
ភ្នំពេញ៖ ក្រុមយុវជន ជាសិស្ស-និស្សិត ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល បានសម្តែងការយល់ឃើញរបស់ខ្លួនថា បណ្តាញសង្គមរួមមាន ហ្វេសប៊ុក ការសរសេរប្លុក និង Twitter ជាដើម កំពុងផ្តល់សារៈសំខាន់សម្រាប់ជួយកសាងលទ្ធិប្រជាធិបតេយ្យកម្ពុជា ឱ្យកាន់តែរឹងមាំឡើង។
ការលើកឡើងដូច្នេះ ដោយសារយុវជន និងសង្គមស៊ីវិលយល់ថា ការផ្តល់និងការទទួលបានព័ត៌មាននៅក្នុងសង្គមនាពេលបច្ចុប្បន្ន តាមរយៈបណ្តាញសង្គម ឬតាមប្រព័ន្ធអ៊ីនធឺណែត បានផ្តល់ភាពងាយស្រួលដល់យុវជន និងពលរដ្ឋក្នុងការវាយតម្លៃទៅលើព័ត៌មានទាំងនោះ និងដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
ដើម្បីជ្រាបពីបញ្ហាទាំងអស់នេះ ជាបន្តសូមស្តាប់បទយកការណ៍ដែលរៀបចំឡើងដោយលោក ម៉ៅ សំណាង អ្នកសារព័ត៌មានរបស់វិទ្យុស្ត្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដូចតទៅ៖
សូរសំឡេងទះដៃស្វាគមន៍បើកវេទិកាយុវជន មានសិស្ស-និស្សិត ព្រះសង្ឃ ប្រមាណជាង ១២០ អង្គនិងនាក់ រួមនឹងមន្ត្រីតំណាងអង្គការសង្គមស៊ីវិលមួយចំនួន បានបន្លឺឡើងព្រមៗគ្នានៅក្នុងសាលសន្និសីទពណ៌ក្រហមរបស់សាកលវិទ្យាល័យហ្សាម៉ាន់។
ក្នុងវេទិកាយុវជននេះ អ្នកចូលរួមម្នាក់ៗមានទឹកមុខញញឹមស្រស់ស្រាយ មុននឹងលើកយកប្រធានបទ “នយោបាយសម័យបច្ចេកវិទ្យា” មកជជែកពិភាក្សា ដែលកម្មវិធីនេះរៀបចំឡើងដោយអង្គការសភាយុវជនត្រាប់។
នៅក្នុងវេទិកាយុវជនស្តីពី “នយោបាយសម័យបច្ចេកវិទ្យា” ដែលជាវេទិកាជជែកពិភាក្សាវាយតម្លៃពីផលវិជ្ជមាន និងអវិជ្ជមាននៃការប្រើប្រាស់បណ្តាញសង្គមចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ដែលវេទិកានេះរៀបចំឡើងនាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ យុវជនជាសិស្ស និស្សិត និងអង្គការសង្គមស៊ីវិលថា បណ្តាញសង្គមរួមមាន ហ្វេសប៊ុក និងការសរសេរប្លុកជាដើម គឺជាឧបករណ៍ផ្សព្វផ្សាយមួយកំពុងពេញនិយម និងផ្តល់សារៈសំខាន់ សម្រាប់ជួយកសាងលទ្ធិប្រជាធិបតេយ្យកម្ពុជាឱ្យកាន់តែរឹងមាំ។
មានសម្បុរស ទឹកមុខញញឹមស្រស់ស្រាយ ស្ថិតនៅក្នុងសម្លៀកមបំពាក់បែបយុវវ័យ ជានិស្សិតសិក្សានៅវិទ្យាស្ថានភាសាបរទេស យុវតី ក្រិច ស្រីនាង បានចូលរួមស្តាប់ក្នុងវេទិកាយុវជននេះ បាននិយាយថា ការប្រើប្រាស់បណ្តាញសង្គមមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យុវជន ព្រោះយុវជនមានឱកាសអាចទទួលបានព័ត៌មានពីប្រភពផ្សេងៗបានយ៉ាងច្រើន។
មិនត្រឹមតែប៉ុណ្ណោះ ស្រីនាង បានបន្ថែមថា បណ្តាញសង្គម ឬការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាបានផ្តល់ឱកាសឱ្យយុវជនបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ចំពោះបញ្ហាដែលកើតមាននៅក្នុងសង្គម។
យុវតី ក្រិច ស្រីនាង ៖ «ខ្ញុំគិតថាវាអាចជួយជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែវានៅមានការរឹតត្បិតខ្លះពីរដ្ឋាភិបាល អ៊ីចឹងទៅ ធ្វើឱ្យយុវវ័យដកខ្លួនមកវិញខ្លះដែរ។ ខ្ញុំជួបមិត្តភក្តិអី គាត់ថា ចែករំលែករឿងនយោបាយអីទៅ គាត់មានអារម្មណ៍ថាខ្លាច ដោយសារគេមានចេញច្បាប់ហាមឃាត់ … វាចាំបាច់មែនទែន ព្រោះថាប្រទេសនីមួយៗត្រូវការលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យប្រជាជនរស់នៅមានភាពរីកចម្រើន ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍរបស់ប្រទេសនោះខ្ពស់»។
ដូចគ្នានេះនឹងការលើកឡើងរបស់យុវតីខាងលើ យុវជន ជា សុភារិន ជាសមាជិកសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ បាននិយាយថា ពលរដ្ឋកម្ពុជាកំពុងត្រូវការសិទ្ធិក្នុងការបញ្ចេញមតិយោបល់ ឬការយល់ឃើញរបស់ខ្លួន តាមរយៈការប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយ។ សុភារិន បន្តថា ការទទួលព័ត៌មាន និងការរឹតត្បិតសិទ្ធិក្នុងការបញ្ចេញមតិ មិនមែនជាគន្លឹៈនាំឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញឡើយ។
យុវជន ជា សុភារិន ៖ « សិទ្ធិក្នុងការបញ្ចេញមតិរបស់យុវជននៅពេលនេះគឺនៅមានកម្រិតនៅឡើយ វាមិនទាន់បានល្អដូចប្រទេសដទៃទេ ព្រោះយើងស្ថិតនៅក្រោមច្បាប់មួយទៀត គឺច្បាប់បរិហារកេរ្ដិ៍នៅឡើយ។ អ៊ីចឹងនៅពេលដែលប្រជាពលរដ្ឋគាត់មានការរិះគន់ទៅលើស្ថាប័ន ឬមន្ត្រីសាធារណៈ មន្ត្រីសាធារណៈមួយចំនួនគាត់តែងប្តឹងបកមកយុវជន ឬក៏គាត់គំរាមយុវជនថាអ្នកឯងធ្វើខុស ចូលច្បាប់បរិហារកេរ្ដិ៍។ អ៊ីចឹងហើយ នេះជាបញ្ហា»។
ចំណែកប្រធានអង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន បាននិយាយថា ការលើកយកប្រធានបទ នយោបាយសម័យបច្ចេកវិទ្យាមកជជែកក្នុងវេទិកាយុវជននេះ គឺចង់ឱ្យយុវជនយល់ដឹងពីសារៈសំខាន់នៃព័ត៌មានតាមបែបបច្ចេកវិទ្យា និងដើម្បីបង្ហាញថា ការធ្វើនយោបាយតាមបែបប្រព័ន្ធផ្សព្វផ្សាយ បែបប្រពៃណីរបស់អ្នកនយោបាយនៅក្នុងសង្គមខ្មែរនាពេលកន្លងទៅ ដូចជាតាមរយៈទូរទស្សន៍ វិទ្យុ កាសែត ជាដើម មិនអាចដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យានោះទេ។
លោក ឡុង គឹមឃន និយាយថា ការផ្សព្វផ្សាយព័ត៌មានតាមបច្ចេកវិទ្យាទំនើប គឺជាមធ្យោបាយដែលផ្តល់សារៈសំខាន់ដល់អ្នកនយោបាយ ដើម្បីបង្ហាញសារនយោបាយរបស់ខ្លួន។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋក៏អាចទទួលបានព័ត៌មានទាំងនោះបានឆាប់រហ័ស ដើម្បីវាយតម្លៃព័ត៌មាន និងបង្ហាញមតិយោបល់ត្រឡប់វិញ ដែលស្តែងឱ្យឃើញពីការចូលរួមរបស់ពលរដ្ឋ។
លោក ឡុង គឹមឃន មានប្រសាសន៍ថា៖ «បណ្តាញព័ត៌មានសង្គមនឹងឡើងជាបណ្តាញព័ត៌មានទីមួយនៅក្នុងប្រទេសកម្ពុជា នៅក្នុងប្រភពនៃការផ្សាយ និងទទួលព័ត៌មាន។ ឥឡូវនេះនៅពេលមានការប្រើបណ្តាញសង្គមមានច្រើន ជាក់ស្តែងយើងឃើញអ្នកនយោបាយនៅកម្ពុជាយើង ទាំងនៅក្រៅប្រទេសក្តី ទាំងក្នុងប្រទេសក្តី គាត់ចង់ជួបជាមួយប្រជាជន ឬអ្នកគាំទ្ររបស់គាត់នៅកន្លែងណា គឺគាត់អាចប្រើប្រាស់បណ្តាញហ្នឹងបានគ្រប់ទីកន្លែង ហើយទាក់ទងបានច្រើនគ្នាបានឮរហ័សទៅទៀត»។

ថ្លែងនៅក្នុងវេទិកាយុវជនអំពីប្រធានបទ “នយោបាយសម័យបច្ចេកវិទ្យា” នេះ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បានមានប្រសាសន៍ថា ការប្រើប្រាស់បណ្តាញព័ត៌មានសង្គមមានសារៈសំខានសម្រាប់យុវជន និងប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មាន និងចែករំលែកព័ត៌មានបានយ៉ាងទូលំទូលាយ។ លោក ព្រាប កុល បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងភាពងាយស្រួលនេះ អ្នកនយោបាយ ឬបុគ្គលសាធារណៈបច្ចុប្បន្ន ក៏ត្រូវការប្រើប្រាស់បណ្តាញព័ត៌មានសង្គមនេះខ្លាំងណាស់ដែរ គឺដើម្បីបង្ហាញពីសារនយោបាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋ។
លោក ព្រាប កុល ថា ទន្ទឹមនឹងការទទួលបានព័ត៌មានឆាប់រហ័សនេះ អ្នកប្រើប្រាស់គួរណាស់តែថ្លឹងថ្លែងព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងជឿជាក់លើព័ត៌មានអ្វីមួយ។
«ការកើនឡើងអ្នកប្រើប្រាស់បណ្តាញសង្គមនេះ គឺមានការកើនឡើងជារៀងរាល់វិនាទី បើយើងមើលទៅលើការសិក្សាស្រាវជ្រាវ ហើយនៅថ្ងៃខាងមុខទៀតនឹងមានការកើនឡើងបន្តទៀត។ ដូច្នេះ អ្នកនយោបាយ ឬបុគ្គលសាធារណៈគ្រប់រូប មិនប្រើបណ្តាញសង្គមទេ គឺមិនទាន់សម័យ ហើយក៏មិនអាចបញ្ជូនសារនយោបាយទាន់ពេលវេលា ទៅដល់មនុស្សភាគច្រើនដែរ»។
សម្រាប់លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្ក្រោះជាតិ បានមានប្រសាសន៍ក្នុងវេទិកាយុវជននេះ ក្នុងនាមជាវាគ្មិនថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសថ្នាក់ដឹកនាំត្រឹមត្រូវ តាមរយៈការទទួលបានព័ត៌មានពិត ត្រឹមត្រូវ ជាពិសេសេព័ត៌មានឆាប់រហ័ស តាមបែបបច្ចេកវិទ្យា ប្រជាធិបតេយ្យដែលមានការចូលរួមនឹងកើតឡើងនៅក្នុងប្រទេស។

លោក យ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ថា៖ « ប្រជាធិបតេយ្យគេផ្តល់សិទ្ធិ ផ្តល់អំណាចឱ្យប្រជារាស្ត្រជាធំ ដូច្នេះពាក្យថាយករាស្ត្រជាធំ ទាល់តែគាត់មានសិទ្ធិជ្រើសតំណាងអ្នកដឹកនាំរបស់គាត់ ហើយដើម្បីជ្រើសរើសអ្នកដឹកនាំល្អ បានត្រឹមត្រូវទាល់តែគាត់ទទួលបានព័ត៌មានពិត តាមបណ្តាញសង្គម ឬថ្ងៃនេះយើងហៅថាតាមបច្ចេកវិទ្យា … នៅពេលអ្នកតំណាងមានសិទ្ធិអំណាចហើយ អ្នកតំណាងត្រូវតែគិតគូររៀបចំបម្រើពលរដ្ឋ គោរពច្បាប់ គោរពដល់ពលរដ្ឋជាធំ ដែលយើងឱ្យឈ្មោះថាអ្នកដឹកនាំមានការគោរពនីតិរដ្ឋ…»។
ដោយឡែកអ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR ) មានប្រសាសន៍ថា បណ្តាញសង្គមផ្តល់សារៈសំខាន់សម្រាប់កសាងលទ្ធិប្រជាធិបតេយ្យកម្ពុជា ពិសេសបណ្តាញសង្គមកំពុងជួយបង្ហាញព័ត៌មានទៅកាន់សាធារណជនបានយ៉ាងច្រើន។
អ្នកស្រី ចក់ សុភាព មានប្រសាសន៍បន្តថា សម្រាប់អង្គការសង្គមស៊ីវិល ការប្រើប្រាស់បណ្តាញសង្គម ឬការចែករំលែកព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប មានប្រសិទ្ធភាពខ្ពស់ជាងការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ឬកាសែត ព្រោះពេលខ្លះវិទ្យុ ទូរទស្សន៍ ឬកាសែត មិនអាចផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយឡើយ។

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ « ទូរទស្សន៍ វិទ្យុ កាសែតជាប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី មួយទៀតប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលកំពុងចែកចាយតាមប្រព័ន្ធអ៊ីនធឺណែតហ្នឹងឯង អ៊ីចឹងសម្រាប់អង្គការសិទ្ធិមនុស្ស តួយ៉ាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យើងកម្រមានឱកាសផ្សព្វផ្សាយនូវសិទ្ធិរបស់ពលរដ្ឋ ឬស្ប៉តអប់រំសម្រាប់ចាកផ្សាយតាមទូរទស្សន៍ គឺយើងមិនដែលមានទេ»។
អ្នកស្រី ចក់ សុភាព បានបន្តទៀតថា សង្គមស៊ីវិល និងរដ្ឋាភិបាលគួរតែបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់យុវជនឱ្យបានសម្តែងមតិ តាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាត់ទុកការធ្វើបែបនេះ ជាជំហានមួយនាំឱ្យកម្ពុជាដើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ស្របពេលនឹងការលើកឡើងពីការគុណសម្បត្តិនៃការរីកចម្រើនក្នុងការប្រើប្រាស់បណ្ដាញសង្គមនេះ ក៏មានការសម្តែងការព្រួយបារម្ភចំពោះ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែតផងដែរ ដោយអ្នកចូលរួមភាគច្រើនបំផុតបានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលបង្កើតច្បាប់នេះ ឱ្យចេញជារូបរាងឡើង ដាក់ឱ្យអនុវត្តនៅក្នុងសង្គមកម្ពុជានោះ នោះសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋនឹងត្រូវបានរឹតត្បិតជាក់ជាពុំខាន៕