en     km
en     km

កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី​ ក្នុងបេសកកម្មនាយករដ្ឋមន្ត្រីកម្ពុជានៅចិន

Share

ក្នុងជំនួបទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តនយោបាយចិនមួយ យ៉ាងខ្ជាប់ខ្ជួន និងគាំទ្រការរៀបចំគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា បានឱ្យដឹងថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើសមភាគីចិនពិនិត្យពិចារណាគម្រោង ពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការស្តារ និងជំរុញវិស័យទេសចរណ៍។

បើតាមសេចក្ដីប្រកាសដដែល លោក លី ឈាង បានថ្លែងអំណរគុណចំពោះសំណើនេះ ហើយបញ្ជាក់ពីភាពរីករាយក្នុងការបន្តសហការ និងជំរុញអនុវត្តឱ្យចេញ ជាលទ្ធផល។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាបន្តគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងសាកល។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានបន្តពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៥ ក្នុងនោះក៏មានឯកសារស្តីពីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពាន ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាដើម។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគី និងវិស័យឯកជន សម្ដេច ហ៊ុន ម៉ាណែត បានទទួលជួបប្រធានក្រុមហ៊ុនចិន ធំៗកម្រិតអន្តរជាតិ មួយចំនួន និងបានបញ្ជាក់ពីការ ត្រៀមគាំទ្រ និងសម្របសម្រួលជូនវិនិយោគិនចិន មកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ នៅកម្ពុជា។

នាពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ក្រោមមូលបទ “រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាព សុខដុម និងវាសនាតែមួយ» សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការអាស៊ាន-ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការបង្ហាញឧទាហរណ៍ដល់ពិភពលោកអំពីផលប្រយោជន៍កើតចេញពី ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិ និយមសេដ្ឋកិច្ច៕

Share

ព័ត៌មានទាក់ទង