លទ្ធផលនៃព្រះរាជសវនាការ រវាង ព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី និងលោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ រូបភាព៖ ក្រសួងការបរទេស
ភ្នំពេញ៖ លោក Emmanuel MACRON ប្រធានាធិបតីបារាំង បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីរូបនេះលើកឡើងក្នុងជំនួបព្រះរាជសវនាការរវាងព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្ដម សីហមុនី នាវិមានប្រធានាធិបតីបារាំង Élysée ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលព្រះរាជសវានកា រវាងព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីសាធារណរដ្ឋបារាំង មានខ្លឹមសារបញ្ជាក់ថា បន្ទាប់ពីព្រះមហាក្សត្រមានព្រះរាជបន្ទូលពីក្តីរំពឹងយ៉ាងក្នុងការចូលរួមកិច្ចសហប្រតិបត្តិកា ក្នុងការជួយដល់វិស័យវប្បធម៌នៅកម្ពុជា។
ជាការឆ្លើយតប ប្រធានាធិបតីបារាំងបានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការបន្តជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ បន្ថែមពីនេះលោកសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង តបទៅតាមសំណើររបស់ព្រះមហាក្សត្រ។
លើសពីការយកចិត្តទុកដាក់ទៅលើវិស័យវប្បធម៌ ប្រធានាធិបតីបារាំងក៏បានលើកឡើងពីការបន្តជួយជ្រោមជ្រែងទៅលើវិស័យសុខាភិបាលនកម្ពុជាផងដែរ។ ដោយធ្វើឡើងតាមរយៈការជួយដល់ការបណ្ដុះបណ្តាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។
ព្រះបាទនរោត្តម សីហមុនី បំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងរយៈពេល៦ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទ្រង់ក៏ត្រូវយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរនៅសាធារណរដ្ឋបារាំង។ ជាងនេះដែរ ព្រះរាជសន្និសីទធ្វើឡើងសម្រាប់កិច្ចគាំពារនិងអភិវឌ្ឍន៍អង្គរក្នុងសម័យប្រជុំលើកទី៤២របស់អង្គការយូណេស្កូ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៥ ស្អែកនេះ។ នេះបើយោងតាមក្រសួងការបទេសកម្ពុជា៕