អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាច្រើនលានគ្រាប់ នៅជិតព្រំដែនរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ឈានដល់ការឃាតខ្លួនជនសង្ស័យចំនួន ២នាក់។
(កញ្ញា សៃ ចន្ធី រាយការណ៍)
អាជ្ញាធរថៃបានឱ្យដឹងថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ ត្រូវបានរឹបអូសពីទីតាំងដែលនៅជិតព្រំដែនប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។ ករណីរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីននេះ បានក្លាយជាកំណត់ត្រាមួយសម្រាប់ប្រទេសថៃ និងជាការរឹបអូសដែលទទួលបានជោគជ័យធំជាងគេទីពីររបស់ប្រទេសនៅក្នុងភាគអាស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមសម្រង់សម្តីរបស់អាជ្ញាធរថៃ បានបញ្ជាក់ទៀតថា អាជ្ញាធរបានរកឃើញគ្រាប់ថ្នាំញៀនប្រភេទមេតំហ្វេតាមីននៅក្នុងបាវធំៗជាច្រើនបាវ ដែលដាក់នៅខាងក្រោយរថយន្តកង់ប្រាំមួយ និងត្រូវបានស្ទាក់ចាប់ដោយមន្ត្រីប៉ូលីស និងទាហានថៃកាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាធរថៃអះអាងថា ការស្ទាក់ចាប់នេះធ្វើឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយក្នុងខេត្ត Kanchanaburi ភាគខាងលិចនៃប្រទេសថៃ។
ក្រោមការអន្តរាគមន៍ពីអាជ្ញាធរថៃរឹបអូសបានថ្នាំញៀនប្រភេទខាងលើបានជាច្រើនបាវ មន្ត្រីប៉ូលីស និងទាហានថៃក៏បានចាប់ខ្លួនជនសង្ស័យពីររូបដែលស្ថិតនៅក្នុងរថយន្តផងដែរ ដែលក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់។ ជាមួយគ្នានេះដែរ លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះគឺស្ថិតនៅលំដាប់ទីពីរក្នុងចំណោមការរឹបអូសថ្នាំធំជាង ៥៥លានគ្រាប់ក្នុងប្រទេសឡាវនៅជិតតំបន់ត្រីកោណមាស។
លោក Jeremy Douglas បានបន្ថែមទៀតថា ក្រុមឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍ គឺធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីងាយស្រួលក្នុងការរត់ពន្ធថ្នាំញៀន ដែលផលិតនៅរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងឆ្ពោះទៅភាគខាងត្បូង។ លោកថា បណ្តាញចែកចាយនេះ បានចែកចាយទៅដល់ប្រទេសជប៉ុននិងនូវែលសេឡង់ទៀតផង។
ការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីននេះ បានធ្វើឱ្យមានផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើលំហូរគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសថៃ ខណៈក្រុមឧក្រិដ្ឋករកំពុងបង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយតម្លៃថ្នាំញៀនប្រភេទនេះផងដែរ។ នេះបើយោងតាមការអះអាងរបស់លោក Jeremy Douglas ៕
ប្រភព៖ CNA ចុះថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣