
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ថា អង្គភាពកំពុងបន្តតាមដានករណីសារព័ត៌មានក្នុងស្រុកមួយចំនួន ផ្សព្វផ្សាយទម្លាយថា ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាបមានជាប់ពាក់ព័ន្ធរឿងកឹបកេងលុយអំណោយពលរដ្ឋក្រីក្រខ្ទង់ពាន់លានរៀល។ ការបញ្ជាក់របស់អ្នកនាំពាក្យACUនេះ បន្ទាប់ពីមន្ទីរសង្គមកិច្ចខេត្តសៀបរាមចេញសេចក្តីបំភ្លឺមួយច្រានចោលថា ការផ្សព្វផ្សាយនោះជារឿងមិនពិត។ កញ្ញា សុខនី ជូនសេចក្តីរាយការណ៍
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បញ្ជាក់ប្រាប់វិទ្យុស្ដ្រីតាមរយៈប្រព័ន្ធទំនាក់ទំនងតេលេក្រាមនៅថ្ងៃអង្គារនេះថា អង្គភាពបានឃើញការចុះផ្សាយករណីលោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាបកឹបកេងលុយអំណោយពលរដ្ឋក្រីក្រ ដូច្នេះACU កំពុងបន្តតាមដានប្រមូលព័ត៌មានលើរឿងនេះ។
លោក សយ ចាន់វិចិត្រ ៖ «អង្គភាពប្រឆាំងអំពើពុករលួយ មានក្រុមការងារសម្រាប់ប្រមូលព័ត៌មានចំហ និងសំងាត់ ករណីបែបនេះក្រុមការងារនឹងប្រមូលព័ត៌មានបន្ថែម។ ក្នុងករណីដែលមានតម្រុយដូចការចុះផ្សាយ អង្គភាពនឹងមានវិធានការបន្ត»។
សូមរំលឹកបន្តិចថា កាលពីពេលថ្មីៗនេះ គេហទំព័របណ្ដាញដែនដីថ្មី (PDT-News) បានផ្សព្វផ្សាយថាប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាប លោក គង់ សំអឿន បានកឹបកេងលុយអំណោយសម្រាប់ចែកជូនពលរដ្ឋក្រីក្រខ្ទង់ពាន់លានរៀល។ គេហទំព័រដដែលទម្លាយទៀតថា ចាប់តាំងពីលោក គង់ សំអឿន ចូលកាន់តំណែងជាង ២ឆ្នាំកន្លងមកនេះ លោកបានកឹបកេងថវិកាជាតិតាមរយៈការឃុបឃិតស៊ីដាច់លុយទិញសម្ភារៈអំណោយសម្រាប់ចែកជូនពលរដ្ឋក្រីក្រ និងជនចាស់ជរា។
យ៉ាងណាបន្ទាប់ពីមានផ្ទុះព័ត៌មាននេះ មន្ទីរសង្គមកិច្ចខេត្តសៀបរាមកាលពីថ្ងៃទី២៩ ខែមិថុនា បានចេញលិខិតបំភ្លឺមួយច្រានចោល ដោយអះអាងថា រាល់ថវិកាទាំងអស់ គឺមន្ទីរសង្គមកិច្ចយកទៅចាត់ចែងការងារចែកអំណោយជូនពលរដ្ឋក្រីក្របានចំនួន ១០ស្រុក និងចំណាយលើការងារផ្នែកសំណង់ ហើយនិងការចំណាយផ្នែករដ្ឋបាលផ្សេងៗមិនដូចការចោទប្រកាន់នោះឡើយ។
ជុំវិញរឿងនេះលោក អ៊ិន គង់ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ មើលឃើញថា ប្រសិនជាករណីនេះដូចការផ្សព្វផ្សាយរបស់សារព័ត៌មានទាំងនោះ គឺផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ពីព្រោះជនក្រីក្រដែលជាអ្នកទទួលផលពីមូលនិធិទាំងអស់នោះ ត្រូវបាត់បង់ផលប្រយោជន៍ដែលរដ្ឋជួយអន្តរាគមន៍។ ជាងនេះលោកថា ករណីនេះ អាចជាប្រភេទករណីមន្ត្រីសាធារណៈកឹបកេងថវិកាជាតិ ខណៈបច្ចុប្បន្ននេះ ថវិកាជាតិកំពុងខ្វះខាត និងត្រូវការកៀរគររកចំណូលសព្វគ្រប់ពីប្រជាពលរដ្ឋ។
លោក អ៊ិន គង់ជិត ៖ «ករណីយើងសង្គមស៊ីវិលយើងស្នើឱ្យអាជ្ញាធរ ក្រសួងអធិការកិច្ចក្ដី និងអង្គភាពប្រឆាំងអំពើពុករលួយ គឺត្រូវតែបើកការស៊ើបអង្កេតទៅលើមន្ត្រីរូបនេះ ប្រសិនជារកឃើញថាគាត់កឹបកេងថវិកាអស់ ត្រូវឱ្យគាត់បង្វែរថវិកាហ្នឹងចូលរដ្ឋវិញ ហើយពិន័យគាត់ទៀត។ មិនត្រឹមតែរឹបអូសយកទ្រព្យសម្បត្តិមកវិញទេ តែត្រូវពិន័យកាត់ហើយ ត្រូវដាក់ទោសទណ្ឌគាត់ឱ្យបានធ្ងន់ធ្ងរ ដកមុខតំណែងចេញ វាសម្រាប់ជាគំរូអនុវត្តទៅលើមន្ត្រីដទៃទៀត កុំឱ្យយកតម្រាប់តាម ហើយសម្រាប់មន្ត្រីដែលអនុវត្តល្មើសច្បាប់នេះ គឺសមតែទទួលបានការដាក់ទោសទណ្ឌផ្នែកពន្ធនាគារ ហើយអនុវត្តច្បាប់ព្រហ្មទណ្ឌទៅលើគាត់»។
សូមបញ្ជាក់ថា លោក គង់ សំអឿន ត្រូវបានលោក វង សូត អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យលោកចូលកាន់ដំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាបជំនួសលោក អោ ម៉ៅ កាលពីឆ្នាំ២០២២៕