en     km
en     km

កម្មកររោងចក្រគល័រស្តារ នៅព្រែកជ្រៃ ៥០០នាក់ ផ្ទុះការតវ៉ាបិទផ្លូវ ពាក់ព័ន្ធការផ្លាស់ប្ដូរទីតាំងរោងចក្រទៅខេត្តតាកែវ

Share

ប្រភពរូបភាពពីកកម្មករនិយោជិតរោងចក្រ ក្រុមហ៊ុន គល័រស្តារ (ខេមបូឌា)

កម្មការិនី-កម្មករ រោងចក្រ ក្រុមហ៊ុន គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី ( Color Star (Cambodia) Product Co.,LTD) ប្រមាណជាង៥០០នាក់ ស្ថិតក្នុងភូមិព្រែកព្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្ទុះការតវ៉ាជាបន្ត នៅថ្ងៃទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ការតវ៉ាពីម្សិលត្រូវបានក្រសួងការងារចុះមកសម្របសម្រួល។ ពួកគេតវ៉ា ដោយសារ ក្រុមហ៊ុន (រោងចក្រ) បានប្រកាសជូនដំណឹង ស្តីពីការដូរទីតាំង ក្រោមហេតុផលថា ដីរោងចក្រចាស់ ម្ចាស់ដី លែងបន្តកិច្ចសន្យាជួលដី។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ស្តីពី ពេលវេលាផ្លាស់ប្តូរទីតាំង ថ្ងៃធ្វើការចុងក្រោយរបស់រោងចក្រចាស់៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កាលបរិច្ឆេទបើកដំណើរការជាផ្លូវការនៃរោងចក្រថ្មី៖ ចាប់ផ្តើមពីថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២៥ (តាមផ្នែក)។ ចំណែកអាសយដ្ឋានរោងចក្រថ្មីគឺចម្ងាយ៣៥គីឡូម៉ែត្រ ពីទីតាំងចាស់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ។

បើតាមប្រភពពីអង្គការសង់ត្រាល សម្រាប់អត្ថប្រយោជន៍នឹងការលើកទឹកចិត្តរបស់កម្មករនិយោជិតទាំងអស់ដែលផ្លាស់ពីរោងចក្រចាស់ប្តូរទៅរោងចក្រថ្មី នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ២០០ ដុល្លារអាមេរិក ក្នុងម្នាក់ៗ ដែលបញ្ចូលទៅក្នុងប្រាក់បៀវត្សរ៍ប្រចាំខែរយៈពេលប្រាំមួយខែ(ទទួល បាន ៣០ដុល្លារ ចំនួន៥ខែដំបូង នឹង ៥០ដុល្លារ សម្រាប់ខែទី៦)។

ទោះយ៉ាងណា ក្រោយការវ៉ាជាថ្មីរបស់កម្មករនិយោជិត នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងការងារ តាមរយៈការជូនដំណឹងដែលលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបានផុសផ្សាយ បានឱ្យដឹងថា​ក្រុមហ៊ុន នឹងទូទាត់ផ្ដាច់កិច្ចសន្យាការងារដល់កម្មករនិយោជិតដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី។ ក្រោមការសម្រសម្រួលជាថ្មីរបស់ក្រសួង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនបាន​ឯកភាពទូទាត់ ប្រាក់ឈ្នួលដែលមិនទាន់បានបើក ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់ជួសការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារ។

យ៉ាងណាមិញ ការតវ៉ារបស់កម្មករនិយោជិតនៅព្រឹកនេះ ត្រូវបានរំសាយ នៅម៉ោងប្រមាណ ៩៖៣០នាទី ដោយកម្មកររោងចក្រគល័រស្តារប្រមាណ១០០នាក់ក្នុងចំណោម៥០០នាក់បានបើកផ្លូវវិញ ហើយក្រសួងកំពុងបន្តដោះស្រាយ និងធានាអត្ថប្រយោជន៍ជូនបងប្អូនកម្មករស្របតាមច្បាប់កំណត់៕

 

Share

ព័ត៌មានទាក់ទង