តថភាពលក់ដូរដែលបង្ហាញពីការរកចំណូលប្រចាំថ្ងៃរបស់ពលរដ្មមួយចំនួននៅផ្សារចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ាន់ស្មានថា ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរនឹងកើនជាង២ពាន់ដុល្លារក្នុងម្នាក់ៗ។ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមួយចំនួនហាក់គ្មានក្តីសង្ឃឹមចំពោះការព្យាករណ៍នេះឡើយ ហើយពួកគេបែរជា រអ៊ូរទាំពីជីវភាព ដោយពួកគេលើកនិយាយថាបច្ចប្បន្នការរកចំណូលមានភាពលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯចំណាយក៏កាន់តែកើន។ ជាមួយគ្នានេះអ្នកជំនាញក៏មើលឃើញនូវដំណោះស្រាយមួយចំនួនដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរពិចារណាក្នុងការដោះស្រាយបញ្ហាប្រឈមប្រជាពលរដ្ឋផងដែរ។
កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍
ការព្យាករណ៍ទៅលើប្រាក់ចំណូលពលរដ្ឋក្នុងឆ្នាំ២០២៤ ដែលមានបញ្ជាក់នៅក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ពលរដ្ឋម្នាក់អាចរកចំណូលបាន២,០៧១ដុល្លារ ហើយចំនួននេះកើនឡើង៨% បើធៀបនឹងឆ្នាំ២០២៣ដែលមាន១,៩១៧ដុល្លារ និងមាន ១,៧៨៤ដុល្លារកាលពីឆ្នាំ២០២២។ ពោលប្រជាពលរដ្ឋម្នាក់នឹងរកចំណូលបានលើសពី២ពាន់ដុល្លា នៅក្នុងឆ្នាំ២០២៤នេះ។ ជុំវិញការប៉ាន់ស្មាននេះ ប្រជាពលរដ្ឋប្រកបរបរលក់ដូរមួយចំនួននៅរាជធានីភ្នំពេញ រៀបរាប់ពីក្តីកង្វល់ពីជីវភាព និង បញ្ហាប្រឈមមួយនៃការរកប្រាក់ចំណូល ដែលពួកគេអះអាថាសុទ្ធតែជាទុក្ខលំបាក ដែលពិបាករកដំណោះស្រាយសម្រាប់ខ្លួន និងគ្រួសារ។ លើសពីនេះដើម្បីជាផ្នែកមួយនៃការសម្រួល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋអ្នកជំនាញសង្គមមើលឃើញនូវដំណោះដែលភាគីពាក់ព័ន្ធទាំងអស់គួរក្រឡេកមើល និងចូលរួមធ្វើជាជំនួយពលរដ្ឋ។
មានមុខរបរជាអ្នកទិញដូរ អេតចាយ ផងនិងធ្វើការសំណង់ផង លោក ចាន់ ធាង និយាយថាលោកគ្មានសង្ឃឹមទៅលើការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ចឡើយ ។ ការណ៍ដែលលោករៀបរាប់ដូច្នេះព្រោះថា ចំណូលដែលរកបានក្នុងមួយថ្ងៃៗ មិនសមាមាត្រទៅនឹងតម្រូវការចាំបាច់ក្នុងគ្រួសាររបស់លោកឡើយ។ បុរសមានវ័យជិត៥០ឆ្នាំរូបនេះ បន្តថា បើនិយាយពីចំណូលដែលខ្លួនរកបានក្នុងមួយថ្ងៃៗ គឺសម្រាប់តែសង់បំណុលធនាគា និងឱ្យកូនរៀនតែប៉ុណ្ណោះ ហើយស្ទើរតែគ្មានចំណែកសម្រាប់ចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃឡើយ។
«យើងបានចំណូលមកពីណាមួយឆ្នាំ២ពាន់លោកអើយ ២ពាន់ចំពោះតែអ្នករកស៊ីសេដ្ឋកិច្ច អ្នកមានពន្ធរកស៊ីទេ រាល់ថ្ងៃនេះស្មើយើងរកមួយថ្ងៃស្មើ យើងរកមួយឆ្នាំន្ន៎បានស្មើគេរកមួយថ្ងៃ…ពិបាកមែនទែន ពិបាកជាងឆ្នាំទៅទៀត ឆ្នាំកូវីដវាថោកមែនតែយើងរកបាន មនុស្សអត់មានដើរចឹងគេនៅតែក្នុងផ្ទះរកបានក្នុងមួយថ្ងៃរកបាន៤ទៅ៥ម៉ឺន ឥឡូវចប់ហើយមកពីរខែហ្នឹងខ្ចីគេអស់៦០ម៉ឺន អត់ទាន់សងគេ យូរទៅគេលែងឱ្យខ្ចីហើយ»
ក្នុងសេចក្តីព្រាងច្បាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបញ្ជាក់ផងដែរទៅលើ កំណើននៃផលិតផលក្នុងស្រុកផងដែរ។ ខ្លឹមសារបង្ហាញថា សម្រាប់ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៤ ត្រូវបានក្រសួងរំពឹងទុកថា នឹងអាចកើនក្នុងទំហំប្រមាណ៣៤.៩៣ពាន់លានដុល្លារ ស្របពេលដែលរដ្ឋាភិបាលបញ្ជាក់ថា ខ្លួននឹងត្រៀមកញ្ចប់ថវិកាសម្រាប់ចាយក្នុងឆ្នាំ២០២៤ចំនួនជាង៩ពាន់លានដុល្លារ។
មិនខុសគ្នាប៉ុន្មានទៅនឹងលោក ចាន់ ធាង ឡើយ។ អ្នកស្រី ចាន់ ឡឹក មានមុខរបរជាអ្នកលក់នំខ្មែរ ក៏រៀបរាប់ពីផលលំបាកដែលអ្នកស្រីរកចំណូលមកផ្គត់ផ្គង់គ្រួសារផងដែរ។ អ្នកស្រីថាក្នុងមួយថ្ងៃអ្នកស្រីរកបានយ៉ាងច្រើនត្រឹមតែ២ម៉ឺន ទៅ៣ម៉ឺនតែប៉ុណ្ណោះ ហើយចំនួននេះថយចុះបើធៀបនឹងការរកចំណូលពីមុនមក។ អ្នកស្រីបន្តថាបច្ចប្បន្នគឺអ្នកស្រីមានបញ្ហាជីវភាពជាខ្លាំងព្រោះថាអ្នកស្រីត្រូវចិញ្ចឹមចៅផង និងសងបំណុលគេផង។
«ពិបាកដោះស្រាយនោះគឺរឿងជីវភាពរស់នៅមិនដឹងថាទៅរកអ្នកណាខ្ចីអ្នកណា នៅពេលដែលអត់រកតែអង្ករមួយកំពុងលុយមួយរៀលក៏គ្មាននៅខ្លួនធ្វើអោយដេកមិនលក់ប៉ុន្មានថ្ងៃនេះវេតនាណាស់ ជំពាក់លុយថ្លៃអង្ករគេពីរគីឡូ»
យ៉ាងណាមិញជុំវិញការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែល លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និងជាអ្នកជជែករឿងរ៉ាវសង្គមមួយរូបផងនោះ យល់ថា ប្រសិនបើក្នុងឆ្នាំ២០២៤នេះប្រជាពលរដ្ឋម្នាក់អាចរកចំណូលលើសពី២ពាន់ដុល្លាមែនក្តី ក៏មិនអាចសមាមាត្រទៅនឹងចំណាយ ព្រមទាំងតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋបានឡើយ។ ការលើកឡើងបែបនេះ ដោយលោកសំអាងទៅលើការសង្កេតឃើញអំពីបរិបទបច្ចប្បន្នថា ទំនិញចាប់ផ្តើមឡើងថ្លៃ ពលរដ្ឋនៅតែមានបញ្ហាខ្ចីបុលធនាគានិងឯកជន ថ្លៃការសិក្សាកូន ហើយមូលហេតុទាំងនេះធ្វើឱ្យលោកនៅមានក្តីបារម្ភទៅលើកិច្ចគាំពាសង្គមដែលប្រជាពលរដ្ឋមួយចំនួនមិនបានគិតគូរ ព្រោះរវល់រកចំណូលផ្គត់ផ្គង់គ្រួសារ។
«ចំណូលពលរដ្ឋដែលមានការកើនឡើង ៨ភាគរយ ដែលជាការអះអាងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជា តួលេខមួយដែ មើល ឃើញអំពីការវិវត្តន៍ នៃការរីកចម្រើនថ្មី ប៉ុន្តែអ្វីដែលយើងពិនិត្យមើលថា តើចំណូលប៉ុណ្ណេះ ម្នាក់ប្រមាណ ជា ២រយដុល្លាជាងហ្នឹង ថា តើអាចនឹងរ៉ាប់រងការរស់នៅសម្រាប់ជីវភាពប្រចាំថ្ងៃបានដែរទេ យើងដឹងថាតម្លៃទំនិញនៅទីផ្សារមានការប្រែប្រួលគួរឲ្យបារម្ភ ភាព ពិសេសមានការកើនឡើង ហើយក្រៅពីនោះដែល ការឧបត្តម្ភទៅលើជីវភាពគ្រួសារដូចជា ការចំណាយសម្រាប់កូនទៅរៀនជាដើម ។
បើសិនជាគ្រួសារហ្នឹងមានបញ្ហាសុខភាពត្រូវទៅព្យាបាលជំងឺញឹកញាប់ ហើយពួកគាត់អត់ស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចគាំពារ សង្គម ខ្ញុំគិតថានៅតែ ជាក្តីបារម្ភនៅឡើយ នេះមិនទាន់រាប់បញ្ចូលនូវ គម្លាតនៃប្រាក់ចំណូលនៃប្រាក់ចំណូលនេះក៏ជារឿងមួយ ហើយ ក្រៅពីនោះរឿងបំណុលធនាគារ តើក្រុមអ្នកដែលទទួលបានប្រាក់ចំណូលប៉ុណ្ណេះ តែពួកគាត់នឹងមានការប្រឈមជាមួយនឹងការសងធនាគារក្នុងរូបភាពណាមួយដែលឬទេ។»
ជាការស្នើសុំ លោក ចាន់ ធាង ចង់ឱ្យមានការគិតគូរទៅលើទំនិញទិញដូរប្រចាំថ្ងៃ ដោយធ្វើយ៉ាងណាឱ្យមានតុល្យភាពទៅនឹងប្រាក់ចំណូលប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកក៏លើកយកពីរបៀបនៃការឡើងថ្លៃទំនិញនៃបណ្តាប្រទេសជិតខាងមកប្រៀបធៀប ហើយលោកចង់ឃើញរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិចារណា យកចិត្តទុកដាក់ទៅលើបញ្ហានេះដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។
«ស្នើអោយមានការដោះស្រាយទំនិញលក់ដូរកុំឱ្យកើតឡើងតាមសេរីតាមនឹងឃើញអត់មានកំណត់ដូចប្រទេស ថៃ ប្រទេសថៃគេកំណត់បើកយើងមានក្រុមគ្រួសារចាប់ពីអាយុ៦០គេមាន ប័ណ្ណសុខភាពពែលឈឺរដ្ឋគេមើល។»
ជាដំណោះស្រាយ លោក សន ជ័យ យល់ថា រដ្ឋាភិបាល អង្គការ ជាពិសេសស្ថាប័នដែលធ្វើការទាក់ទងបញ្ហាទាំងនេះគួរចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើតជាយុទ្ធសាស្រ្តយូរអង្វែងណាមួយដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ តាមរយៈការដាក់ចេញជាយន្តការ និងវិធីសាស្រ្តប្រសិទ្ធភាពក្នុងការធានាផ្នែកសេដ្ឋកិច្ច ឱ្យស្ថិតក្នុងលក្ខណៈល្អប្រសើរ ទើបអាចសម្រួលបញ្ហាជីវភាពរស់នៅពលរដ្ឋមួយចំនួនបាន។
«ខ្ញុំយល់ថាកម្ពុជាគួរតែដល់ចំណុចមួយទៀត គឺការប្រឹងប្រែង ការប្រឹងប្រែងហ្នឹងគឺជាការប្រើរួមដែលជាការបង្កបរិយាប័ន្នទៅដល់ អាជីវកម្ម ការ បង្កបរិយាប័ន្ន ដល់ការវិនិយោគដូចជា ការជួយជ្រោមជ្រែង ជាពិសេសគឺយើងចង់ឃើញនូវផ្នត់គំនិតអាជីវកម្មនេះកើតឡើងនៅក្នុងគំនិតរបស់ អ្នកដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានជាពិសេស គឺការរកចំណុចរួមមួយ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចដំណើរការបានល្អ អញ្ចឹងការគិតគូរទាំង អ្នកនយោបាយ អ្នកនយោបាយប្រឆាំងក៏ដូចជាអ្នកនយោបាយកាន់អំណាច រួមទាំងអ្នកនយោបាយនៅមូលដ្ឋាន ការគិតគូរ ការរកដំណោះស្រាយ រួមគ្នា ដើម្បីគំនិត ឬក៏រកឱកាសថ្មី ៗ ដើម្បី បង្កើនប្រាក់ចំណូលដល់ពលរដ្ឋរបស់ខ្លួន។»
ក្នុងកម្មវិធីគោលនយោបាយរដ្ឋាភិបាលនីតិកាលទី៧ គឺបន្តអនុវត្ត លើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេស ជឿនលឿនមួយ ក្នុងតំបន់។ ក្នុងនោះនៅចំណុចទី៣ នៃកម្មវិធីគោលនយោបាយរដ្ឋាភិបាលដាក់ចេញថា «កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និង ចីរភាពហិរញ្ញវត្ថុ ដែលធានា ការផ្តល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និង ភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និង ការរស់នៅ»៕