en     km
en     km

លោក កឹម សុខា បន្ត​ប្រកែក​ថា​មិន​បាន​គប់គិត​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់ឡើយ

Share

លោក កឹម សុខា អតីតប្រធាន​ អតីតគណបក្ស​សង្គ្រោះ​ជាតិ ក្រោយសនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២២។

លោក កឹម សុខា ដែលធ្លាប់ជាប្រធាន​ អតីតគណបក្ស​សង្គ្រោះ​ជាតិ ហើយដែលកំពុងជាប់ទោសត្រូវឃុំខ្លួននៅផ្ទះ២៧ឆ្នាំ នៅតែ​បន្ត​អះអាងពីភាព​ស្អាតស្អំ​របស់​ខ្លួន​ថា​មិន​បាន​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការក្រុង​ភ្នំពេញ ដែល​បាន​សម្រេច​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» នោះ​ទេ ខណៈ​អង្គ​សវនាការ​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ២០២៤ បាន​សួរ​ដេញដោល​លើ​អង្គហេតុ​ចំនួន​៣។ លោក គីម ចាន់ចាវ រាយការណ៍

 

សាលាឧទ្ធរណ៍ នៅតែបន្តលើកឡើងពីការធ្វើបាតុកម្ម និងយុទ្ធនាការនានាក្រោយព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៣ ដូចជាការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងការដាក់កម្រងផ្កា នៅទីលានប្រជាធិបតេយ្យ។ សកម្មភាពទាំងនេះហើយ ដែលតុលាការចោទលោកថា មានចេតនាធ្វើបដិវត្តន៍ពណ៌។ លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ចម្បងមួយនៅកម្ពុជា បានបដិសេធនៅក្នុងសវនាការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ថា លោកពុំជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះទេ តែលោកនៅតែបង្ហាញចេតនាចង់ចរចាដើម្បីដោះស្រាយសំណុំរឿងក្បត់ជាតិដែលលោកកំពុងជាប់ទោស។

​មេធាវី​ការពារ​ក្តីម្នាក់របស់​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បានឱ្យដឹង​ថា នៅ​ក្នុង​សវនាការ​លើក​ទី​៦ នៅ​សាលា​ឧទ្ធរណ៍នេះ លោក កឹម សុខា លោក​នៅតែ​បន្ត​ជ្រើសរើស​យក​ដំណោះស្រាយ​ចរចា​គ្នា​ជានិច្ច បើ​ទោះបីជា តុលាការ​រង​ការ​រិះគន់​ក្ដី ហើយ​លោក​បន្ត​អះអាង​ថា លោកមិន​បាន​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

«សំណុំរឿងនេះមិនមែនសំណុំរឿងកាត់ក្ដីគណបក្សសង្គ្រោះជាតិទេ គឺជាសំណុំរឿងកាត់ក្ដីបុគ្គល ហើយតាមគោលការណ៍ក្រមព្រហ្មទណ្ឌមាត្រា២៤ បុគ្គលណាធ្វើគឺបុគ្គលហ្នឹងទទួលខុសត្រូវ គោលការណ៍ច្បាប់របស់យើងនិយាយថា គឺក្បាលអ្នកណាសក់អ្នកហ្នឹង ហើយបើចង់ថា សក់អ្នកណាក្បាលអ្នកហ្នឹង ប៉ុន្តែអ្នកសមគំនិត អ្នកចូលរួមក៏ត្រូវមានទោសដែរ។ ចឹងត្រូវរកចារីហ្នឹងឱ្យឃើញ ចាំមកកាត់ទោសអ្នកសមគំនិត។ គាត់(លោក កឹម សុខា) បញ្ជាក់ថា គាត់អត់ក្បត់ជាតិជាដាច់ខាត ទោះជាយកកំាភ្លើងមកភ្ជង់គាត់ក៏គាត់អត់ធ្វើដែរ ព្រោះប្រទេសជាតិនេះ ជាប្រទេសជាតិរបស់គាត់ ហើយគាត់ក៏អត់មានរត់ទៅណាដែរ គឺគាត់នៅតែប្រឈមមុខដោះស្រាយបញ្ហរបស់គាត់នៅក្នុងតុលាការ ទោះបីជាគាត់បានបញ្ជាក់នៅក្នុងតុលាការថា ទោះបីជាគេរិះគន់ថាតុលាការហ្នឹងយ៉ាងម៉េចៗៗ អញ្ចេះអញ្ចុះ ក៏ដោយ ប៉ុន្តែក្នុងនាមគាត់ជាពលរដ្ឋខ្មែរសុខចិត្តយកដំណោះស្រាយតាមផ្លូវតុលាការ ហើយក៏គាត់នៅតែរង់ចាំដំណោះស្រាយ…ក៏គាត់នៅតែប្រកាន់យក ជ្រើសរើសយកការចរចាគ្នាដែរ ចាស៎។ »

អ្នកស្រី ម៉េង សុភារី មេធាវី​ការពារ​ក្តីម្នាក់របស់​លោក កឹម សុខា ក្រោយ​ក្នុង​សវនាការ​លើក​ទី​៦ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

ចំណែក​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​បាន​ចូលរួម​តាមដាន​សវនាការ បាន​ឱ្យ​ដឹង​ថា អង្គ​សវនាការនេះ​បាន​ជជែក​ដេញដោល​លើ​អង្គហេតុ​ចំនួន​៣ គឺ​ទី​១ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទី​២ ផ្កាឈូក និង​ទី​៣ កណ្ដាប់ដៃ។ លោក​ថា លោ កឹម សុខា នៅតែ​បដិសេធ​ថា​លោក​ពុំ​បាន​គប់គិត​ជាមួយ​បរទេស​នោះ​ទេ។

«ពាក់ព័ន្ធទៅនឹងការធ្វើយុទ្ធនាការនេះគឺជនជាប់ចោទថា នេះមិនមែនជាយុទ្ធនាការរបស់គាត់ទេ ហើយយុទ្ធនាការនេះដូចជាយុទ្ធនាការកណ្ដាប់ដៃ ឬមួយក៏ផ្កាឈូ ឬមួយក៏ថ្ងៃចន្ទពណ៌ខ្មៅ។ អាផ្កាឈូកហ្នឹង ដូចជាអាការបង្កើតព្រឹត្តិការណ៍ច្បិចៗយកមកចោទប្រកាន់គាត់ថា គាត់ធ្វើយុទ្ធនាការដោយខុសច្បាប់ចឹងណា៎។ ចុងក្រោយពាក់ព័ន្ធនឹងយុទ្ធសាស្ត្រៗហ្នឹង អ្វីដែលពួកគាត់រៀនហ្នឹងគឺថា គាត់បកស្រាយទាំងយុទ្ធសាស្ត្រ គឺយុទ្ធសាស្ត្រខ្លៅខ្លាចឃ្លាន។ អានេះយុទ្ធសាស្ត្រគាត់ គឺគាត់ចង់ឱ្យប្ដូរ ពីខ្លៅខ្លាចឃ្លាន ឱ្យលុបបំបាត់ខ្លៅខ្លាឃ្លានហ្នឹងឱ្យក្លាយទៅជាសង្គមមួយឱ្យប្រជាពលរដ្ឋហ្នឹងលែងខ្លៅ លែងឃ្លាន ហើយលែងខ្លាច។»

 លោក យី សុខសាន្ត មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្រោយ​ក្នុង​សវនាការ​លើក​ទី​៦ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ ​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ផ្ទះ នៅកណ្ដាលយប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយមក​គណបក្ស​សង្គ្រោះ​ជាតិរបស់ ត្រូវ​បាន​តុលាការ​កំពូល​ ប្រកាស​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

អ្នកឃ្លាំមើលសិទ្ធមនុស្សអង្គការសហប្រជាជាតិ មកតាមដានសវនាការលើក​ទី​៦ របស់លោក កឹម សុខា នៅសាលាឧទ្ធរណ៍ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

ត្រូវតតាំងអស់រយៈពេល៥ឆ្នាំ ៦ខែ សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសកាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ។ អ្នកនយោបាយដែលធ្លាប់អះអាងខ្លួនថា​គំរាមមិនព្រឺសំឡុតមិនខ្លាចរូបនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានភ្នំពេញចេញសាលក្រមសម្រេចផ្ដន្ទាទោស ជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ តែត្រូវឃុំខ្លួន នៅក្នុងផ្ទះ របស់លោក ហើយត្រូវដកសិទ្ធិនយោបាយជាស្ថាពរ ដែលមានន័យថា មិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្នុងពេលអនុវត្តទោសដោយឃុំខ្លួននៅផ្ទះ លោកត្រូវបានដាក់ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ ដោយហាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗ ទាំងជនជាតិ ខ្មែរ និង ជនបរទេស លើកលែងតែក្រុមគ្រួសាររបស់លោក។ លើសពីនេះ តុលាការព្រមានថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បំពានលក្ខខណ្ឌ ទាំងនេះ សមត្ថកិច្ចនឹងចាប់ខ្លួនលោក ទៅឃុំនៅពន្ធនាគារ ភ្លាមៗ៕

Share

ព័ត៌មានទាក់ទង

Image