នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថ្លែងប្រាប់សារព័ត៌មាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា មន្រ្តីជំនាញកាណាដាកំពុងបើកសំណុំរឿងស៊ើបអង្កេតករណីដែលពលរដ្ឋកាណាដាមួយរូបនេះត្រូវបានជនមិនស្គាល់មុខសម្លាប់។ លោកនាយករដ្ឋមន្រ្តីរូបនេះក៏បានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌាឱ្យជួយអន្តរាគមន៍ និងស្វែងរកយុត្តិធម៌ជុំវិញករណីនេះផងដែរ។
គួរបញ្ជាក់ថា លោក Hardeep Singh Nijjar មានវ័យ ៤៥ឆ្នាំ ជាជនជាតិកាណាដា ដែលប្រកបរបរជាជាងទឹក និងជាសកម្មជនអង់អាចមួយរូបដែលធា្លប់រស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានជនអនាមិកសម្លាប់កាលពីខែមិថុនា ឆ្នាំ២០២៣ នៅខាងក្រៅព្រះវិហារនៃប្រទេសកាណាដា។ លោក Nijjar ជាបុគ្គលម្នាក់ដែលដឹកនាំយុទ្ធការស្វែងរកទីជម្រកសមស្របឱ្យជនជាតិ Sikhs នៅក្នុងប្រទេសឥណ្ឌា។ ផ្ទុយទៅវិញ រដ្ឋាភិបាលឥណ្ឌាមិនពេញចិត្តចំពោះការតវ៉ាទាមទារនៃយុទ្ធការរបស់លោក Nijjar និងបក្សពួកឡើយ។
បើយោងតាមសារព័ត៌មាន Channel New Asia បង្ហាញថា បច្ចុប្បន្នលោក Justin ហាក់កំពុងដាក់ការសង្ស័យលើរដ្ឋាភិបាលឥណ្ឌាដែលនៅពីក្រោយការស្លាប់របស់ពលរដ្ឋខ្លួន ដោយហេតុថាលោកបានទទួលដំណឹងមួយចំនួនពីប្រភពដែលគួរឱ្យទុកចិត្ត។ នៅថ្ងៃច័ន្ទ ទី១៨ ខែកញ្ញាកន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដាអះអាងថា ប្រភពព័ត៌មានដែលលោកទទួលបានអាចជឿជាក់បានថា ករណីសម្លាប់ជនស៊ីវិលអាចទាក់ទងនឹងរដ្ឋាភិបាលឥណ្ឌា។
ដោយឡែក ការចោទប្រកាន់ដោយមិនភ្ជាប់ជាមួយភស្តុតាងច្បាស់លាស់នេះ បានធ្វើឱ្យប្រទេសឥណ្ឌាខឹងសម្បារជាខ្លាំង។ ទន្ទឹមគ្នានោះ ប្រទេសឥណ្ឌាក៏បានចេញមុខបដិសេធ និងច្រានចោលនូវការដាក់បន្ទុក ដោយនិយាយថា វាមិនសមហេតុផលឡើយ។ តួយ៉ាង ក្រសួងការបរទេសឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍ណាមួយនៅឡើយទេ។
ជុំវិញបញ្ហានេះ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសឥណ្ឌាបានផ្អាកទិដ្ឋាការថ្មីសម្រាប់ជនជាតិកាណាដា ដែលមានបំណងមកដើរកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន។ ក៏ប៉ុន្តែ សម្រាប់ភ្ញៀវទេសចរដែលមានសញ្ជាតិកាណាដារូបណាដែលបានធ្វើទិដ្ឋាការរួចរាល់ហើយ អាចធ្វើដំណើរបានជាធម្មតា៕
ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣