en     km
en     km

ប្រជាពលរដ្ឋឃុំល្វេសាទរក្រោយអាជ្ញាធរបំពាក់អំពូលសូឡាតាមតម្រូវការពលរដ្ឋក្រោយបោះឆ្នោត

Share

ខេត្តកំពង់ចាម៖ យ៉ាងហោចណាស់ភូមិចំនួន ៩ ក្នុងចំណោមភូមិសរុបចំនួន ១០ ស្ថិតក្នុងឃុំល្វេ ស្រុក កោះសូទិន ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរមូលដ្ឋានបំពាក់អំពូលសូឡាតាមដងផ្លូវស្ទើរសព្វកន្លែងទៅហើយ ក្រោយពីប្រជាពលរដ្ឋធ្លាប់បានស្នើដល់អាជ្ញាធរជួយដោះស្រាយ។ ការឆ្លើយតបពីអាជ្ញាធរឃុំតាមតម្រូវការរបស់ប្រជាពលរដ្ឋនេះ ជាផ្នែកមួយនៃការបំពេញតាមការសន្យារបស់អាជ្ញាធរឃុំល្វេអំឡុងពេលបោះឆ្នោតផងដែរ។

សកម្មភាពចុះបំពាក់អំពូលសូឡាតាមដងផ្លូវក្នុងភូមិសាស្រ្តឃុំល្វេ។រូបភាពពី អ៊ុច ស្រីប៉ាច។

អ្នកស្រី ឃី ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំល្វេ ស្រុកកោះសូទិន លើកឡើងថា អ្នកស្រីមានភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរពេលយប់ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវ។ អ្នកស្រីថា អ្នកស្រីអាចដើរហាត់ប្រាណពេលរាត្រីបានដោយសុវត្ថិភាព រីឯកូនចៅ ក៏អាចធ្វើដំណើរទៅរៀនបានដោយរលូនពុំភ័យខ្លាចដូចគ្រាមុននោះទេ។ អ្នកស្រីបន្ថែមថា កាលពីមិនទាន់មានអំពូលសូឡា អ្នកភូមិលំបាកធ្វើដំណើរទៅឆ្ងាយៗពេលមានធុរៈបន្ទាន់ណាមួយ។

ទិដ្ឋភាពនៃការបំពាក់អំពូលសូឡា។រូបភាពពី អ៊ុច ស្រីប៉ាច។

ដោយឡែកប្រជាពលរដ្ឋក្នុងឃុំល្វេមួយរូបទៀត គឺលោក កន រ៉េន លើកឡើងដោយធ្វើការប្រៀបធៀបគ្នាគ្រាមិនទាន់មានបំពាក់អំពូល និងពេលមានអំពូលគឺមានភាពខុសគ្នាឆ្ងាយ ពោលគឺប្រជាពលរដ្ឋបានកាត់បន្ថយភាពភ័យខ្លាចក្នុងការធ្វើដំណើរ។ ឆ្លៀតក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមសិក្ខាកាមរបស់វិទ្យុស្រ្តី លោក កន រ៉េន សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់សុខទុក្ខរបស់ពលរដ្ឋ ពិសេសបានឆ្លើយតបតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋតាមការសន្យាអំឡុងការបោះឆ្នោត។

សកម្មភាពចុះបំពាក់អំពូលសូឡាតាមដងផ្លូវក្នុងភូមិសាស្រ្តឃុំល្វេ។រូបភាពពី អ៊ុច ស្រីប៉ាច។

ជុំវិញរឿងនេះលោក​ សយ​ ហាក់ ប្រធានភូមិមួយរូប​ លើកឡើងថា តាំងតែពីមានបំពាក់អំពូលសូឡាមក​ បញ្ហានានាមួយចំនួនត្រូវបានកាត់បន្ថយ។ តួយ៉ាងបញ្ហាបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន​ប្រជាពលរដ្ឋ​ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ពេលរាត្រីត្រូវបានកាត់បន្ថយជាច្រើន​។​ លោកបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដីគឺត្រូវបំពេញការងារធ្វើយ៉ាងណាឆ្លើយតាមការចង់បានរបស់ប្រជាពល តាមលទ្ធភាពដែលអាចធ្វើទៅបានឱ្យអស់ពីសមត្ថភាព។

សកម្មភាពចុះបំពាក់អំពូលសូឡាតាមដងផ្លូវក្នុងភូមិសាស្រ្តឃុំល្វេ។រូបភាពពី អ៊ុច ស្រីប៉ាច។

សូមជម្រាបជូនថា អំពូលសូឡាដែលបំពាកតាមដងផ្លូវក្នុងភូមិនីមួយៗអាចមានចំនួនប្រមាណ១០០អំពូលក្នុងមួយភូមិ។ ហើយចន្លោះពីអំពូលមួយទៅអំពូលមានមានចម្ងាយប្រហែល២០ម៉ែត្រ។ ជាងនេះសម្រាប់អំពូលដែលឃុំចុះបំពាក់នេះ ក៏មានអំពូលខ្លះជាជំនួយរបស់សប្បុរជនបរិច្ចាគជូនឃុំផងដែរ៕

អត្ថបទខ្លី សរសេរដោយ អ៊ុច ស្រីប៉ាច  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង