en     km
en     km

ក្រសួងព័ត៌មានទាមទារឱ្យអ្នកសារព័ត៌មានសហការពង្រឹងវិជ្ជាជីវៈ ដើម្បីជោគជ័យប្រឆាំងព័ត៌មានក្លែងក្លាយ

Share

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំទៅហើយដែលក្រសួងព័ត៌មានធ្វើការប្តេជ្ញាពង្រឹងគុណភាពវិស័យសារព័ត៌មានក្នុងតំបន់ ហើយថ្មីៗនេះក្រសួងព័ត៌មានហាក់បង្ហាញភាពសកម្មក្នុងការសហការ ធ្វើយ៉ាងណាធានាបាននូវទំនុកចិត្តប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន តាមរយៈការលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ យ៉ាងណាមិញដើម្បីសម្រេចបាននូវការប្តេជ្ញាទាំងនេះក្រសួងគ្រោងនឹងមានវិធានការមួយចំនួន ហើយទាមទារឱ្យមានការចូលរួមពីស្ថាប័នសារព័ត៌មានទាំងអស់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយផលិតនូវព័ត៌មានពិតផ្អែកលើតថភាពសង្គម។

កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍……

មិនខុសគ្នាទៅនឹងអាណត្តិមុនៗទេ គេតែងសង្កេតឃើញថារដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មីក្នុងអាណត្តិនិមួយៗ នៅតែបន្តប្តេជ្ញាពង្រឹងគុណភាពសារព័ត៌មានក្នុងតំបន់ ដោយសហការជាមួយភាគីពាក់ព័ន្ធនានា ធ្វើយ៉ាងណាលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយជៀសវាងបង្កឱ្យមានផលជះអវិជ្ជមានទៅដល់អ្នកទទួលបានព័ត៌មាន។ ជាក់ស្តែងថ្មីៗនេះ ក្រសួងព័ត៌មានហាក់ខ្នះខ្នែង បង្កើនទំនាក់ទំនងជាមួយនឹងដៃគូមួយចំនួន រួមមាន អង្គការ UNESCO ព្រមទាំងបណ្តាប្រទេសជិតខាងមួយចំនួនទាក់ទងទៅនឹងវិស័យសារព័ត៌មាន ដោយនៅក្នុងជំនួបពិភាក្សាការងារលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ថ្មីតែងលើកនូវបញ្ហានៃផលប៉ះពាល់ដោយសារព័ត៌មានក្លែងក្លាយ ដើម្បីស្នើឱ្យមានការសហការ និងស្វែងរកដំណោះស្រាយរួម។

ជុំវិញបញ្ហានេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួងព័ត៌មានប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា​ក្រសួងគ្រោងនឹងមានយន្តការមួយចំនួន ក្នុងការធ្វើឱ្យការប្តេជ្ញានៅអាណត្តិទី៧នេះទទួលបានជោគជ័យ។

លោក ទេព អស្នារិទ្ធ៖«គឺត្រូវរៀបចំជាការផ្តល់វគ្គបំពាក់បំព័ន្ធបន្ថែមបាទ ដើម្បីសំដៅពង្រឹងទីមួយជំនាញអ្នកសារព័ត៌មានផង ប៉ុន្តែបន្ថែមពីលើហ្នឹងគឺយើងសំដៅធ្វើយ៉ាងណាឱ្យការសរសេរព័ត៌មាន និងការផលិតព័ត៌មានគឺមានគុណភាព ហើយត្រូវតាមការវិវត្តន៍នៃវិស័យបច្ចប្បន្នក្នុងសង្គមទាំងសង្គមកម្ពុជា ទាំងក្នុងតំបន់របស់យើងបាទ»

ពាក់ព័ន្ធទៅនឹងការប្តេជ្ញារបស់ក្រសួងព័ត៌មាន លោក ​សយ សុភាព ប្រធានមជ្ឈមណ្ឌលដើមអម្ពិល សូមមិនបញ្ចេញយោបល់អ្វីទាំងអស់ ដោយលោកអះអាងថាបញ្ហានេះហាក់ស្ថិតក្នុងស្ថានភាពពិបាកយកមកវែកញែក។

លើសពីផែនការទាំងអស់ដែលក្រសួងគ្រោងធ្វើឡើង​ អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើឱ្យមានការចូលរួមពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់ពង្រឹងគុណភាពផលិតផលសារព័ត៌មាន ដើម្បីសម្រេចបានជោគជ័យក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយលោកសង្កត់ធ្ងន់ទៅលើស្ថាប័នសារព័ត៌មានអនឡាញមួយចំនួនគប្បីត្រូវពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន​។

លោក ទេព អស្នារិទ្ធ៖«ចង់ឱ្យមានការពង្រឹងបាទ ចូលរួមជាមួយគ្នាជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងព័ត៌មានគឺយើងរួមគ្នាសហការគ្នាទើយើងអាចឈានទៅសម្រេចបាននូវការអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានមួយដែលសាកសមទៅនឹងជាតួនាទីរបស់កម្ពុជាទៅនឹងនៅក្នុងកម្រិតជាតិ កម្រិតតំបន់ បាទ»

យ៉ាងណាមិញ​លោក ណុប វី នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(CamboJa)​ ធ្លាប់ប្រាប់វិទ្យុស្រ្តីកន្លងមក ដោយលោកបានស្នើឱ្យក្រសួងមានជាដំណោះស្រាយដោយបង្កើតជាវគ្គសិក្ខាសាលាណាមួយដើម្បីពង្រឹងចំណេះដឹងមូលដ្ឋាននៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោកសង្កត់ថា នេះជាបញ្ហាមួយដែលក្រសួងពុំគួរមើលរំលង។ បន្ថែមពីនេះ លោក មើលឃើញនូវចំណុចខ្វះខាតមួយចំនួនរបស់អ្នកសារព័ត៌មានផងដែរ ដោយលោកស្នើឱ្យមានការពង្រឹងបន្ថែម។

លោក ណុប វី៖«តែកម្រិតនៃការយល់ដឹង ហើយនិងការយល់ដឹងមិនទាន់បានទូលំទូលាយបាទ នៅត្រង់ចំណុចហ្នឹងហា៎ណាស់បាទ អ៊ីចឹងហើយយើងត្រូវធ្វើកិច្ចការងារច្រើនទៀតណាស់ដើម្បី អាចឱ្យប្រជាពលរដ្ឋគាត់អាចមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងអស់ហ្នឹង ក្នុងហ្នឹងគឺមានទាំងការចូលរួមទាំងបណ្តាពួកគាត់ មានទាំងការចូលរួមគាំទ្រក៏ដូចជាការផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈ ហើយបង្ហាត់បង្រៀនពួកគាត់ដើម្បីឱ្យពួកគាត់មានចំណេះដឹងខ្ពស់ក្នុងការផលិតមាតិកាផ្សាយនៅក្នុងការចែកផ្សាយប្រកបដោយប្រសិទ្ធភាពហើយធានានូវព័ត៌មានដែលគាត់ប្រើប្រាស់ឬចែកផ្សាយហ្នឹងគឺថាមិនប៉ះពាល់នូវការទទួលបាននូវព័ត៌មានពិតរបស់ប្រជាពលរដ្ឋ»

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា លើកឡើងពីមូលហេតុជម្រុញឱ្យលោកសម្តែងក្តីបារម្ភទៅលើវិស័យសារព័ត៌មាន ដែលមានជាហូរហែរ ក្នុងនោះលោកបំផុសឡើងអំពីគុណវិបត្តិ នៃការផលិតព័ត៌មានក្លែងក្លាយ ដោយលោកគូសបញ្ជាក់ថាព័ត៌មានក្លែងក្លាយនឹងធ្វើឱ្យ ប៉ះពាល់ដល់សង្គម រហូតអាចបង្កើតជាបញ្ហាចលាចល ដោយបង្កឱ្យមានការយល់ច្រឡំ ជាពិសេសគឺប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត។ ដោយមើលឃើញឥទ្ធិពលអវិជ្ជមាននៃការទទួលបានព័ត៌មានក្លែងក្លាយទាំងនេះហើយ ទើបលោក នេត្រ ភក្ត្រា និង រដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម សម្រេចធ្វើការប្តេជ្ញាថា នឹងសហការ ពង្រឹងគុណភាពវិស័យព័ត៌មានក្នុងតំបន់ និងធ្វើយ៉ាងណាប្រឆាំង និងលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ៕

Share

ព័ត៌មានទាក់ទង