រូបភាព៖លោកវេជ្ជបណិ្ឌត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង
បុរសវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ដោយសារពុលត្រីក្រពតនៅខេត្តកំពង់ឆ្នាំងជាករណីទី៨បន្ទាប់ពីករណីមនុស្ស៧នាក់មានអាការៈពុលត្រីក្រពតនិងបានជាសះស្បើយត្រលប់មកផ្ទះវិញអស់ហើយ។ នេះតាមការបង្ហាញឱ្យដឹងពី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានប្រាប់វិទ្យុស្រ្តីនៅសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៤នេះ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នេះជាករណីថ្មី ករណីទី៨ ដែលបុរសចូលនិវត្តន៍ម្នាក់អាយុ៦០ឆ្នាំ បានពុលត្រីក្រពត គាត់បានបរិភោគជាមួយក្រុមគ្រួសារ នៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោងជិត១ ខណៈពេលដែល ក្រុមគ្រួសារគាត់មិនបានទទួលព័ត៌មានផ្សព្វផ្សាយអំពីការពុលត្រីក្រពតហើយគាត់ក៏នៅតែបន្តបរិភោគ។
លោកវេជ្ជបណ្ឌិត៖« ដោយសារគាត់មិនបានទទួលព័ត៌មានការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលក៏ដូចជាមន្ទីរផ្សាយពីការចៀសវាងការបរិភោគត្រីក្រពត ដូច្នេះគាត់នៅបន្តហូប ចៃដន្យគាត់ហូបប៉ះត្រីក្រពតពុល ធ្វើឱ្យបាត់បង់ជីវិត»។
លោកបន្តថាថ្ងៃនេះមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានសេចក្តីណែនាំបន្ថែមមួយទៀតពីលើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានប្រកាសរួចហើយ ណែនាំដល់អាជ្ញាធរក្រុងស្រុក មេឃុំ ចៅសង្កាត់ ក៏ដូចជា អាជីវករលក់ដូរ ត្រីក្រពត និងអ្នកទទួលទានទាំងអស់ឈប់ទទួលទាន ជាមួយគ្នានេះ ក៏អំពាវនាវដល់អ្នកនេសាទបានត្រីក្រពត កុំយកត្រីប្រភេទនេះមកលក់ ហើយអ្នកទិញហូបក៏ត្រូវបញ្ឈប់ដែរ។ លោកថាមានតែការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាទេ ទើបបង្ការបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋខ្លួនឯងបាន។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ៖«មិនត្រឹមតែមន្ទីរសុខាភិបាលទេ ក្រសួងសុខាភិបាលក៏បានប្រកាសព័ត៌មានរួចហើយ ជូនដំណឹងអំពីប្រភេទក្រពតនៅស្រុកយើងហើយនឹងប្រភេទក្រពតពុលដែលបានញែកពីប្រភេទពុលរួចហើយ តាមរយៈរូបភាពដែលបានបរិយាយពីក្រពតនីមួយៗ រួចហើយតែបងប្អូនមិនបានយកចិត្តទុកដាក់តាមដានសំគាល់ថាក្រពតណាពុល ឬមិនពុល អ៊ីចឹងដើម្បីចៀសវាងកុំឱ្យភ័ន្ភច្រលំ និងលំបាកក្នុងការសំគាល់ប្រភេទក្រពតពុលឬមិនពុលខ្ញុំសំណូមពរបញ្ឈប់ការហូបក្រពតទៅ!»។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីមនុស្សពុល ចំនួន៧នាក់នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ តែបច្ចុប្បន្នអ្នក ជំងឺទាំង៧រូបនោះបានជាសះស្បើយនឹងត្រលប់ទៅលំនៅដ្ឋានវិញហើយ៕
រូបភាព៖ ក្រសួងសុខាភិបាល