នគបាល នឹងបណ្ដេញជនជាតិថៃចំនួន ៥៦នាក់ចេញពីកម្ពុជា ខណៈ៧នាក់ទៀតជាមេខ្លោងនៃអំពើឆបោកតាមអនឡាញកំពុងប្រឈមមុខនឹងវិធានការផ្លូវច្បាប់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
អគ្គស្នងការនគរបាលជាតិបានប្រកាសនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងចំនួន២កន្លែង ដែលលួចលាក់ប្រព្រឹត្ដបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃប្រមាណ៧នាក់ នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
ការឈានទៅបង្ក្រាបបន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើនេះមួយរយៈ។ នៅក្នុងប្រតិបត្ដិការឆ្មក់ចូលទីតាំងនេះដែរ សមត្ថកិច្ចបានរកឃើញជនជាតិថៃសរុប៦៣នាក់(ស្រី៣០នាក់) ក្នុងនោះមានកុមារចំនួន២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រ៣៣គ្រឿង និងទូរសព្ទដៃចំនួន៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។
ក្នុងចំណោមពលរដ្ឋថៃទាំង៦៣នាក់ សមត្ថកិច្ចបានរកឃើញ១០នាក់កំពុងធ្វើសកម្មភាពរៀបចំសម្ភារៈមធ្យោបាយ ដើម្បីប្រព្រឹត្ដបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ដ និង៤៦នាក់កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្ដែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ នៅក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃ៧នាក់(ស្រី១នាក់) ជាមេខ្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ។
ជាចំណាត់ការបន្តជនជាតិថៃ៥៦នាក់ នគរបាលជាតិកម្ពុជានឹងស្មើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា ផ្អែកតាមសំណូមពរពីអ្នកទាំងនោះ។ ដោយឡែក ចំពោះជនសង្ស័យ៧នាក់ផ្សេងទៀត កំពុងបន្ដនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ៕