en     km
en     km

សង្គមស៊ីវិលស្នើបក្សនយោបាយ និងរដ្ឋាភិបាលជម្រុញឱ្យមានចំនួនស្ត្រីច្រើនក្នុងវិស័យនយោបាយ

Share

ក្រុមស្ត្រីដើម្បីទាំងអស់គ្នានៃបណ្ដាអង្គការធ្វើការលើសិទ្ធិមនុស្សនិងការបោះឆ្នោត បានកត់សម្គាល់ពីចំនួនដ៏តិចតួចនៃបេក្ខជនតំណាងរាស្ត្រជាស្ត្រីពីមួយអាណត្តិទៅមួយអាណត្តិ។ ក្រុមសង្គមស៊ីវិលទាំងនោះ ទាមទារឱ្យគណបក្សនយោបាយ និងរដ្ឋាភិបាលគួរពិចារណារកដំណោះស្រាយយ៉ាងណាឱ្យមានចំនួនស្ត្រីច្រើនក្នុងវិស័យនយោបាយនេះ ត្បិតអ្នកទៅបោះឆ្នោតភាគច្រើនជាស្ត្រី។ លោក គីម ចាន់ចាវ

 

 

អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល បានលើកឡើងពីសំណើររបស់ក្រុមស្ត្រីដើម្បីទាំងអស់គ្នាថា ទោះបីជាចំនួនបេក្ខជនស្រ្តីមានការកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ក្រុមស្ត្រីនៃអង្គការសង្គមស៊ីវិល នៅមានកង្វល់ ដោយសារចំនួននេះនៅមានគម្លាតគ្នាឆ្ងាយរវាងបេក្ខជន និងបេក្ខជនបុរស (បេក្ខជន ៣២,៤% និងបេក្ខជនបុរស ៦៧,៦%) ដែលវិសមភាពយេនឌ័រក្នុងវិស័យនយោបាយនៅតែជាបញ្ហាត្រូវបន្ថែម ត្រូវយកចិត្តទុកដាក់ និងត្រូវដាក់ចេញនូវវិធានការពិសេសជាក់លាក់ពីអ្នកដឹកនាំគណបក្សនយោបាយ និងអ្នកដឹកនាំ រដ្ឋាភិបាលនិងសភាជាតិ ។ អ្នកស្រីបន្តថា៖

«ស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានចំនួនតិច និងធ្លាក់ចុះ (ថយចុះ) ដោយសារមាន កត្តាចម្បង និងការប្រឈមមួយចំនួន ក្នុងនោះក៏មាន កង្វះឆន្ទៈនយោបាយរបស់គណបក្ស និងការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំ ជាពិសេសគណបក្សដែលមានការគាំទ្រច្រើនពីអ្នកបោះឆ្នោត (មានអាសនៈក្នុងសភា)ក្នុងការជំរុញឱ្យមាន សមភាពយេនឌ័រក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត ជាក់ស្ដែងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុស៊ិនប៉ិច បានដាក់បេក្ខជនស្ត្រីឈរឈ្មោះរបស់ខ្លួនក្នុងចំនួនតិចតួចពេកសម្រាប់ការបោះឆ្នោត នីតិកាលទី៧នេះ»

អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល

អ្នកស្រី សឺនកេត សិរីលក្ខណ៍ លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន របស់ក្រុមស្ត្រីដើម្បីទាំងអស់គ្នានៃអង្គការសង្គមស៊ីវិលរួមមានអង្គការខុមហ្វ្រែល អង្គការស៊ីលការកម្ពុជា អង្គការយែនឌ័រនិងអភិវឌ្ឍដើម្បីកម្ពុជា អង្គការបន្ទាយស្រី និងគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ នៅព្រឹកថ្ងៃទី៩ ខែសីហានេះ។

ក្រុមស្ត្រីដើម្បីទាំងអស់គ្នា បានស្នើគណបក្សនយោបាយគួរដាក់បញ្ចូលបេក្ខជនស្ត្រីបម្រុងឱ្យបានជាប់ជាតំណាងរាស្ត្រសម្រាប់ គណបក្សនយោបាយឈ្នះឆ្នោតនីតិកាលទី៧នេះ នៅពេលដែលអ្នកជាប់ឆ្នោតជាបុរស-ស្រ្តីទៅកាន់តំណែងក្នុងរដ្ឋាភិបាល។ ចំណែករាជរដ្ឋាភិបាលកម្ពុជា គួរបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ និងក្នុងតួនាទីសម្រេចចិត្តនៅក្នុងក្រសួង ស្ថាប័ន នីមួយៗយ៉ាងហោច ៣៥% ហើយគួរបង្កើនការវិនិយោគ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងជាលក្ខណៈប្រព័ន្ធដូចជា ថវិកា ធនធានសម្ភារ និងធនធានមនុស្សដល់អ្នកដឹកនាំស្ត្រី និងស្រ្តីជាប់ឆ្នោត ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើនប្រសិទ្ធភាព និងគុណភាពនៃការចូលរួមនយោបាយ ការងារ និងភាពជាអ្នក ដឹកនាំរបស់ស្ត្រី។

វិទ្យុស្ត្រីមិនអាចទាក់ទងសុំការឆ្លើយតបជុំវិញបញ្ហានេះពីលោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនបានទេនៅត្រឹមរសៀលថ្ងៃ៩ ខែសីហា ដោយទូរសព្ទខលចូលមិនមានអ្នកទទួល។ ទោះយ៉ាងណាលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុស៊ិនប៉ិច ដែលទទួលបាន៥អាសនៈក្នុងសភា បានប្រាប់វិទ្យស្ត្រីនៅរសៀលថ្ងៃពុធនេះថា សមាជិកសភាទាំង៥រូបនៃគណបក្សរបស់លោក មិនមានបេក្ខភាពស្ត្រីដោយសារតែបេក្ខជនស្ត្រីនៅតាមមណ្ឌលរាជធានីខេត្តមួយចំនួនមិនទទួលបានអាសនៈឡើយ។ ទោះយ៉ាងណាមន្ត្រីបក្សរាជានិយមមួយនេះ អះអាងថាគណបក្សរបស់ខ្លួន បានគិតគូយ៉ាងល្អិតល្អន់ក្នុងការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុស៊ិនប៉ិច

«ហើយកន្លងមកព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានលើកទឹកចិត្តដែរតាំងពីការចូលរួមបោះឆ្នោតឃុំសង្កាត់ហ្នឹង គឺបានដាក់ស្ត្រីមួយចំនួនធំនៅក្នុងសមាជិកក្រុមប្រឹក្សាជាបក្ខជនដើម្បីឈរឈ្មោះ ហើយរហូតមកដល់បោះឆ្នោតជាតិនេះដែរ យើងក៏ឃើញមានចំនួនមួយចំនួននៅលើថ្នាក់ជាតិនេះ ទោះបីចំនួន២៩រូបក៏ដោយប៉ុន្តែនៅតាមមូលដ្ឋានគឺស្ត្រីភាគច្រើនណាស់បានជួយជាចលករដ៏សំខាន់សម្រាប់ជួយគណបក្សហ៊្វុនស៊ិនប៉ិចតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ-សង្កាត់…»។

អ្នកស្រី សេង រាសី នាយកាអង្គការស៊ីលការកម្ពុជា

អ្នកស្រី សេង រាសី នាយកាអង្គការស៊ីលការកម្ពុជា បានបង្ហាញរបាយការណ៍ថា ក្នុងការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ គណបក្សចំនួន២០ មានបក្ខជនប្រកួតប្រជែង១,៩៧២នាក់ មានស្ត្រី៤៩៨នាក់ស្មើនឹង២៥,២%។ ចំណែកនីតិកាលទី៧ថ្មីៗនេះ មានគណបក្សនយោបាយចំនួន១៨ មានបេក្ខជនប្រកួតប្រជែង១,៦១៤នាក់ មានស្ត្រី៥២៣នាក់ ស្មើនឹង៣២,៤% ខណៈអ្នកបោះឆ្នោតលើសពី៥០%សុទ្ធសឹងជាស្ត្រី៕

 

Share

ព័ត៌មានទាក់ទង