រូបភាពឯកសារ៖ ស្ត្រីខ្មែរពីរនាក់បានអះអាងថាជាបងប្អូនស្រី អំពាវនាវតាមបណ្តាញសង្គមស្វែងរកជំនួយសង្គ្រោះ អំឡុងខែឧសភា ២០២៥
រយៈពេល៥ខែ ឆ្នាំ២០២៥ ស្ត្រីខ្មែរ១៤៦ នាក់ ត្រូវបានបញ្ជូនពីប្រទេសចិនមកកម្ពុជាវិញ ពាក់ព័ន្ធករណីចាញ់បោកមេខ្យល់ល្បួងទៅលក់ឱ្យថៅកែ និងរៀបការជាមួយប្ដីចិន។ នេះជាទិន្នន័យដែល លោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនៅថ្ងៃទី៣០ ខែឧសភា នេះ។
«យើងកំពុងតែទទួលនូវជនរងគ្រោះ ប្រជាពលរដ្ឋជាស្ត្រីខ្មែរ រងគ្រោះពីខាងក្រៅ បញ្ជូនមកកម្ពុជាវិញ ព្រោះត្រូវបានគេជួញដូរច្រើនណាស់។ នេះយើងទទួលបាន ដោយសារគេជួយសង្គ្រោះផង ជាពិសេសគឺប្រទេសចិន។ ក្នុង៥ខែដើមឆ្នាំនេះ គ្រាន់តែបញ្ជូនមកវិញ គឺមានដល់១៤៦នាក់ ជាស្ត្រីខ្មែរដែលបញ្ជូនមកវិញ។»
រូបភាពឯកសារ៖ ស្ត្រីដែលរងគ្រោះចាញ់បោកមេខ្យល់ទៅការប្តីនៅចិន
ស្ត្រីខ្មែរ ដែលមេខ្យល់ជួញដូរនាំទៅប្រទេសចិន ត្រូវបានសមត្ថកិច្ចចិនបញ្ជូនចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិភ្នំពេញ។ ក្រៅពីនេះ ក៏មានស្ត្រីខ្មែរមួយចំនួនទៀត ត្រូវមេខ្យល់ជួញដូរនាំទៅប្រទេសជិតខាងដូចជាថៃ វៀតណាម ហើយត្រូវសមត្ថកិច្ចប្រទេសទាំងនោះសង្គ្រោះបាន និងបញ្ជូនមកកម្ពុជាវិញ។ ដោយសារតែបញ្ហានេះ ជាបញ្ហាប្រឈម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរឹតបណ្តឹងតាមរយៈការសួរនាំលើអ្នកដំណើរជនជាតិខ្មែរដែលចេញទៅក្រៅប្រទេស ក្នុងគោលដៅទប់ស្កាត់កុំឱ្យពលរដ្ឋខ្មែរ ជាពិសេសស្ត្រីខ្មែរ ចាញ់បោកមេខ្យល់នាំយកទៅលក់នៅក្រៅ។ ជាលទ្ធផល រយៈពេល៥ខែ ឆ្នាំ២០២៥ សមត្ថកិច្ចអន្តោប្រវេសន៍ បានរកឃើញ និងទប់ស្កាត់ប្រជាពលរដ្ឋជាស្ត្រីកុំឱ្យចាញ់បោកគេនាំទៅក្រៅក៏មាន៥៦ករណី ដែលមានមនុស្ស១០៥នាក់ ហើយក្នុងនោះស្ត្រី៩០នាក់។ នេះបើតាមការបញ្ជាក់ពី លោក សុខ វាសនា។
«មនុស្សមួយចំនួនដែលយើងទប់ស្កាត់បាន ដោយសារតែយើងហៅសួរនាំ មើលទៅ យើងមានទិន្នន័យអីត្រឹមត្រូវ យើងសួរទៅ ទម្រង់គឺចាញ់បោកគេតែម្ដង។»
លើបញ្ហានេះលោក សុខ វាសនា ក៏បានឱ្យដឹងថា ពេលសមត្ថកិច្ចសួរនាំ ស្ត្រីខ្មែរ និងបុរសស្ថិតនៅលើផ្លូវធ្លាក់ក្នុងការជួញដូរមនុស្សទាំងនោះ ព្រោះតែអ្នកទាំងនោះធ្វើដំណើរទៅក្រៅប្រទេស ទាំងគ្មានគោលដៅច្បាស់លាស់ ខណៈស្ត្រីខ្មែរខ្លះទៀតធ្វើដំណើរទៅក្រៅប្រទេសជាមួយសង្សារជាជនជាតិចិនដែលទើបនឹងស្គាល់គ្នារយៈពេលខ្លី រីឯស្ត្រីខ្មែរខ្លះទៀតធ្វើដំណើរទៅប្រទេសចិន ក្នុងគោលដៅទៅរកស្វាមីជាជនជាតិចិន។
បន្ទាប់ពីសមត្ថកិច្ចអន្តោប្រវេសន៍ សួរនាំ និងបានដាក់ការសង្ស័យថា អ្នកដំណើរទាំងនោះកំពុងត្រូវបានគេជួញដូរ ក៏ផ្អាកការធ្វើដំណើរ និងបញ្ជូនករណីនេះទៅកាន់សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជូនសំណុំរឿងលើជនបរទេសដែលនាំជនជាតិខ្មែរចំណាកស្រុកនេះ ទៅកាន់តុលាការ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥នេះ មាន ស្ដ្រីខ្មែរពីរនាក់ដែលអះអាងថាជាបងប្អូននឹងគ្នា បានថតវីដេអូឃ្លីបខ្លីដោយបាននិយាយអំពាវនាវស្វែងរកជំនួយ ក្រោយចាញ់បោកមេខ្យល់ជនជាតិចិន និងត្រូវបានលក់បន្ដទៅឱ្យថៅកែជនជាតិម្នាក់ទៀត។ការអំពាវនាវសុំរកជំនួយរបស់ពួកគេទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម ដែលនាំឱ្យមានសកម្មភាពរួមគ្នារវាងភាគីកម្ពុជា និងសមត្ថកិច្ចចិន៕