en     km
en     km

មេធាវីលោក ស៊ុន ចន្ធី រំពឹងថាតុលាការនឹងដោះលែងប្រធានគណបក្សរូបនេះឱ្យមានសេរីភាពឡើងវិញ

Share

គ្រួសារ និងអ្នកគាំទ្ររបស់លោក ស៊ុន ចន្ធី បានមករង់ចាំសវនាការប្រធានគណបក្សរូបនេះនៅមុខតុលាការកំពូលកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ រូបភាពពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ។

តុលាការកំពូល បានបើកសវនាការជំនុំជម្រះលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅថ្ងៃទី១៥ ខែកក្កដា ដែលមេធាវីការពារក្ដីលោក ស៊ុន ចន្ធី បានស្នើតុលាការកំពូលឱ្យដោះលែងប្រធានគណបក្សរូបនេះឱ្យមានសេរីភាពឡើងវិញ ដោយដាក់លក្ខខណ្ឌស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈការស្នើនេះ តុលាការនឹងសម្រេចថា ដោះលែង ឬមិនដោះលែងលោក ស៊ុន ចន្ធី ប្រកាសនៅចុងខែកក្កដានេះ។ លោក គីម​ ចាន់ចាវ រាយការណ៍

 

 

មេធាវីការពារក្ដីលោក ស៊ុន ចន្ធី គឺលោក ជូង ជូងី ប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១៦ ខែកក្កដាថា តុលាការកំពូល បានបើកសវនាការរបស់លោក ស៊ុន ចន្ធី កាលពីថ្ងៃទី១៥ ខែកក្កដា ដើម្បីជំនុំជម្រះទៅលើបណ្ដឹងសាទុក និងសាលដីការបស់សាលាឧទ្ធរណ៍ ដែលលោកជាមេធាវីបានប្ដឹងតវ៉ាលើការឃុំខ្លួនប្រធានគណបក្សរូបនេះ។ ក្នុងសវនាការនេះដែរ លោកថា តុលាការមិនបានសួរដេញដោលលោក ស៊ុន ចន្ធី នោះទេ មានតែលោកជាមេធាវី បានស្នើឱ្យតុលាការដោះលែងប្រធានគណបក្សរូបនេះ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

លោកបន្តទៀតថា ការរស្នើឱ្យដោះលែងលោក ស៊ុន ចន្ធី ដោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ គឺមានលក្ខខណ្ឌហាមមិនឱ្យលោក ស៊ុន ចន្ធី ចាកចេញទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួនជារៀងរាល់ពេលដែលសមត្ថកិច្ច ឬក៏តុលាការធ្វើការកោះហៅ។ ម្យ៉ាងវិញទៀត លោកថា មិនមែនមានតែលក្ខខណ្ឌទាំងអស់នេះនោះទេ ប៉ុន្តែនៅមានលក្ខខណ្ឌផ្សេងទៀតតាមដែលតុលាការយល់ឃើញ។ ដូច្នេះដោះលែង ឬមិនដោះលែង គឺអាស្រ័យទៅលើតុលាការកំពូលនេះហើយ ដែលចេញសេចក្ដីសម្រេចនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

លោកមេធាវី ជូង ជូងី បានផ្ដល់បទសម្ភាសឱ្យវិទ្យុស្ដ្រីនៅមុខតុលាការកំពូល កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

លោក ជូង ជូងី ៖ «អាស្រ័យទៅលើគំនិតរបស់ក្រុមប្រឹក្សានៃតុលាការកំពូលហ្នឹង មេធាវីចង់ឱ្យតុលាការហ្នឹងអនុវត្តត្រឹមមាត្រា២០៣ គឺជាគោការណ៍ត្រូវមានសេរីភាព។ បើមិនមានភាពសំខាន់ ឬភាពចាំបាច់នោះទេ មិនត្រូវឃុំខ្លួនគាត់ទេ ហើយនិងចង់ឱ្យតុលាការអនុវត្តមាត្រា ២២៣ នៃក្រមនីតិវិធី គឺដោះលែងគាត់ដោយដាក់លក្ខខណ្ឌឱ្យគាត់គោរព»។

ប្រសិនជាតុលាការ នៅតែបន្តឃុំខ្លួនលោក ស៊ុន ចន្ធី លោកថា ជាការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រធានគណបក្សប្រឆាំងរូបនេះ ពីព្រោះសកម្មភាពរបស់លោក ចន្ធី កន្លងមក ជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ។

លោក ជូង ជូងី ៖ «ខ្ញុំគិតថាមិនគួរណាមានការឃុំខ្លួនគាត់ទេ ពីព្រោះអ្វីដែលគាត់និយាយជាការបញ្ចេញមតិរបស់គាត់ រិះគន់ទៅលើប័ណ្ណក្រីក្រ ហើយនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ អញ្ចឹងសម្រាប់អ្វីដែលខ្ញុំជាមេធាវីមើលឃើញហ្នឹង អ្វីដែលលោក ស៊ុន ចន្ធី បានធ្វើ វាមិនមែនជាការញុះញង់នោះទេ វាគ្រាន់តែជាការបញ្ចេញមតិ រិះគន់ដើម្បីស្ថាបនាទេ»។

មុនឈានដល់អង្គជំនុំជម្រះនៅតុលាការកំពូលនេះ កន្លងមកលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានចេញលិខិតសុំទោសទៅកាន់រាជរដ្ឋាភិបាល ចំពោះសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។

ទោះបីយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ការចេញលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី មិនអាចធ្វើឱ្យប្រធានគណបក្សប្រឆាំងរូបនេះ មានសេរីភាពឡើងវិញនោះឡើយ ពីព្រោះករណីលោក ស៊ុន ចន្ធី ត្រូវបានតុលាការកាត់ទោសរួចហើយ។

លោក សុខ ឥសាន្ត ថា៖ «ការចាប់លោក ស៊ុន ចន្ធី ឬការកាត់ទោសលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគារនេះ គឺថាវាមិនដូចអ្នកដែលវិភាគនិយាយ ឬមួយអ្នកសង្កេតការណ៍សេដ្ឋកិច្ចសង្គមអីនិយាយទេបាទ! ពីព្រោះគាត់និយាយលម្អៀងខាងនយោបាយ តែសមីខ្លួនគេទទួលស្គាល់កំហុសរបស់គេការពិតគេបានធ្វើខុសមែន អាហ្នឹងមានអ្នកណាដែលកត្តាកំណត់​ជាងសមីខ្លួនគេ ជាអ្នកក្រៅអត់មានកត្តាកំណត់លើសមីខ្លួនគេទេ»។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ មកដល់ពេលនេះ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី៤ នៅខេត្តពោធិ៍សាត់ ក្រោមបទចោទដែលមេបក្សរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង៕

Share

ព័ត៌មានទាក់ទង