អាជ្ញាធរថៃរាយការណ៍នៅយប់ថ្ងៃអង្គារ ទី៣ ខែតុលាថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ដែលបណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់ភ្លាមៗ។ ជនរងគ្រោះទាំងពីរនាក់នេះ ត្រូវអាជ្ញាធរកំណត់អត្តសញ្ញាណថាជាភ្ញៀវទេសចរបរទេស ដែលម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា។ ក្រោយផ្ទុះហេតុការណ៍នេះ នាយករដ្ឋមន្រ្តីថៃចេញមុខចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចៀសការភ័យខ្លាចពីបណ្តាភ្ញៀវទេសចរបរទេស។
(កញ្ញា កែវ សុជាតា រាយការណ៍)
យោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃពុធ ទី៤ ខែតុលានេះឱ្យដឹងថា នៅរសៀលម៉ោងប្រហែលជា ៤:៣០នាទីនាថ្ងៃអង្គារ ទី៣ ខែតុលាម្សិលមិញ មានផ្ទុះករណីបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ដែលបង្កជាការភ្ញាក់ផ្អើលដល់មនុស្សរាប់រយនាក់កំពុងស្ថិតក្នុងកន្លែងកើតហេតុនេះផងដែរ។
នៅក្នុងនោះ មន្រ្តីប៉ូលីសបញ្ជាក់ថា សំឡេងស្នូលកាំភ្លើងបន្លឺឡើងរហូតទៅដល់ ១០ដង ដែលធ្វើឱ្យមនុស្សម្នានាំគ្នាឆ្លេឆ្លារត់ចេញពីផ្សារទំនើបជាបន្ទាន់ ខណៈមនុស្សចំនួន ២នាក់បានស្លាប់ភ្លាមៗ និងមនុស្សចំនួន ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ យ៉ាងណាមិញ លោក យុត្ថាណា សេដ្ឋាណាន់ នាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ Erawan នៃទីក្រុងបាងកក រាយការណ៍ថា បច្ចុប្បន្នទិន្នន័យអ្នកស្លាប់មានរហូតដល់ទៅ ៣នាក់ និង៦នាក់ទៀតរងរបួសកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ក្នុងហេតុការណ៍នេះ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ហើយជនសង្ស័យរូបនេះមានវ័យទើបតែ ១៤ឆ្នាំប៉ុណ្ណោះ។ យោងតាមការស៊ើបអង្កេត ប៉ូលីសបានរកឃើញគ្រាប់កាំភ្លើងចំនួន ៥ គ្រាប់នៃទំហំផ្សេងៗ, សំបកគ្រាប់ចំនួន ១៥ គ្រាប់ដែលមានទំហំខុសៗគ្នា, កាំភ្លើងខ្លីពណ៌ប្រាក់ចំនួន ១ដើម, កាំភ្លើងខ្លីក្លែងក្លាយ ១ដើម និងកាំភ្លើងធំពណ៌ខ្មៅមួយដើម។ ជនសង្ស័យជាអនីតិជនត្រូវបានកម្លាំងសមត្ថកិច្ចដាក់ឱ្យនៅដាច់ដោយឡែក និងមើលថែតាមសិទ្ធិយុវជន។ ជាងនេះទៀត កម្លាំងសមត្ថកិច្ចថា ជនសង្ស័យត្រូវការការត្រួតពិនិត្យ និងមើលថែយ៉ាងដិតដល់បំផុតពីសំណាក់វេជ្ជបណ្ឌិត និងគ្រូពេទ្យវិកលចរិត បន្ទាប់ពីជនសង្ស័យរូបនេះប្រាប់ប៉ូលីសថា គេបានឮសំឡេងនរណាម្នាក់បញ្ជាឱ្យបាញ់ប្រហារទើបខ្លួនធ្វើតាមបញ្ជារបស់ជននោះដោយមិនបានគិតពិចារណាឱ្យបានដិតដល់។
យ៉ាងណាក្រោយការណ៍អន្តរាគមន៍របស់មន្ត្រីប៉ូលីស ឯកអគ្គរដ្ឋទូតចិនបានអរគុណដល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលទទួលអ្នករងរបួសទាំងអស់ក្រោមការមើលថែរបស់ព្រះមហាក្សត្រ។ លោកក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីថៃទាំងអស់ដែលបានចាត់វិធានការភ្លាមៗ ក៏ប៉ុន្តែស្ថានទូតចិនបានស្នើឱ្យរដ្ឋាភិបាលបង្ហាញវិធានការសន្តិសុខ ដើម្បីស្ថានទូតអាចជួយផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋចិន ដើម្បីឱ្យពួកគេយល់អំពីបញ្ហានេះ។ ទន្ទឹមគ្នានេះដែរ លោកថា ហេតុការណ៍នេះអាចបង្អាកការធ្វើដំណើររបស់ចិនមកកាន់ប្រទេសថៃ នៅអំឡុងពេលថៃលើកលែងទិដ្ឋាការដល់ជនជាតិចិន។
ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បញ្ជាក់ថា លោកបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រួមមាន ក្រសួងទេសចរណ៍ ក្រសួងការបរទេស ក្រសួងសុខាភិបាល និងនគរបាលជាតិបើកការស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យកើតមានករណីបែបនេះ និងបង្កើតវិធានការបង្ការជាបន្ទាន់។ សម្តេចអះអាងទៀតថា រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាពរបស់អ្នកធ្វើដំណើរទាំងអស់ ពិសេសភ្ញៀវទេសចរដែលមានបំណងមកដើរលេងកម្សាន្តនៅក្នុងប្រទេសថៃ៕
ប្រភព៖ AP ចុះថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣