កំពង់ធំ៖ បន្ទាប់ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន បានជូនដំណឹងដល់សមត្ថកិច្ចអាជ្ញាធរដែនដី និងមន្រ្តីបោសសម្អាតមីនរួចមក គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញនៃកម្លាំងបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានបើកប្រតិបត្តិការតាមបច្ចេកទេសដោយរំដោះគ្រាប់ប្រភេទ ៦០ មីលីម៉ែត្រមួយគ្រាប់បានសម្រេចដោយសុវត្ថិភាព។ នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ។
គ្រាប់ ៦០មីលីម៉ែត្រដែលពលរដ្ឋប្រទះ។រូបភាពពី ប៉ាត ពណ្ណរាយ។
តាមការវាយតម្លៃរបស់អ្នកជំនាញដោះមីនបានឱ្យដឹងថា គ្រាប់ប្រភេទ ៦០មីលីម៉ែត្រដែលរំដោះបាននេះ គឺមិនមែនជាគ្រាប់ស្អុយនោះទេ ពោលគ្រាប់នេះមានអត្រាដែលអាចផ្ទុះរហូតដល់ ៩០% ឯណ្ណោះ ប្រសិនណា មានការប៉ះទង្គិចណាមួយកើតឡើងលើគ្រាប់នោះ។ តែបើទោះបីជាគ្រាប់ ៦០ មីលីម៉ែត្រនេះនៅមានឥទ្ធិពលអាចផ្ទុះក៏ដោយ តែនៅទីបំផុតកម្លាំងបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានរំដោះដកហូតបានជោគជ័យ និងនាំទៅរក្សាទុកក្នុងឃ្លាំងថែរក្សាដោយសុវត្ថិភាព។
សកម្មភាពបានណែនាំពលរដ្ឋមិនត្រូវប៉ះពាល់ឬប៉ះពាល់គ្រាប់មីន។រូបភាពពី ប៉ាត ពណ្ណរាយ។
លោក គីម ធីវន ប្រធានក្រុមស្រាវជ្រាវព័ត៌មានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម(TSC.60)ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា គ្រាប់ប្រភេទ ៦០មីលីម៉ែត្រ(60MM)នេះ ទោះបីជាមានសភាពជ្រែះពីសម្បុកខាងក្រៅមែន តែកម្លាំងផ្ទុះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។ សម្រាប់ប្រតិបត្តិការរំដោះគ្រាប់ ៦០មីលីម៉ែត្រនេះ លោកប្រធានក្រុមខាងលើបានអនុវត្តតាមជំនាញនិងប្រើប្រាស់ឧបករណ៍ជំនួយជម្លៀសគ្រាប់ចេញពីទីតាំងដោយសុខសុវត្ថិភាព។
គ្រាប់ ៦០មីលីម៉ែត្រដែលពលរដ្ឋប្រទះ។រូបភាពពី ប៉ាត ពណ្ណរាយ។
ដោយឡែកអ្នកស្រី គឹម ចាន់ណុល សមាជិកក្រុមការងារដែលបានចូលរួមការរំដោះផងដែរនោះ សំណូរពរទៅកាន់ប្រជាពលរដ្ឋទាំងអស់ នៅពេលប្រទះឃើញគ្រាប់មីន ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជាបន្ទាន់ ដើម្បីសុំជំនួយពីកម្លាំងបោសសម្អាតមីនមកអន្តរាគមន៍ទាន់ពេល។ តាមរយៈករណីនេះអ្នកស្រីថា អ្នកសារព័ត៌មានពិតជាបានរួមចំណែកធំធេងក្នុងការផ្តល់ព័ត៌មានដល់កម្លាំងកម្ចាត់មីនចុះមកអន្តរាគមន៍ទាន់ពេលវេលា អាចបញ្ជៀសបានហានិភ័យគ្រោះថ្នាក់កើតចេញពីគ្រាប់មីន។
អ្នកស្រី គឹម ចាន់ណុល៖«សូមផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋពេលឃើញគ្រាប់អីចឹង ត្រូវរាយការណ៍ប៉ុស្តិ៍នគរបាល ឬមេភូមិ ដើម្បីឱ្យពួកគាត់ទំនាក់ទំនងមកពួកខ្ញុំ ចុះទៅបន្សាបឬជម្លៀសចេញអីចឹងណា កុំឱ្យប្រជាពលរដ្ឋប៉ះពាល់និងដើម្បីសុវត្ថិភាពទាំងអស់គ្នា»។
អ្នកស្រី គឹម ចាន់ណុល ធ្វើការរំដោះមីនដែលពលរដ្ឋជូនដំណឹងមក។រូបភាពពី ប៉ាត ពណ្ណរាយ។
សូមរំលឹកបន្តិចថា គ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រមួយគ្រាប់នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់ព្រំរបងតាមផ្លូវធ្វើដំណើរក្នុងភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ជុំវិញរឿងនេះដែរ លោក រ័ត្ន ថាន ប្រធានភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ដែលតំណាងឱ្យប្រជាពលរដ្ឋក្នុងភូមិ បានសម្តែងក្តីត្រេកអរនិងថ្លែងអំណរគុណដល់ក្រុមការងារកម្ចាត់មីនដែលបានចុះមកទាន់ពេលវេលារំដោះគ្រាប់មិនទាន់ផ្ទុះមួយនេះ។ លោកថា នៅមុនការរំដោះនេះប្រជាពលរដ្ឋក្នុងភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ខណៈគ្រាប់នេះនៅក្បែរផ្លូវភូមិដែលពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។
ក្រុមការងារបានផ្សព្វផ្សាយអប់រំពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះគ្រាប់មីន។រូបភាពពី ប៉ាត ពណ្ណរាយ។
តាមការបញ្ជាក់ពីលោក គីម ធីវន គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារ(TSC.60) របស់លោកបានចុះអន្តរាគមន៍រំដោះគ្រាប់មិនទាន់ផ្ទុះ និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបប្រមាណ ៥៦ គ្រាប់ក្នុងភូមិសាស្ត្របណ្ដាលស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។