នៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ជាខួប៦ឆ្នាំនៃការបញ្ជូលចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌអរូបិយមនុស្សជាតិ នៃអង្គការយូណេស្កូពិភពលោក ទន្ឬឹមជាមួយគ្នានេះដែល នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្បាច់គុនល្បុក្កតោខ្មែរ បានចូលជាសម្បត្តិបេតិកភណ្ឌនៃអង្គការយូណេស្កូដូចគ្នា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
ចាប៉ីដងវែងត្រូវបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំគណកម្មាធិការអន្ដររដ្ឋាភិបាលនៃអង្គការយូណេស្កូ សម្រាប់ការពារសម្បត្តិបរតិកភណ្ឌអរូបិយលើកទី១១ នៃទីក្រុង អាឌីសអាបាបា ប្រទេសអេព្យូពី។ ដើម្បីអបអរខួប៦ ឆ្នាំនេះផងដែរ សហគមន៍ចាប៉ីអមតៈ បានរៀបចំកម្មវិធីបង្រៀនចាប៉ី និង ស្គរ ព្រមទាំងមានការសម្ដែងចាប៉ី នៅផ្សារសូរីយា ជាន់ទី៤ ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៦:៣០ នាទីល្ងាច។ នេះបើតាមការឱ្យដឹងពីសហគមន៍ចាប៉ីអមតៈ។
យ៉ាងណា ស្របពេលនៃការអបអរខួប៦ឆ្នាំ កម្ពុជាបានពាំនាំសម្បត្តិអរូបិយមួយទៀត ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នោះគឺក្បាច់គុនល្បុក្កតោ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានឱ្យដឹងថា ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។
សូមម្រាបថា ក្បាច់គុនល្បុក្កតោ បានចូលជាសម្បត្តិបេតិកភណ្ឌ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូក៏បានអបអរសាទរកម្ពុជាក្នុងការគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបញ្ជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ‘’គុនល្បុក្កតោ” នៅវេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជា៕