នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ជាខួប២០ឆ្នាំ នៃការស្លាប់របស់អតីតមេដឹកនាំសហព័ន្ធសហជីពសេរីកម្មករនៃកម្ពុជា លោក ជា វិជ្ជា។ មេដឹកនាំសហព័ន្ធសហជីពបច្ចុប្បន្ន អ្នកស្រី ទូច សើ បានឱ្យដឹងលើទំព័រហ្វេសប៊ុក សហព័ន្ធថា នៅថ្ងៃខួប២០ឆ្នាំ ឆ្នាំនេះ សហព័ន្ធសហជីពសេរីកម្មករនឹងដាក់ញត្តិរួមគ្នាមួយ ទៅកាន់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីស្នើ សុំទីតាំងកសាង ស្តូបលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។ សហព័ន្ធបញ្ជាក់ថា ការកសាងស្ដូបនេះមិនមែនជាកម្មវត្ថុនយោបាយណាមួយទ្បើយ។
បើតាមមេសហព័ន្ធសហជីពសេរីកម្មករដដែល លោក ជា វិជ្ជា គឺជានិមិត្តរូប នៃការផ្លាស់ប្តូរ ដូចឃ្លាមួយដែលលោកបានលើកទ្បើងថា «យុត្តិធម៌សង្គម គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព»។ សហព័ន្ធ អះអាងថា នឹងគោរពនិងចងចាំវីរភាព ការលះបង់ និងការធ្វើពលិកម្ម ដើម្បីយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងាររបសលោក ជា វីជ្ជា។ យ៉ាងណា សហព័ន្ធសហជីពសេរីកម្មករថា លោក ជា វិជ្ជា មិនមែនជាកម្មវត្ថុរបស់ គណបក្សនយោបាយឬការកេងចំណេញផ្នែកនយោបាយណាមួយទ្បើយ។
គួរជម្រាបថា លោក ជា វិជ្ជា ត្រូវបានខ្មាន់កំភ្លើងបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ រហូតដល់ពេលនេះ ក្រុមគ្រួសាររបស់លោក មិនទាន់ទទួលបានយុត្តិធម៌នៅឡើយគេក្នុងករណីឃាតកម្មនេះ។ កាលពីឆ្នាំ២០០៧ អង្គការជាតិ និងអន្តរជាតិចំនួន២៤២ សរុប ៨២ប្រទេសទូទាំងពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមគ្នា “អំពាវនាវរកយុត្តិធម៌” ជូនលោក ជា វិជ្ជា រួមជាមួយមេសហជីព២នាក់ផ្សេងទៀត ដែលត្រូវបានគេបាញ់សម្លាប់ផងដែរ។
សហព័ន្ធសហជីពសេរីកម្មករនៅតែស្នើយ៉ាងទទូច ដល់សាធារណ:ជនទាំងអស់ ចូលរួមក្នុងការអំពាវនាវរកយុត្តិធម៍នេះ ដើម្បីជាសក្ខីភាពមួយបង្ហាញទៅជនប្រព្រឹត្តបទល្មើសឱ្យយល់ច្បាស់ថា រាល់អំពើហិង្សារបស់ពួកគេ ទៅលើអ្នកដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្ស និងមិនអាចអត់ឱនឱ្យបានឡើយ៕