en     km
en     km

ឆ្នាំ២០២៤៖ក្រសួងព័ត៌មានកត់ត្រាឃើញព័ត៌មានក្លែងក្លាយចំនួន ៣ ៦៥១ កើនឡើង១៤%បើធៀបនឹងឆ្នាំ២០២៣

Share

ភ្នំពេញ៖ ក្រសួងព័ត៌មានបានបង្ហាញកំណត់ត្រារបស់ខ្លួនដែលបានរាប់រាល់ព័ត៌មានក្លែងក្លាយចន្លោះពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ដោយរកឃើញថា មានការកើនឡើងចំនួន១៤%។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ(AKP)ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ដើម្បីបន្សាបឥទ្ធិពលនៃការកើនឡើងនូវព័ត៌មានក្លែងក្លាយ បច្ចុប្បន្នក្រសួងព័ត៌មានបានដាក់ចេញនូវយុទ្ធនាការមួយឈ្មោះថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ឆ្នាំ២០២៣ ចំនួនព័ត៌មានក្លែងក្លាយមានចំនួន ៣ ២០៨ ព័ត៌មានហើយនៅក្នុងឆ្នាំ ២០២៤ មានព័ត៌មានក្លែងក្លាយចំនួន ៣ ៦៥១ព័ត៌មាន។ តួលេខនេះកើនឡើង១៤%បើធៀបនឹងឆ្នាំ២០២៣។ នេះបើផ្អែកតាមរបាយការណ៍រំលឹកដោយលោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជាតិ(AKP)។

កម្មវិធីសន្និសីទសារព័ត៌មានការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។រូបភាពពីក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ចំនួនព័ត៌មានក្លែងក្លាយដែលបានកត់ត្រាដោយក្រុមការងាររបស់ក្រសួងខាងលើ គឺមិនបានធ្វើទូទៅគ្រប់វិស័យទាំងអស់នោះទេ តែផ្តោតតែលើវិស័យសំខាន់ៗ ដូចជា សុខសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាក់ទងបញ្ហាសំខាន់មួយចំនួនទៀតតែប៉ុណ្ណោះ។

មួយវិញទៀត ដើម្បីកាត់បន្ថយនូវព័ត៌មានក្លែងក្លាយឱ្យនៅកម្រិតតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងស្រុងពីលំហព័ត៌មាននៅក្នុងសង្គមកម្ពុជា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានដាក់ចេញនូវយុទ្ធនាការមួយដែលមានឈ្មោះថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។រូបភាពពីក្រសួងព័ត៌មាន។

សម្រាប់លោករដ្ឋមន្រ្តីយល់ថា ព័ត៌មានក្លែងក្លាយបានបង្កបញ្ហាជាច្រើនក្នុងសង្គមក្នុងនោះធ្វើឱ្យមានការប្រកាន់បក្សពួក ភាពភ័យខ្លាច អសណ្តាប់ធ្នាប់នៅក្នុងសង្គម និងនយោបាយ បំផ្លាញសុខសន្តិភាព ដែលបន្ទុចបង្អាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ មិនតែប៉ុណ្ណោះប៉ះពាល់ផងដែរដល់ទំនាក់ទំនងការទូតកម្ពុជាជាមួយប្រទេសនានានៅលើពិភពលោក។

លោក នេត្រ ភក្រ្តា ចាត់ទុកការផលិតមាតិកាព័ត៌មានក្លែងក្លាយ ឬការចែកចាយបន្តនូវព័ត៌មានមិនពិត គឺជាប្រភពបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ដូច្នេះលោករដ្ឋមន្រ្តីជំរុញសាធារណជនទាំងអស់ត្រូវរួបរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៥មិ្សលមិញនោះដែរ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានលើកឡើងនូវលក្ខណៈសម្គាល់នៃប្រភេទព័ត៌មានក្លែងក្លាយផងដែរ ដោយទម្រង់ព័ត៌មានក្លែងក្លាយទី១ គឺព័ត៌មានក្លែងបន្លំ (Disinformation)។ព័ត៌មានក្លែងបន្លំគឺជាប្រភេទព័ត៌មានមិនពិតដែលបង្កើតឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។ទី២ ព័ត៌មានបំភ្លៃ  (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវគេយកមកផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ចំណែកប្រភេទទី៣ វិញ គឺព័ត៌មានភាន់ច្រឡំ ឬ(Misinformation) ដែលជាប្រភេទព័ត៌ មានមិនពិតត្រូវបានផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ដោយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានឬដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។

សកម្មភាពអ្នកសារេព័ត៌មានដែលចុះប្រមូលព័ត៌មាននាពេលកន្លងទៅ។រូបភាពីCCHR។

ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាននាឱកាសនោះក៏បានចែករំលែកនូវវិធីសាស្រ្តគន្លឹះៗមួយចំនួនក្នុងផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ។ ក្នុងនោះ សាធារណជនត្រូវពិនិត្យមើលប្រភពព័ត៌មានថាតើប្រភពដែលនិយាយក្នុងសារព័ត៌មានអាចទុកចិត្តបានកម្រិតណា។ មួយទៀតគឺត្រូវពិនិត្យមើលកាលបរិច្ឆេទថាតើជាព័ត៌មានចាស់ឬជាព័ត៌មានបច្ចុប្បន្នភាពថ្មីៗ។ ចំណុចមួយទៀតគឺត្រូវមើលអត្តសញ្ញាណ ស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាននោះថាតើជាស្ថាប័នមានវិជ្ជាជីវៈកម្រិតណា មានការទទួលស្គាល់ពីសាធារណជនឬក្រសួងឬទេ?។និងចំណុចចុងក្រោយគឺត្រូវផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលបានជាមួយស្ថាប័នដែលមានវិជ្ជាជីវៈផ្សេងៗ ដ្បិតបើសិនជាព័ត៌មាននោះរសើបទាក់ទាញចំណាប់អារម្មណ៍អ្នកអាននោះសារព័ត៌មានល្បីៗមានវិជ្ជាជីវៈច្បាស់ជាចេញព័ត៌មានព្រមៗគ្នា។

សូមជម្រាបជូនថា ចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នឹងសំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាន ដែលផ្តោតទៅលើគោលសំខាន់បី គឺធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មានផ្តល់ជូនប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលកិច្ចការងារនេះគឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គមជាតិ៕

Share

ព័ត៌មានទាក់ទង