en     km
en     km

អ៊ុយក្រែន​ចោទ​រុស្ស៊ី​ថា​បាន​បំផ្លាញ​ទំនប់ទឹកដ៏​ធំ​នៅ​ក្បែរ​ក្រុងKherson

Share

KYIV:  កាលពីថ្ងៃអង្គារទី៦ ខែមិថុនា ឆ្នាំ២០២៣ អ៊ុយក្រែនបានចោទរុស្ស៊ីថាបានបំផ្ទុះទំនប់វារីអគ្គិសនីដ៏សំខាន់មួយនៅភាគខាងត្បូងអ៊ុយក្រែន។ មន្រ្តីអ៊ុយក្រែនហៅការបំផ្ទុះទំនប់ទឹកនេះថា “គ្រោះមហន្តរាយ​បរិស្ថាន” ព្រោះទឹកជំនន់ដ៏ធំនឹងអាចកើតមាន។ ទាំងមន្ត្រី​រុស្ស៊ីនិងអ៊ុយក្រែន​បាន​បញ្ជា​ឲ្យ​ប្រជាជន​រាប់​សែន​នាក់​នៅ​តាម​ដង​ទន្លេ​ចាក​ចេញពីភូមិ។ រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

យោងតាម AP មន្ត្រីរុស្ស៊ីបានឆ្លើយតបនឹងការចោទប្រកាន់របស់អ៊ុយក្រែនថាទំនប់ Kakhovka នៅលើដងទន្លេ Dnipro ត្រូវបានខូចខាតដោយសារការវាយប្រហាររបស់យោធាអ៊ុយក្រែននៅក្នុងតំបន់ប្រទាញប្រទង់គ្នា។

ការបាក់រលំទំនប់ទឹកនេះអាចមានផលវិបាកយ៉ាងខ្លាំងដូចជាបង្កជាទឹកជំនន់លិចផ្ទះ ផ្លូវ និងអាជីវកម្មនៅផ្នែកខាងក្រោមទឹក។ អាចធ្វើឱ្យទឹកនៅផ្នែកខាងលើស្រកចុះ ដែលធ្វើឱ្យរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបចុះត្រជាក់ និងនាំឱ្យប៉ះពាល់ការផ្គត់ផ្គង់ទឹកស្អាតទៅភាគខាងត្បូងនៅតំបន់ Crimea។

ការបាក់ទំនប់នេះបានធ្វើឱ្យសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកាន់តែមានភាពស្មុគស្មាញ ដែលមកដល់ពេលនេះបានអូសបន្លាយដល់ខែទី១៦ ហើយ។ គេបានមើលឃើញយ៉ាងច្បាស់ថាកងកម្លាំងអ៊ុយក្រែនកំពុងវាយលុកឆ្ពោះទៅមុខ។

ប្រតិបត្តិករនុយក្លេអ៊ែររបស់អ៊ុយក្រែន Energoatom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងTelegram ថាការបំផ្ទុះទំនប់នេះ “អាចមានផលវិបាកអវិជ្ជមាន” សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេលនេះស្ថានភាពគឺ “អាចគ្រប់គ្រងបាន”។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានសរសេរនៅលើ Twitter ថាអ្នកជំនាញរបស់ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ ហើយថាមិនមាន “ហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរភ្លាមៗ” នៅឡើយទេ។

មន្រ្តីអ៊ុយក្រែនថាទំនប់នេះអាចស្ដុកទឹក ១៨លានម៉ែត្រគូប ដែលអាចធ្វើឱ្យជន់លិចទីក្រុង Kherson និងតំបន់រាប់សិបផ្សេងទៀតដែលមានមនុស្សរាប់សែននាក់រស់នៅ។មជ្ឈមណ្ឌលទិន្នន័យភូគុព្ភសាស្រ្តពិភពលោក និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់អ៊ុយក្រែនបានប៉ាន់ប្រមាណថាមានភូមិជិត ១០០ និងទីក្រុងជាច្រើននឹងត្រូវទឹកជន់លិច។ ការព្យាករណ៍ក៍បានឱ្យដឹងដែរ​ថា កម្រិត​ទឹកខាងលើ​នឹង​ចាប់​ផ្តើម​ស្រកចុះ​ នៅ៥ ទៅ៧​ថ្ងៃ​បន្ទាប់។

លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា “គ្រោះមហន្តរាយអេកូឡូស៊ីសកលកំពុងកើតមាន  ហើយសត្វ និងប្រព័ន្ធអេកូឡូស៊ីរាប់ពាន់នឹងត្រូវបំផ្លាញក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ”។មន្ត្រីអ៊ុយក្រែនបាននិយាយថាលោក Zelenskyy បានកោះប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយវិបត្តិនេះ។ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានអំពាវនាវឱ្យអ្នកស្រុកចំនួន១០ភូមិនៅច្រាំងខាងស្តាំនៃទន្លេ Dnipro និងផ្នែកខ្លះនៃទីក្រុង Kherson downriver ប្រមូលរបស់របរសំខាន់ៗ និងសត្វចិញ្ចឹម ដើម្បីចេញពីភូមិ។អភិបាលក្រុង Nova Kakhovka ដែលកាន់កាប់ដោយរុស្ស៊ី លោក Vladimir Leontyev បាននិយាយថា ត្រូវជម្លៀសប្រជាជនចេញ ខណៈដែលទឹកបានហូរចូលទីក្រុងហើយ។ លោក Oleksandr Prokudin ដែលជាប្រធានរដ្ឋបាលយោធាក្នុងតំបន់ Kherson បាននិយាយនៅក្នុងវីដេអូក្នុងTelegram មុនម៉ោង៧ព្រឹកថា “កងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើភេរវកម្មមួយទៀត” ហើយបានព្រមានថាទឹកនឹងឡើងដល់ “កម្រិតធ្ងន់ធ្ងរ” ក្នុងរយៈពេលប្រាំម៉ោង៕

Share

ព័ត៌មានទាក់ទង