក ចាន់ថា មកស្នងការខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

លោក ជា សុគុន ៖ «ទាក់ទងនឹងការឃាត់ខ្លួនគាត់ហ្នឹង ខាងប៉ុស្ដិ៍ហ្នឹងគេចេះតែសួរនាំគាត់ថាមិនមានការសុំអនុញ្ញាតអញ្ចឹងណា។ អនុញ្ញាតកាលដែលគាត់ទៅជួបនឹងអាជីវករលក់ដូរនៅទីតាំងផ្សារអន្តរជាតិហ្នឹង»។

បើតាមលោក សុគុន ការផ្សព្វផ្សាយពីអត្ថប្រយោជន៍បសសនេះ គឺលោក ជា ចាន់ថា តែងតែធ្វើ និងចុះទៅជួបអាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែសកម្មភាពរបស់លោក ចាន់ថា ឥលូវនេះបែរជាត្រូវសមត្ថកិច្ចថាមិនបានសុំច្បាប់អនុញ្ញាតទៅវិញ។

ជុំវិញរឿងនេះ លោក នុត បូពិណ្ណារ័ត្ន មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តស្វាយរៀង ប្រាប់វិទ្យុស្ដ្រីថា មុនចុះទៅផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ប័ណ្ណប.ស.ស នេះ លោក ជា ចាន់ថា បានប្រជុំជាមួយសមាជិករបស់ខ្លួនផ្សេងទៀត ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះ លោកមិនបានដឹងថា លោក ចាន់ថា និងសមាជិកទាំងនោះ និយាយតែការងារផ្សព្វផ្សាយ ប.ស.ស ឬមានការងារអ្វីផ្សេងទៀតនោះទេ ទើបនាំឱ្យសមត្ថកិច្ចចាប់ខ្លួន។ ប្រសិនជាមិនមានរឿងអ្វីផ្សេង ក្រៅពីការងារផ្សព្វផ្សាយ ប.ស.ស នោះទេ លោកថា  ករណីចាប់ខ្លួនលោក ជា ចាន់ថា ជាទង្វើរឹតត្បិតលំហូរសេរីភាពនៃការជួបជុំ និងលំហូរនៃសិទ្ធិសេរីភាពបញ្ចេញមតិ។

លោក នុត បូពិណ្ណារ័ត្ន ៖ «ប្រសិនអ្វីដែលគាត់ថាធ្វើដើម្បីជួយរាជរដ្ឋាភិបាលផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋធ្វើប័ណ្ណបសសហ្នឹង គឺជារឿងមួយល្អដែលជួយរាជរដ្ឋាភិបាល មិនគួរណាទៅចាប់ខ្លួនគាត់ទេ ហើយការចាប់ខ្លួននេះមានន័យថាលំហូរសេរីភាពនៃការជួបជុំ លំហូរសេរីភាពនៃការផ្សព្វផ្សាយរបស់គាត់ហ្នឹង គឺរឹតបន្តឹងតឹងពេក រាជរដ្ឋាភិបាលគាប់បន្តឹងតឹងពេក ដែលវាធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់គាត់។ ប្រសិនជាគាត់ធ្វើការងារហ្នឹងពាក់ព័ន្ធនឹងជួយរាជរដ្ឋាភិបាលសោះ ហេតុអ្វីបានជាយើងត្រូវរឹតបន្តឹង»។

ម្យ៉ាងវិញទៀត លោកថា ករណីលោក ជា ចាន់ថានេះ ប្រហែលត្រូវបានសមត្ថកិច្ចសង្កាត់បាវិតចាប់ខ្លួន អាចពាក់ព័ន្ធនឹងការដើរផ្សព្វផ្សាយរបស់លោក ចាន់ថា និងសមាជិកផ្សេងទៀត ដែលមិនបានជូនដំណឹងមកអាជ្ញាធរ ប៉ុន្តែបើទាក់ទងនឹងតាមផ្លូវច្បាប់ លោក ចាន់ថា មិនចាំបាច់មកជូនដំណឹងមកអាជ្ញាធរនោះទេ ពីព្រោះសមាគមរបស់លោក ចាន់ថា បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃរួចហើយ។

លោក នុត បូពិណ្ណារ័ត្ន ៖ «យើងសំណូមពរដែរ យើងNGOសូមសំណូមពរឱ្យរាជរដ្ឋាភិបាល គឺធ្វើមិចលំហូរនៃការជួបជុំ លំហូរសេរីភាពនៃការជួបជុំហ្នឹងឱ្យបានទូលំទូលាយ យើងសំណូមពរឱ្យរាជរដ្ឋាភិបាលបើកទូលាយនៃការងារអស់ហ្នឹង ការងារសិទ្ធិសេរីភាពហ្នឹង»។

ទាក់ទងរឿងនេះលោក ហាស សារ៉ា នាយប៉ុស្តិ៍នគរបាលសង្កាត់បាវិតបញ្ជាក់ថា ការចាប់ខ្លួនលោក ជា ចាន់ថា នេះ ដោយសារលោក ចាន់ថា ចុះផ្សព្វផ្សាយប័ណ្ណសមាគមរបស់លោក ដោយមិនបានជូនដំណឹងមកអាជ្ញាធរក្រុង និងខេត្តឡើយ។ ម្យ៉ាងវិញទៀត លោកថា ការចាប់ខ្លួននេះ អនុវត្តទៅតាមបញ្ហារបស់ស្នងការខេត្ត ដ្បិតសកម្មភាពរបស់ លោក ចាន់ថា មានពាក់ព័ន្ធករណីផ្សព្វផ្សាយបង្កើតសមាគមអូសទាញពលរដ្ឋឱ្យចូលរួមជាសមាជិករបស់ខ្លួន។

លោក ហាស សារ៉ា ៖ «គាត់ហ្នឹងចុះចែកខិតប័ណ្ណ ឬមកផ្សព្វផ្សាយធ្វើជាសមាគមអីមួយអញ្ចឹង ហើយខាងក្រុងហ្នឹងគេឱ្យពូមកនាំគាត់មកប៉ុស្តិ៍សួរនាំ សួរនាំទៅគាត់មកផ្សព្វផ្សាយប័ណ្ណបសស និងមានសមាជិកគាត់ប៉ុន្មាននាក់ហ្នឹង ផ្សព្វផ្សាយហើយនិងនាំចូលទៅជាសមាគម សមាគមហ្នឹងមិនដឹងសមាគមអីទេចេះតែសួរទៅក្មួយ»។

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងទៅលោក ព្រេជ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតបនោះឡើយ។

សូមបញ្ជាក់ថា លោក ជា ចាន់ថា ត្រូវបានប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលចុះផ្សព្វផ្សាយពីអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (បសស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្កលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។ បន្ទាប់ពីឃាត់ខ្លួនហើយ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ក៏បានបញ្ចូន លោក ជា ចាន់ថា ទៅកាន់ស្នងការខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះស្នងការខេត្តស្វាយរៀងកំពុងធ្វើការសាកសួរបន្ត៕

Share

ព័ត៌មានទាក់ទង