គណបក្ស កម្លាំងជាតិ កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៣ បានដាក់សំណើមួយ ជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្នើសុំពិនិត្យលើលទ្ធភាពដោះស្រាយបញ្ហា នៃវិបត្តិបំណុលវ័ណ្ឌក ក្នុងចំណោមប្រជាពលរដ្ឋដែលបាន ខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក។ ក៏ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលបដិសេធ មិនទាន់អាចអត្ថាធិប្បាយអី្វបានទេជុំវិញសំណើនេះ។
(លោកអ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍)
មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលនិយាយថា មិនទាន់អាចអត្ថាធិប្បាយអី្វបានទេ ជុំវិញសំណើរបស់ គណបក្ស កម្លាំងជាតិ បានដាក់លិខិតសំណើមួយច្បាប់ជូន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៣ ដែលស្នើសុំពិនិត្យលទ្ធភាពដោះស្រាយវិបត្តិបំណុលវ័ណ្ឌ ក ក្នុងចំណោមប្រជាពលរដ្ឋដែលបាន ខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក។ សំណើនោះបានលើកឡើងថា៖
«ផ្អែកតាមរបាយការណ៍ ស្រាវជ្រាវជាច្រើនបង្ហាញថា “គិតមកដល់ឆ្នាំ២០២៣នេះ មានគ្រួសារជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន កើនឡើងរហូតដល់ជាង ៣លានគ្រួសារ ស្មើនឹង ប្រមាណ ៧៣% នៃគ្រួសារសរុបជាង ៤លានគ្រួសារ ដែលមានទំហំបំណុលលើសពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុក (GDP)”។ ការណ៍នេះ គ្រួសារដែលកំពុងជំពាក់បំណុលវ័ណ្ឌក ប្រឈមនឹងការបង្ខំរឹបអូសទ្រព្យសកម្មរបស់ពួកគាត់ដើម្បីទូទាត់បំណុល ពីព្រោះគ្រប់ប្រភេទនៃគម្រោងប្រាក់កម្ចី គឺសុទ្ធតែដាក់តម្កល់នូវប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិទ្រព្យសកម្មនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដូចជា ប្លង់ផ្ទះ និងប្លង់ដីធ្លីស្រែចំការជាដើម»។
នៅក្នុងសំណើនោះ គណបក្សកម្លាំងជាតិបានឆ្លៀតផ្ដល់អនុសាសន៍របស់ខ្លួនថា រាជរដ្ឋាភិបាល គួរប្រើប្រាស់បំណុលសាធារណៈរបស់រដ្ឋ (Public Debts) ដើម្បីយកទៅដោះស្រាយវិបត្តិបំណុលវ័ណ្ឌករបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារកសិករ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល គួរបង្កើតគោលនយោបាយស្តីពីការអនុគ្រោះបញ្ចុះអត្រាការប្រាក់ រួមទាំងការ ពន្យារពេលសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន យ៉ាងហោចណាស់ចំនួន ២ (ពីរ)ឆ្នាំ ចំពោះ ប្រជាពលរដ្ឋដែលជំពាក់បំណុលវ័ណ្ឌក។ បន្ថែមលើនេះ គណបក្សប្រឆាំងនេះណែនាំរាជរដ្ឋាភិបាល គួរជំរុញឱ្យធនាគារអភិវឌ្ឍន៍ជនបទ និង (កសិកម្ម (ADB) ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ រៀបចំគម្រោងផ្តល់ហិរញ្ញប្បទានបៃតង មួយផ្នែកទុកសម្រាប់ផ្តល់ជូនគ្រួសារកសិករដែលកំពុងជំពាក់បំណុលវ័ណ្ឌក ដើម្បីបានខ្ចីប្រាក់កម្ចីដែលមានអត្រាការប្រាក់ ទាបបំផុត»។
ជុំវិញរឿងនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបប្រាប់វិទ្យុស្ត្រី តាមប្រព័ន្ធ វ៉តស្អាប (WHATSAPP) ដោយបដិសេធមិនផ្ដល់ប្រិតិកម្មអ្វីឡើយ។
លោកបានសំណេថា៖ «ខ្ញុំអត់មានអត្ថាធិប្បាយអីទេ បើមានព័ត៌មានអីថ្មី ចាំខ្ញុំជម្រាបជូន សូមអរគុណ»។

នៅក្នុងរឿងនេះតាមរយៈការផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុស្ត្រី អ្នកតាមដានការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ថា ការលើកឡើងពីពលរដ្ឋភាគច្រើនវ័ណ្ឌ ក នឹងបំណុលនោះ មិនខុសទេ ដ្បិតពលរដ្ឋខ្មែរប្រមាណ ៨០-៩០ ភាគរយ ដែលជំពាក់បំណុល ។ តែលោកយល់ថាបច្ចុប្បន្នទំនងរដ្ឋាភិបាលក៏មិនអាចមានលទ្ធភាពដោះស្រាយបញ្ហានេះបានដែរ ព្រោះបញ្ហាសេដ្ឋកិច្ច ហើយលោកផ្ដល់ការវិភាគថា ដើម្បីជួយមិនឱ្យកូនបំណុលបង់ប្រាក់ វាមិនមែនជារឿងធម្មតាទេ លុះត្រាតែរដ្ឋាភិបាលមានលុយច្រើនណាស់ទើបអាចធ្វើទៅបាន ។
«ខ្ញុំមិនរំពឹងថារដ្ឋនិងមានលទ្ធភាពធ្វើយ៉ាងម៉េចបាន យើងដឹងហើយថា ការកាត់បំណុលឬជួយមិនឱ្យសងបំណុលអីនេះ វាមិនមែនជារឿងធម្មតា ដែលគ្រាន់តែយកលុយឬក៏ប្រាប់ទៅធនាគាឱ្យឈប់សងបាននោះទេ ធនាគារ ហើយនឹងស្ថាប័ន្ថប្រាក់កម្ចី វាក៏ជាសសៃរឈាមសេដ្ឋកិច្ចជាតិដែរបាទ។ ឧទាហរណ៍ថារាស្ត្រឈប់បង់ តើរដ្ឋមានលទ្ធភាពអីជួយទប់ដល់ស្ថាប័ន្ថ ប្រាក់កម្ចីទាំងអស់និងដើម្បីឱ្យគេរស់បានដែរបាទ ស្ថាប័ន្ថប្រាក់កម្ចីទាំងអស់ហ្នឹង មែនទែនទៅ ក៏គេមានភាគហ៊ុនឬក៏ខ្ចីពីខាងក្រៅមកដែរ បើផ្តួលគេខាងក្នុង គ្នាហ្នឹងក៏មិនមានលទ្ធភាពអីសងគេទៅម្ចាស់ជំនួយឬម្ចាស់ភាគហ៊ុនដែលគេដាក់ហ៊ុនមកពីខាងក្រៅ ឬក៏កម្ចីដែលគេខ្ចីមកពីខាងក្រៅដែរ វាពាក់ព័ន្ធគ្នាអញ្ចឹង បានតែថា វាទាល់តែរដ្ឋាភិបាលនិងមានលទ្ធភាព បានអាចធ្វើទៅកើត»។

ពលកម្មកុមារ និងកុមារបោះបង់ការសិក្សាដោយសារបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ គឺកើតឡើងញឹកញាប់ខ្លាំង ។ ប្រមាណជា ៣%នៃប្រជាពលរដ្ឋតាមខ្នងផ្ទះ បានឱ្យកូនបោះបង់ការសិក្សា ដោយសារតែកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយកុមារជាច្រើនត្រូវទៅធ្វើការជួយរកប្រាក់ ដើម្បីបង់សងកម្ចីទាំងនោះវិញ ។ នេះបើតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ដែលបានចេញផ្សាយនៅខែសីហា ឆ្នាំ២០២៣។ របាយការណ៍នេះបានសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ បង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ។ ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ៕
អត្ថបទ៖អ៊ុក ដែន