ប្រជាពលរដ្ឋជនជាតិភាគតិចក្នុងស្រុកតាវែង ខេត្តរតនគិរី បានត្អូញត្អែរពេលទៅទទួលសេវានៅមណ្ឌលសុខភាព ខណៈក្រុមគ្រូពេទ្យព្រងើយកន្ដើយមិនសូវយកចិត្តទុកដាក់ និងប្រើសម្ដីអសុរោះដាក់អ្នកជំងឺ។ តែរដ្ឋមន្ដ្រីក្រសួងសុខាភិបាលធ្លាប់បានលើកថានឹងប្ដេជ្ញាពង្រឹងគ្រូពេទ្យ ត្រូវមានមានសីលធម៌ល្អ ទាំងអកប្បកិរិយា និងការនិយាយស្ដីជាមួយអ្នកជំងឺ។
កញ្ញា ទៀ រតនា ជូននូវសេចក្ដីរាយការណ៍៖
សហគមន៍ជនជាតិដើមភាគតិចមួយចំនួន ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានរៀបរាប់ពីបញ្ហាលំបាកក្នុងការមកទទួលសេវានៅមណ្ឌលសុខភាព ដោយគ្រូពេទ្យមួយចំនួនមិនសូវយកចិត្តទុកដាក់ ថែទាំអ្នកជំងឺឲ្យបានទាន់ពេលវេលា ដែលធ្វើឲ្យពលរដ្ឋទាំងនោះមិនសប្បាយចិត្ត ក្រោយពេលមកទទួលសេវាសុខភាពនៅទីនេះ។ ប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលសេវាព្យាបាលជំងឺ និងយកចិត្តទុកដាក់ពេញលេញសម្រាប់ពួកគេ។
កញ្ញា លីស ស៊ីភេ ពលរដ្ឋជនជាតិដើមភាគតិចព្រៅ បានប្រាប់ក្រុមសារព័ត៌មានវិទ្យុស្ដ្រីថា កន្លងមក កញ្ញាមកទទួលសេវាព្យាបាលមណ្ឌលសុខភាព ហើយពេលខ្លះគ្រូពេទ្យមិនសូវបានគិតគូរពីអ្នកជំងឺទាល់តែសោះ ដោយគ្រូពេទ្យមួយចំនួនធ្វើការប្រចាំតួនាទីរៀងៗខ្លួន និងមិនបានបំពេញកិច្ចការជាពេទ្យបម្រើជូនប្រជាពលរដ្ឋក្នុងការមកព្យាបាលជំងឺ។

« គេអត់សូវយកចិត្តទុកដាក់ទេ ព្រោះអីគេថាពេលខ្លះក៏យើងឈឺស្រាលៗទៅគេអត់សូវខ្វល់ពីយើងទេ ទាល់តែយើងឈឺប្រកាច់ប្រកិនអី នៅតែគេមិនសូវខ្វល់ដែរ តែដោយសារយើងថាប្តឹងគេអីហ្នឹងបានគេគិតគូរដល់យើង។ បងខ្ញុំបិះស្លាប់ គេប្តឹងដល់ពេទ្យថា គេប្តឹងដល់លោកចៅហ្វាយស្រុកនោះបានគេទៅ បងខ្ញុំបើមានសំបុត្រក្រីក្រទៅគេអត់សូវខ្វល់ខ្វាយទេចាំគេឡើង ពីរបីម៉ោង ៦-៧ម៉ោងអត់ឃើញគេ យើងថាមកព្យួសារ៉ូមគេអត់សូវយកចិត្តទុកដាក់ទេ »។

ចំណែក លោកស្រី ឡាក់ សុផៀង ពលរដ្ឋជនជាតិដើមភាគតិចមួយរូបនៅក្នុងស្រុកតាវែងដែរ បាននិយាយពីការមកទទួលសេវាកម្មនៅមណ្ឌលសុខភាពថា ភាគច្រើនពេទ្យមួយចំនួនបានប្រើពាក្យសំដីអសុរោះទៅកាន់អ្នកជំងឺមកព្យាបាល និងខ្លះទៀតការទទួលមើលថែមិនមានការយកចិត្តទុកដាក់ គ្មានការពិនិត្យសុខភាពទៀងទាត់នោះទេ។
លោកស្រីបានថា៖ «បើថាពេលខ្លះហ្នឹងគេទទួលល្អ អើ! ពេលខឹងទទួលយើងអត់ល្អដែរហ្នឹង! បើគេនឹងហើយបើយើងសួរ ជាពិសេសយើងសួរច្រើន បើចង់ដឹងអ្វីយើងសួរពួកគេ គេឆ្លើយកាចៗមកយើង យើងឈប់សួរចឹង ចំណែកមណ្ឌលសុខភាពនៅតាវែងយើង ពេលយើងមានជំងឺតិចតួច ខ្ញុំដូចថាគេមិនចាប់អារម្មណ៍និងណាស់»។

ដោយឡែក លោក ភឿ ទៀ ជាមេភូមិកិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានលើកអំណះអំណាងថា ការផ្តល់សេវាមណ្ឌលសុខភាពរបស់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព មិនមានភាពល្អប្រសើរនៅឡើយទេ។ ក្នុងនោះមានការមិនបានខ្វល់ខ្វាយពីអ្នកជំងឺ ដែលឈឺត្រូវមកព្យាបាល និងពិនិត្យពីគ្រូពេទ្យឯកទេសមួយៗឡើយ។
លោកថ្លែងថា៖ «ការងារប្រចាំការយឺតយ៉ាវម៉ោង៨-៩អ្នកជំងឺប្រជាពលរដ្ឋមក ទៅម៉ោង៩ទៅម៉ោង១០អី អត់មានទេ ខាងពេទ្យមណ្ឌលនោះអត់មានទេ តាមអ្នកខ្លះគេមកដូចគ្នា ទៅមកៗ ដល់អ្នកជំងឺគេចាំទៅគេខឹងទៅវិញ គេសួរនេះសួរនោះគេធ្វើដូចមិនដឹងមិនលឺអញ្ចឹងណាស់! ហើយដល់ពេលមានអ្នកជំងឺមកពីភូមិ ពីផ្ទះសំបែង គេមករកមណ្ឌលសុខភាពដល់នោះ គេថាអត់អើពើ ដូចគេមើលងាយមើលស្រាលម៉ងហ្នឹង អត់មានថាគេធ្វើទៀងទាត់ដូចស្រុកផ្សេងៗ ពិសេសមណ្ឌលវើនសៃស្រុកវើនសៃនោះខ្លាំងណាស់ឲ្យ ណាអ្នកជំងឺមកជាភ្លាមហ្មងបើថាគេបានមិនបាន បានន័យថាគេធ្វើលិខិតបញ្ជូនទៅបង្អែក បើថាខាងតាវែងវិញអត់ទេៗ១រយភាគរយក៏គ្មាន ហើយនៅពេលអ្នកជំងឺកើតអីឲ្យទិញថ្នាំនៅក្រៅ ឬថ្នាំចាក់ថ្នាំអី ចឹងបានខ្ញុំសួរថា តើខាងពេទ្យមណ្ឌលតាវែងយើងថ្នាំចាក់ឬសារ៉ូមអីខ្លាំងៗឬថ្នាំខ្លាំងមកពីបង្អែកប្រធានធំមេធំអីអត់មានបើកឲ្យថ្នាំចាក់ថ្នាំអីដូចពេទ្យមណ្ឌលផ្សេងៗ? គេថាអត់មាន អ្នកខ្លះថាអត់មានអ្នកខ្លះអត់ឆ្លើយហ្មង ដល់ពេលវេទិកាថ្នាក់ឃុំ ថ្នាក់ស្រុកអីប្រជាពលរដ្ឋលើកឡើងថាខ្វះមណ្ឌលសុខភាពអញ្ចេះៗគេខឹងទៅវិញចង់ប្តឹងផ្តល់ប្រជាពលរដ្ឋវិញ ចុះតាមមូលដ្ឋានផ្សព្វផ្សាយថាកុំអាលសែនអ្នកជំងឺឈឺថ្កាត់កុំអាលសែនប្រេនទៅមណ្ឌលសិនទៅពេទ្យសិនដល់ពេលទៅនោះអត់អីទេ អត់មានមើលថែទាំច្បាស់លាស់ពតិប្រាកដទេ»។
ទោះបែបនេះក្ដី វិទ្យុស្ដ្រីមិនបានទទួលការឆ្លើយតបពី លោក អន សុខា ប្រធានគ្រប់គ្រងមណ្ឌលស្រុកតាវែងនោះទេ រហូតមកដល់ពេលនេះ។ លោកបានបដិសេធមិនឆ្លើយតបសំណួរអ្នកសារព័ត៌ និងរុញឱ្យទៅសម្ភាសន៍ថ្នាក់លើបន្ដទៀត។

លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថ្មី ក្នុងអាណត្តិទី៧នេះ ធ្លាប់បានឱ្យពង្រឹងបន្ថែមដោយធ្វើយ៉ាងណាជំរុញ ឱ្យគ្រូពេទ្យមានសីលធម៌កាន់តែល្អ ទាំងអកប្បកិរិយា និងការនិយាយស្ដីជាមួយអ្នកជំងឺត្រូវមានវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ និងប្រកបដោយចិត្តសាស្ត្រ។ លោកថាក្រសួងនឹងអនុវត្តវិធានការសកម្មភាពចំនួន៣ ដើម្បីសម្រេចបាននូវលទ្ធផលជោគជ័យនៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។ ក្នុងនោះរួមមាន ពង្រឹងមណ្ឌលសុខភាព បំពាក់សម្ភារៈបរិក្ខារបន្ថែម រួមទាំងការផ្គត់ផ្គង់ឱសថ ពង្រឹងសមត្ថភាព បុគ្គលិក ដើម្បីធានាការផ្តល់សេវា២៤ម៉ោង និង ពង្រឹងគុណភាព សុវត្ថិភាព និងសមធម៌ នៃសេវាទាំងនៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ព្រមទាំងនិយ័តកម្មសេវាឯកជនឱ្យកាន់តែប្រសើរឡើង និងត្រូវយកសេវាឯកជនជាដៃគូនឹងសេវាសាធារណៈ។ មួយទឿតនោះគឺពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់លើភាពជាអ្នកដឹកនាំ ជំនាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
តែយ៉ាងណា ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង គឺមអេង បានលើកឡើងថា កន្លងមកមានការលើកឡើងពីក្រសួងសុខាភិបាលដោយពង្រឹងលើក្រមសីលធម៌គ្រូពេទ្យជាច្រើនដងមកហើយដែរ ប៉ុន្តែលោកហាក់មិនមានការកត់សម្គាល់ឃើញថាមានភាពល្អប្រសើរគ្រប់គ្រាន់នៅឡើយទេ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ទៀ រតនា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕