ភ្នំពេញ៖សហជីពមូលដ្ឋានដែលតំណាងឱ្យកម្មករនិយោជិតប្រមាណ ៥ម៉ឺននាក់ ស្នើឱ្យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) កែសម្រួលរបាយការណ៍របស់ខ្លួន បើពុំដូច្នោះទេក្រុមសហជីពនឹងបើកការតវ៉ាទ្រង់ទ្រាយធំ ។ការគ្រោងឈានទៅតវ៉ាជាទ្រង់ទ្រាយធំបែបនេះ ដ្បិតយល់ថាខ្លឹមសារក្នុងរបាយការណ៍របស់ សង់ត្រាល់ ហាក់ញុះញង់ឱ្យមានវិវាទ និងមិនមានឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្តែងក្នុងវិស័យកាត់ដេរនៅកម្ពុជា។
កញ្ញា កែវ សុជាតា រាយការណ៍
«មានការបិទសិទ្ធិសេរីភាពរបស់សហជីព ក៏ដូចជាមានការគំរាមកំហែងយាយីមកលើកម្មករនិយោជិត ហើយមកដល់អន្តរការនេះហើយដូចអ្វីដែលខ្ញុំលើកឡើងកាលពីម្សិលមិញហ្នឹង ថាយើងទទួលស្គាល់នៅចំណុចខ្វះខាតមួយចំនួន ប៉ុន្តែវាមិនធ្ងន់ធ្ងររហូតដូចរបាយការណ៍ដែលលោក មឿន តុលា សរសេរទេ។»។
នេះគឺជាការលើកឡើងក្នុងសម្តីដើមរបស់លោក អ៊ុន ដារ៉ា អនុប្រធាន និងជាអ្នកនាំពាក្យសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ជុំវិញរបាយការណ៍របស់សង់ត្រាល់ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី៤ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍នេះ បើតាមលោក អ៊ុន ដារ៉ា គឺធ្វើឱ្យសហជីព និងកម្មករ កម្មាការិនីរោងចក្រជាច្រើនមានការប្រតិកម្ម និងចង់ទាមទារឱ្យសង់ត្រាល់កែតម្រូវជាកំហិត។
លោក អ៊ុន ដារ៉ា បន្ថែមថានៅកាលពីថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៤ ក្រុមសហជីពរបស់បានទៅទីស្នាក់ការរបស់សង់ត្រាល់ដើម្បីដាក់លិខិត ស្នើសុំឱ្យស្ថាប័នមួយនេះ ធ្វើការកែតម្រូវនូវការចេញផ្សាយរបស់ខ្លួន។លោកថា ការដាក់លិខិតនេះត្រូវបានភាគីសង់ត្រាល់ទទួលយកតែមិនទាន់មានការឆ្លើយតបនៅឡើយ។
«ម្សិលមិញគាត់ទៅដាក់លិខិតជូនទៅអង្គការសង់ត្រាល់ ហើយឱ្យលោក មឿន តុលា ឱ្យគាត់កែសម្រួលកែតម្រូវទៅលើរបាយការណ៍របស់លោក ដែលបានចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ព្រោះដោយបងប្អូនកម្មករយើងមើលឃើញថា របាយការណ៍របស់លោកគឺមិនឆ្លុះបញ្ចាំងអំពីតថភាពពិតជាក់ស្តែងដែលមាននៅកម្ពុជាសព្វថ្ងៃ។ ម្យ៉ាងទៀតនៅក្នុងរបាយការណ៍នោះ ឃើញមានកិច្ចសម្ភាសន៍កម្មករតែ១០នាក់ ហើយវាមិនសមតុល្យគ្នានឹងចំនួនរោងចក្រដែលមាន។ អ៊ីចឹងយើងមើលឃើញថាអ្វីដែលលោកសរសសេរវាហាក់បីដូចជាបាននិងកំពុងញុះញង់ បង្កើតឱ្យបរិយាកាសអាប់អួល។ អ៊ី ចឹងហើយបានយើងមិនអាចទទួលយកបានទេរបាយការណ៍នេះ។ អីចឹងសូមឱ្យអង្គការមួយហ្នឹង ត្រូវតែកែប្រែឬក៏កែតម្រូវនូវវរាយការណ៍របស់ខ្លួន។»។
មូលហេតុដែលឈានដល់ការតវ៉ា លោក អ៊ុន ដារ៉ា អះអាងថា ដោយសារក្នុងខ្លឹមសារនៃរបាយការណ៍ដែលចេញផ្សាយដោយសង់ត្រាល់នេះ មិនមានសមតុល្យ វឌ្ឍនភាពពេញលេញ និងមិនគ្រប់ជ្រុងជ្រោយនៅឡើយបើធៀបនឹងទិដ្ឋភាពជាក់ស្តែងក្នុងវិស័យកាត់ដេរ។ លោកថា របាយការណ៍ក៏មានចេតនាបង្កប់អត្ថន័យហាក់ញុះញង់ឱ្យសហជីពនិងសហជីពមានជម្លោះនឹងគ្នា។ លោកបញ្ជាក់បន្ថែមទៀតថា ការសរសេររបាយការណ៍វាយតម្លៃបែបនេះ អាចធ្វើឱ្យអ្នកវិនិយោគទុនយល់ខុសថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាមិនមានភាពធូរស្បើយសោះឡើយ ដែលប្រការនេះខុសពីការពិតនិងផ្ទុយពីតថភាពសង្គមជាក់ស្តែង។
«ដូចនៅក្នុងរបាយការណ៍ហ្នឹងឃ្លាមួយទៀតនិយាយថាសហជីពឯករាជ្យគឺមិនអាចធ្វើស្អីបាន អាហ្នឹងហើយជាចំណុចដែលបង្កើតឱ្យមានបញ្ហាហើយ គេញុះញង់ហើយ ធ្វើឱ្យមានកំហឹងហើយ ឱ្យសហជីពនិងសហជីពមានកំហឹងនឹងគ្នាហើយ។ ហើយឱ្យអ្នកបញ្ជាទិញក៏ដូចជាអ្នកដែលចង់វិនិយោគ…»
ទាក់ទងរឿងនេះ វិទ្យុស្រ្តីបានព្យាយាមទាក់ទងសុំការឆ្លើយតបពីលោក មឿន តុលា នាយកប្រតិបត្តិអង្គកាសង់ត្រាល់ជាច្រើនលើកតែលោកមិនទទួលទូរស័ព្ទ។ តែយ៉ាងណាមន្រ្តីអង្គការសង់ត្រាល់ធ្លាប់បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន របាយការណ៍របស់ខ្លួន គ្មានបំណងវាយប្រហារភាគីពាក់ព័ន្ធណាមួយនោះទេ ដោយគ្រាន់តែឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងដែលកម្មករបានជួបប្រទះបញ្ហាប្រឈមនៅកន្លែងការងារ និងដើម្បីឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយឲ្យបានល្អប្រសើរឡើងតែប៉ុណ្ណោះ។
នៅជុំវិញករណីនេះដដែល លោក អ៊ុន ដារ៉ា អះអាងថា អ្វីដែលជាគោលបំណងធំបំផុតនៃការតស៊ូមតិ គឺដើម្បីឱ្យសង់ត្រាល់កែសម្រួលនូវរបាយការណ៍របស់ខ្លួន ដោយបញ្ចូលទាំងភាពវិជ្ជមាន និង ភាពអវិជ្ជមាននៃសិទ្ធិសេរីភាពក្នុងវិស័យវាយនភ័ណ្ឌនៅក្នុងប្រទេសកម្ពុជា ជាជាងការលើកតែពីបញ្ហានិងចាប់កំហុស។ ជាងនេះ ប្រសិនបើពុំមានចំណាត់ការសមស្របណាមួយកើតមានឡើងនោះទេ សហជីពតំណាងកម្មករនៅតែបន្តតវ៉ា ហើយអាចឈានដល់ទ្រង់ទ្រាយធំផងដែរ។
«ធ្វើយ៉ាងណាកែតម្រូវរបាយការណ៍របស់ខ្លួនឱ្យវាមើលទៅ គេហៅថាជារបាយការណ៍មួយត្រឹមត្រូវ ហើយតម្លាភាព ហើយអាចទទួលយកបានទាំងគ្រប់ភាគី។»។
គួរបញ្ជាក់ថា បណ្តាសហជីពមូលដ្ឋានប្រមាណ ៤០នាក់ដែលតំណាងឱ្យកម្មករនិយោជិត ៥ម៉ឺននាក់មកពីរោងចក្រចំនួន ៥០ បានប្រមូលផ្តុំគ្នានៅខាងមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២0 ខែមិថុនា ឆ្នាំ២០២៤។ ជាងនេះកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សហជីពគាំទ្ររដ្ឋាភិបាលក៏បានដឹកនាំមនុស្សប្រមាណ ១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាស្រដៀងគ្នានេះផងដែរ៕