មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច រួមទាំងអាវុធហត្ថសរុបចំនួន៦នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធករណីទទួលផលបទល្មើសគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។ បន្ទាប់មក នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឆ្នាំដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី លទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុកសារធាតុញៀន ដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាផងដែរថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំណត់លើបុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕