ព្រះវិហារ៖ក្រោយងាកមកដាំដុះស្រូវមានកិច្ចសន្យាជាមួយក្រុមហ៊ុន ក្រុមសហគមន៍កសិករក្នុងខេត្តព្រះវិហារលើកឡើងថា ហានិភ័យបង់ខាននានាត្រូវបានកាត់បន្ថយ ពោលគឺអាចជៀសផុតបញ្ហាទម្លាក់ថ្លៃស្រូវពេលប្រមូលផល។ បន្ថែមពីនេះ កសិករដែលផលិតស្រូវតាមកិច្ចសន្យាក៏ទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់ក្រុមហ៊ុន លើការថែទាំ បច្ចេកទេសប្រើជី និងការប្រើថ្នាំសម្លាប់សត្វល្អិតចង្រៃជាដើម។
សកម្មភាពអ្នកបច្ចេកទេសចុះណែនាំនិងផ្តល់បច្ចេកទេសដល់កសិករក្នុងសហគមន៍។រូបភាពពី សុវណ្ណារិទ្ធិ។
ថ្លែងប្រាប់សិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារ លើការប្រកបការងារដាំដុះស្រូវតាមបែបកិច្ចសន្យាជាមួយក្រុមហ៊ុន កសិករក្នុងសហគមន៍កសិករខេត្តព្រះវិហារប្រាប់ថា ការធ្វើស្រែដែលមានកិច្ចសន្យាត្រឹមត្រូវ នាំឱ្យប្រជាកសិករទទួលបានផលចំណេញច្រើនជាងការធ្វើស្រែតាមទម្លាប់។ ដោយឡែកឆ្នាំនេះ ប្រជាកសិករក្នុងសហគមន៍ទាំង ២៧ ដែលបានធ្វើកិច្ចសន្យាដាំដុះស្រូវជាមួយក្រុមហ៊ុន Amru Rice Cambodia Co., Ltd បានបង្ហាញក្តីរីករាយ និងសាទរចំពោះទិន្នផលស្រូវដែលឱ្យផលល្អ ជាមួយតម្លៃបានថ្លៃសមរម្យបើធៀបនឹងទីផ្សារ។
កសិករនិងអ្នកបច្ចេកទេសមកពីក្រុមហ៊ុនមកពិនិត្យមើលគុណភាពស្រូវ។រូបភាពពី សុវណ្ណារិទ្ធិ។
កសិករមួយរូបក្នុងចំណោមកសិករដទៃទៀតក្នុងសហគមន៍ទាំង២៧ ដែលកំពុងមមាញឹកប្រមូលផលស្រូវគឺលោក ខេន និយាយថា ចាប់តាំងពីលោកនិងកសិករផ្សេងទៀត បែរមកផលិតស្រូវតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ធ្វើឱ្យជីវភាពគ្រួសារធូរធាជាងមុនមួយកម្រិត ដ្បិតអាចទទួលផលចំណេញច្រើនពិសេសលើតម្លៃស្រូវតែម្តង។ លោកបញ្ជាក់ថា ការដាំដុះស្រូវតាមទម្លាប់គឺប្រឈមការទម្លាក់ថ្លៃពីឈ្មួលកណ្តាលដោយកសិករត្រូវខាតបង់ស្ទើររៀងរាល់ឆ្នាំ និងខ្លះត្រូវសម្រេចចិត្តឈប់ធ្វើស្រែចំណាកស្រុកទៅរកការងារធ្វើក្រៅប្រទេស។
លោក ខេន ថាប្រាក់ចំណូលបានពីការធ្វើស្រែមានកិច្ចសន្យាជាមួយក្រុមហ៊ុនគឺទទួលបានច្រើនជាងមុនបើធៀបនឹងការធ្វើស្រែគ្មានកុងត្រា។រូបភាពពី សុវណ្ណារិទ្ធិ។
លោកថា នៅពេលមានការចងក្រងជាសហគមន៍កសិករ និងមានក្រុមហ៊ុនធានាទិញស្រូវក្នុងតម្លៃមួយជាក់លាក់បែបនេះ គឺធ្វើឱ្យកសិករអាចកាត់បន្ថយហានិភ័យជាច្រើនលើការខាតបង់ ថែមទាំងទទួលបានការយកចិត្តទុកដាក់ពីអ្នកជំនាញរបស់ក្រុមហ៊ុនដែលចុះមកពិនិត្យ ផ្តល់យោបល់លើបច្ចេក ទេសថែទាំ ការប្រើប្រាស់ជី និងការប្រើថ្នាំសម្លាប់សត្វល្អិតជាដើម។កសិកររស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហាររូបនេះបន្តទៀតថា បើទោះបីជាឆ្នាំនេះស្រូវសរីរាង្គចុះថ្លៃជាងឆ្នាំមុនបន្តិចមែន តែបើធៀបទីផ្សារស្រូវបច្ចុប្បន្នវិញ គឺកើនតម្លៃរហូតដល់ ៧០រៀល ក្នុង១គីឡូក្រាម។
សកម្មភាពកសិករប្រមូលផលស្រូវទៅលក់ឱ្យក្រុមហ៊ុនដែលបានចុះកិច្ចសន្យា។រូបភាពពី សុវណ្ណារិទ្ធិ។
ជុំវិញរឿងនេះលោក សុន ជីន ប្រធានផ្នែកគ្រប់គ្រងស្ដង់ដាអង្ករខេត្តព្រះវិហារប្រាប់ឲ្យដឹងថា សហភាពសហគមន៍កសិកម្មបានចាប់ដៃជាមួយក្រុមហ៊ុនចំនួន ២ ធំៗ ដែលបានចុះបញ្ជីច្បាស់លាស់និងទទួលស្គាល់ពីមន្ទីរកសិកម្ម និងក្រសួងកសិកម្ម រួមទាំងរដ្ឋបាលខេត្ត។ លោកថា ក្នុងកិច្ចសន្យារវាង សហ គមន៍កសិករទាំង ២៧និងក្រុមហ៊ុន គឺកសិករត្រូវបំពេញតាមលក្ខខណ្ឌជាមួយក្រុមហ៊ុន ដោយដីបង្កបង្កើនផលស្រូវសរីរាង្គ ឬដំណាំផ្សេងទៀត មិនតម្រូវឲ្យប្រើសារធាតុគីមី បើពុំដូច្នោះទេ ត្រូវរងពិនិយផ្អាកផលិតរយៈពេល ៣ឆ្នាំ។ មួយវិញទៀត ការធ្វើស្រូវតាមកិច្ចសន្យានេះដែរ កសិករត្រូវប្រមូលផល មកទូទាត់ជាមួយក្រុមហ៊ុនតាមបរិមាណផលិតដែលចែងក្នុងកិច្ចសន្យា។ ក៏ប៉ុន្តែលោកថា បើសិនជាផលស្រូវរបស់កសិករមិនគ្រប់តាមកិច្ចសន្យា ដោយបញ្ហាណាមួយ នោះក្រុមហ៊ុនអាចអនុគ្រោះបានតាមការវាយតម្លៃរបស់សហភាពសហគមន៍កសិកម្ម។
លោក សុន ជីន ប្រធានផ្នែកគ្រប់គ្រងស្ដង់ដាអង្ករខេត្តព្រះវិហារ។រូបភាពពី សុវណ្ណារិទ្ធិ។
តាមការបញ្ជាក់បន្ថែមពីលោក សុន ជីន ការធ្វើស្រែមានកិច្ចសន្យានេះ ភាគីក្រុមហ៊ុនជាអ្នកផ្ដល់ពូជស្រូវដល់កសិករមួយចំនួនតាមរយៈសហភាពសហ គមន៍កសិកម្ម ហើយមន្ទីរកសិកម្ម និងសហភាពសហគមន៍កសិកម្ម តែងតែចុះពិនិត្យជាប់ជាប្រចាំជាមួយកសិករ ដើម្បីតាមដានស្ថានភាពស្រូវ ជួយកសិករទាន់ពេល ជៀសវាងការខាតបង់ដែលអាចកើតមានជាយថាហេតុ។
រូបភាពប្រជាកសិករក្នុងសហគមន៍ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។រូបភាពពី សុវណ្ណារិទ្ធិ។
ពាក់ព័ន្ធរឿងនេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារប្រាប់សិក្ខាកាមវិទ្យុស្រ្តីថា ស្រូវសរីរាង្គដែលកសិករផលិតបាន ត្រូវបាននាំចេញទៅទីផ្សារអឺរុប និងប្រទេសដ៏ទៃទៀតតាមរយៈក្រុមហ៊ុននាំចេញ។ លោកថា បច្ចុប្បន្នស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ មានតម្លៃល្អប្រសើរដោយ ប្រភេទស្រូវលេខ ១. ពូជស្រូវផ្ការំដួល និងផ្កាម្លិះនៅសើម មានតម្លៃ ១២៧០៛ក្នុងមួយគីឡូក្រាម។ រីឯស្រូវលេខ ២ តម្លៃ ១២៥០៛ក្នុងមួយគីឡូក្រាម។ ដោយឡែកស្រូវសរ ប្រភេទ ពូជស្រូវនាងអុក និងនាងអ៊ំ លេខ១ (ស្រូវសើម) តម្លៃ ១១៧០៛ក្នុងមួយគីឡូក្រាម។ ហើយស្រូវលេខ ២ (សើម) តម្លៃ ១១៤០៛ក្នុងគីឡូក្រាម៕
សកម្មភាពទិញលក់ស្រូវដែលកសិករបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។រូបភាពពី សុវណ្ណារិទ្ធិ។
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។