en     km
en     km

នគរបាលខេត្តបាត់ដំបងបន្តស្វែងរកជនសង្ស័យ សម្លាប់មនុស្សយ៉ាងគគ្លើន

Share

 

(ផ្ទៀងផ្ទាត់)បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមជុំវិញករណីបុរសម្នាក់ដែលសង្ស័យថាមានសតិមិនប្រក្រតីសម្លាប់មនុស្សឥតញញើតនៅក្នុងភូមិមួយនៃខេត្តបាត់ដំបងដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមប្រមាញ់ពីសំណាក់នគរបាលខេត្ត។ អ្នកលេងបណ្តាញសង្គមចាប់ផ្តើមដាក់ចម្ងល់ថាករណីនេះពិតឬយ៉ាងណា? ហើយតើនគរបាលមានចំណាត់ការយ៉ាងណាចំពោះករណីនេះ?

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនិងតាមប្រព័ន្ធតេឡេក្រាមមួយចំនួន បានបង្ហាញពីអត្តសញ្ញាណជនសង្ស័យមួយរូបមានភេទប្រុសរស់នៅក្នុងខេត្តបាត់ដំបង ដោយសង្ស័យថាជននេះមានស្មារតីមិនប្រក្រតី ដ្បិតបានសម្លាប់មនុស្សដោយឥតខ្លាចរអា និងកំពុងស្ថិតនៅក្នុងការតាមចាប់ខ្លួនពីកម្លាំងនគរបាល។ លោកវរសេនីយ៍ឯក​ អ៊ិម​ កុសល ​ស្នងការរង​ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ថា ករណីខាងលើជាករណីកំពុងកើតមាននៅក្នុងខេត្តបាត់ដំបងពិតប្រាកដមែន ដោយកម្លាំងនគរបាលខេត្តបានកំណត់អត្តសញ្ញាណជនសង្ស័យហើយ ក៏ប៉ុន្តែមកទល់នឹងបច្ចុប្បន្ននៅមិនទាន់អាចចាប់ខ្លួនជនសង្ស័យបាននៅឡើយ។

លោកវរសេនីយ៍ឯក​ អ៊ិម​ កុសល (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

នៅជុំវិញករណីនេះដដែល លោក អ៊ិម កុសល បញ្ជាក់ដែរថា ជនសង័្សយមានឈ្មោះថា សឿន​ ទន់​ អាយុ២៤ឆ្នាំ រស់នៅតាំងពីតូចៗនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង​។ កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានយកកាំបិតកាប់ជនរងគ្រោះឈ្មោះ​ ហោ​ ប៉ុក​ ភេទស្រី​ អាយុ៨៤ឆ្នាំ​ មានទីលំនៅកន្លែងកើតហេតុខាងលើ​ បណ្តាល​ឱ្យស្លាប់នៅ​នឹងកន្លែង​កើតហេតុ និងបានរត់គេចខ្លួន។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជនសង្ស័យ (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

ជនរងគ្រោះ (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

ក្រោមការដឹកនាំពីកម្លាំងជំនាញខេត្ត ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យមានភាពលំបាកដ្បិតនៅទីតាំងជនសង្ស័យរត់គេចខ្លួនជាតំបន់ទីទួល មានភ្នំជម្រាល ដែលពិបាកឱ្យកម្លាំងនគរបាលចុះរុករក ក៏ប៉ុន្តែលោក អ៊ិម កុសល អះអាងថាទោះជាយ៉ាងណាក៏កម្លាំងនគរបាលខេត្តនឹងបន្តចុះស្វែងរកនិងចាប់ខ្លួនជនសង្ស័យឱ្យទាល់តែបាន។ ជាមួយគ្នានេះ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកើតហេតុ និងពលរដ្ឋទាំងអស់ដែលប្រទះនឹងជនសង្ស័យខាងលើ អាចទាក់ទងទៅកាន់កម្លាំងសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន និងមេត្តាប្រុងប្រយ័ត្នពីសុខសុវត្ថិភាពផងដែរ៕

Share

ព័ត៌មានទាក់ទង