នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ប្រជាពលករដ្ឋបានប្រទះឃើញពុទ្ធបដិមាចំនួន២អង្គកប់ក្នុងដី ក្រោយមន្ដ្រីជំនាញពិនិត្យ និងវាយតម្លៃបានសន្និដ្ឋានថា មានអាយុកាលនៅអំឡុងសតវត្សន៍ទី៧ ក្នុងរចនាបទភ្នំដា។ នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

ក្រសួងបានបន្ដឱ្យដឹងថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានសាងពីថ្មភក់ ដោយមួយអង្គមានរូបរាងជាព្រះពុទ្ធសមាធិ មានកម្ពស់ប្រហែល ៨០សង់ទីម៉ែត្រ និងព្រះភ្នែនប្រហែល ៦៧សង់ទីម៉ែត្រ។ ចំណែកមួយអង្គទៀត ជាព្រះពុទ្ធទីបង្ករ មានកម្ពស់ប្រហែល ១.៥០ម៉ែត្រ និងមានជើងទម្រប្រហែល ៦៧សង់ទីម៉ែត្រ។

តែយ៉ាងណាពុទ្ធបដិមាទាំងពីរនេះ មានសភាពបាក់បែកខ្លះ ទើបក្រុមការងារមន្ទីរវប្បធម៌ខេត្តតាកែវ បានសម្រេចប្រគល់រូបចម្លាក់ទាំងពីរព្រះអង្គ មករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ក្នុងក្រុងភ្នំពេញ នៅថ្ងៃជាមួយមួយ។

លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា វត្ថុបុរាណទាំងពីរអង្គនេះ នឹងត្រូវរក្សាទុកនៅសារមន្ទីរជាតិ សម្រាប់បន្តការសិក្សា អភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សារធារណជននាពេលអនាគត។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការរាយការណ៍របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុក ជាការចូលរួមថែរក្សា និងការពារវត្ថុបុរាណដែលជាសម្បត្តិបេតិកភណ្ឌជាតិ៕