en     km
en     km

៤ខែឆ្នាំ២០២៥៖សមត្ថកិច្ចអន្តោប្រវេសន៍ទប់ស្កាត់អ្នកដំណើរជាង១០០នាក់ករណីសង្ស័យអំពើជួញដូរមនុស្ស

Share

ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារអន្តរជាតិ បានទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេសសរុបចំនួន ៥២ករណី សរុបមនុស្ស ១០៧នាក់ ក្នុងនោះមានស្រី ៨២នាក់ ដោយមានពលរដ្ឋខ្មែរចំនួន ៩៣នាក់ផងដែរ។នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

ផ្អែកតាមសេចក្តីបំភ្លឺខាងលើ គ្រាន់តែច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែមួយប៉ុណ្ណោះ សមត្ថកិច្ចបានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេសបានចំនួន ៣៦ករណី សរុបមនុស្សចំនួន ៧៥នាក់ ក្នុងនោះស្រី ៥៥នាក់ ហើយមានពលរដ្ឋខ្មែរ ចំនួន ៦៥នាក់។

ក្រោយសម្ភាសន៍សាកសួរព័ត៌មានអំពីគោលបំណងនៃការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរទាំងនោះរួចមក ពលរដ្ឋខ្មែរចំនួន ៣នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រៅពីនោះ សមត្ថកិច្ចបញ្ជូនទៅឱ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីបន្តស្រាវជ្រាវ និងអនុវត្តនីតិវិធី ដោយសមត្ថកិច្ចមានការសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សទៅក្រៅប្រទេស។

 

នៅក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចនៃប្រទេសចិនបានបញ្ជូនពលរដ្ឋខ្មែររងគ្រោះក្នុងអំពើជួញដូរមនុស្សពីប្រទេសចិនឱ្យវិលត្រឡប់មកកម្ពុជាវិញ សរុបចំនួន ៤២ករណី សរុបមានចំនួន ៩៨នាក់ ក្នុងនោះស្រី ៩៧នាក់។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍គូសបញ្ជាក់ថា ការសម្ភាសន៍សាកសួរព័ត៌មាន និងហាមឃាត់ការធ្វើដំណើរចេញរបស់ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស និងអ្នកដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេសនោះ ពុំមែនជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរនោះទេ។ ប៉ុន្តែ សកម្មភាពនេះគឺជាការអនុវត្ត តួនាទីភារកិច្ចរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ដែលបំពេញការងារនៅតាមច្រកទ្វារ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសលើស្ត្រី និងកុមារ។ ម្យ៉ាងវិញទៀត គឺក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរគ្រប់ រូប កុំឱ្យចាញ់បោកក្រុមមេខ្យល់ដែលអូសទាញឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬទៅធ្វើការងារនៅ ក្រៅប្រទេសដោយខុសច្បាប់៕

Share

ព័ត៌មានទាក់ទង