en     km
en     km

កម្ពុជានាំចេញ«កំពឹសទឹកសាបនិងអន្ទង់បង្កក»ជើងដំបូងប្រមាណ ១០ តោនទៅកាន់ទីផ្សារប្រទេសចិន

Share

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញ«កំពឹសនិងអន្ទង់បង្កក»​ជើងដំបូងរបស់ខ្លួនទៅកាន់ទីផ្សារប្រទេស ចិនប្រមាណ១០តោន ជាអ្វីដែលមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មចាត់ទុកថា ជាជោគជ័យកើតចេញពីកិច្ចសហការល្អរវាងក្រុមហ៊ុននិងវារីវប្បករនៅមូលដ្ឋាន។

​កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករតាមមូលដ្ឋាន រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​កាលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។

​បើតាមកញ្ញាអ្នកនាំពាក្យដដែរ​ «កំពឹសទឹកសាបនិងអន្ទង់បង្កក»នេះអាចទៅដល់ទីក្រុងសៀហៃប្រទេស ចិននៅថ្ងៃទី១៥ ឬទី១៦ ខែកញ្ញា។ សម្រាប់ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ កញ្ញា អ៊ឹម រចនា ចាត់ទុកជាជោគជ័យមួយជំហានទៀត ហើយកម្ពុជាបេ្តជ្ញាបន្តការងារនាំចេញបន្ថែមទៀតដោយគោរពតាមស្តង់ដានិងតម្រូវការរបស់ភាគីចិន។

កញ្ញា អ៊ឹម រចនា៖«នេះគឺជាការនាំចេញជើងដំបូងដែលមានផលិតផលជលផលចំនួនពីរមុខ នៅថ្ងៃខាងមុខទៀតយើងសង្ឃឹមថា តាមរយៈក្រុមហ៊ុននិងតាមរយៈតម្រូវការទីផ្សារប្រទេសចិនផលិតផលជលផលផ្សេងៗទៀតដែលត្រូវបានការអនុញ្ញាតពីអាជ្ញាធរគយរួចហើយ នឹងអាចរុញចូលទីផ្សារប្រទេសចិនបានកាន់តែច្រើន»។

អ្នកនាំពាក្យរូបនេះប្រាប់វិទ្យុស្រ្តីតាមប្រព័ន្ធតេឡេក្រាមថា ផលិតផលជលផលទាំងពីរមុខនេះ គឺក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាបតាមតំបន់ទឹកសាបធម្មជាតិ ដោយក្រុមហ៊ុនផ្តោតជាអាទិភាពរក្សាគុណភាពស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ដែលកំណត់ដោយរដ្ឋបាលគយចិន។ ការធ្វើបែបនេះបើតាមអ្នកនាំពាក្យ គឺដើម្បីធានាឲ្យប្រាដកថា ផលិតផលជលផលរបស់កម្ពុជានៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។

បង្កាបង្កកទឹកសាបដែលនាំចេញទៅប្រទេសចិនជាផលិតផលជលផលធម្មជាតិដែលប្រមូលទិញពីប្រជាជននៅតាមមូលដ្ឋាន។

ចំណែកឯការងារបន្ទាប់ទៀត អ្នកនាំពាក្យក្រសួងកសិកម្មខាងលើ​បញ្ជាក់ថា កម្ពុជានឹងជំរុញឲ្យផលិតផលជលផលរបស់ខ្មែរកាន់តែមានគុណភាព សោភណ្ឌភាព សុវត្ថិភាព និងរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។ កញ្ញាអ្នកនាំពាក្យរូបនេះបន្តទៀតថា រដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើនការនាំចេញផលិតផលជលផលតាមសេចក្ដីត្រូវការនៅទីផ្សារចិននាពេលខាងមុខឱ្យកាន់តែសម្បូរបែប។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្មសង្ឃឹមថា នឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករតាមមូលដ្ឋានកាន់តែមានការរីកចម្រើនទៅមុខ​ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

អន្ទង់បង្កករបស់ក្រុមហ៊ុនដែលបាននាំចេញទៅទីផ្សារប្រទេសចិន។

កាលពីចុងឧសភា​ ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មប្រាប់អ្នកសារព័ត៌មានថា ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ​ទទួលបានការអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន

ក្នុងនោះរួមមាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា។

សូមជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច រួមទាំងផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត៕

Share

ព័ត៌មានទាក់ទង