en     km
en     km

ពលរដ្ឋ ១៦គ្រួសារនៅស្រុកស្រែអំបិលសុំអន្តរាគមន៍ពីក្រសួងរៀបចំដែនដីចេញប័ណ្ណកម្មសិទ្ធិដីធ្លី

Share

 

ភ្នំពេញ៖ ពលរដ្ឋ ១៦គ្រួសារ ដែលមកពីភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោយបុគ្គលមានអំណាចចូលទៅឈូសឆាយដីធ្លីពលរដ្ឋទាំងនោះ និងធ្វើប៉ះពាលជីវភាពពួកគេ។ ការស្នើសុំកិច្ចអន្តរាគមន៍នេះ បន្ទាប់ពីពលរដ្ឋទាំងនោះ មិនបានទទួលដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។ កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍

 

 

ក្នុងញត្តិរបស់ពលរដ្ឋទាំងដែលដាក់ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា កន្លងមកពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីនេះពីមេឃុំជីខលើ អភិបាលស្រុកស្រែអំបិល និងអភិបាលខេត្តកោះកុង ប៉ុន្តែមិនមានដំណោះស្រាយជូនពលរដ្ឋទាំងនោះឡើយ និងថែមទាំងអូសបន្លាយវិវាទធីធ្លីនេះ ធ្វើប៉ះពាល់ជីវភាពរបស់ពួកគេផងដែរ។

ក្នុងញត្តិដដែលសរសេរបញ្ជាក់ថា សូមស្នើឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជួយពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋ ១៦គ្រួសារ ជាមួយបុគ្គលឈ្មោះ សៀង ឈី លោក ភ្នំ ស៊ីធឿន និងលោក ហ៊ួរ សេង ហើយនិងស្នើសុំជួយកាត់ឆ្វៀល និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់លើផ្ទៃដីរបស់ពលរដ្ឋទាំង ១៦គ្រួសារផងដែរ។

អ្នកស្រី អិន ធូ តំណាងពលរដ្ឋ ១៦គ្រួសារនៅភូមិតានី ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៩ ខែឧសភានេះថា មូលហេតុដែលពលរដ្ឋ ១៦គ្រួសារ មកដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើឱ្យរដ្ឋមន្ត្រីជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជូនពួកគេជាមួយបុគ្គលឈ្មោះលោក សៀង ឈី លោក ភ្នំ ស៊ីធឿន និងលោក ហ៊ួរ សេង។ ញត្តិដែលដាក់នេះ ត្រូវបានមន្ត្រីនៅក្រសួងមកទទួល ហើយពួកគេគ្រាន់តែប្រាប់ថា នឹងពិនិត្យមើលញត្តិនេះ ដោយមិនកំណត់ពេលណាទាក់ទងមកក្រុមអ្នកស្រីឡើយ។

មុនឈានដល់ការឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដីនេះ អ្នកស្រី ធូ ដែលមានកូន ១០នាក់នៅក្នុងបន្ទុក បញ្ជាក់ថា គ្រួសារអ្នកស្រី និងពលរដ្ឋរងគ្រោះផ្សេងទៀត បានសុំអន្តរាគមន៍ពីអាជ្ញាធរភូមិ-ឃុំ អាជ្ញាធរស្រុក រហូតដល់ថ្នាក់ខេត្ត ប៉ុន្តែមិនមានលទ្ធផល ឫដំណោះស្រាយជូនពួកគេឡើយ។

អ្នកស្រី អិន ធូ៖ «សំណូមពរទៅរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងនាយរដ្ឋមន្ត្រី ពន្លឿនក្នុងការដោះស្រាយ ជំរុញទៅឱ្យអភិបាលខេត្ត និងចៅហ្វាយស្រុក និងខាងសុរិយោដី ខាងក្រសួង មន្ត្រីពាក់ព័ន្ធទាំងអស់ សុំឱ្យចុះមកដល់ដីពួកខ្ញុំជួយរកដំណោះស្រាយពួកខ្ញុំទាំង ១៦គ្រួសារ និងវាស់វែងកាត់ឆ្វៀលធ្វើប្លង់កម្មសិទ្ធិឱ្យពលរដ្ឋពួកខ្ញុំទាំងអស់គ្នានៅលើទីតាំងចំណុចចំការក្រូច ហើយប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យខ្ញុំ១៦គ្រួសារ ដើម្បីចិញ្ចឹមកូន ចិញ្ចឹមចៅ និងចិញ្ចឹមជីវិត»។

បើតាមអ្នកស្រី អិន ធូ ដីពលរដ្ឋដែលបុគ្គលទាំង ៣នាក់ ហ៊ុមព័ន្ធ មានទំហំសរុបចំនួន ៣៨ហិកតា ៤អា ក្នុងនោះដីអ្នកស្រីដែលបុគ្គលទាំងនោះហ៊ុមព័ន្ធយក មានចំនួន ៣ហិកតា។ ផ្ទៃដីទំហំ ៣ហិកតានេះ ពលរដ្ឋរូបនេះអះអាងថា អាស្រ័យផលតាំងពីឆ្នាំ១៩៩១ ដោយមានការដាំដុះ ដំណាំស្រូវ ចេក ដំឡូងមី និងដំណាំស្វាយជាដើម។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២១ បុគ្គលទាំង៣នាក់នោះ បានចូលមកសួរនាំទិញដីពលរដ្ឋ ក្នុងមួយហិកតាតម្លៃ ៥០០ដុល្លារ ខណៈតម្លៃនេះគ្រួសារអ្នកស្រី មិនព្រមទទួលឡើយ ព្រោះជាតម្លៃមិនសមរម្យ និងមិនអាចទៅរកទិញដីកន្លែងផ្សេងបាននោះទេ។

អ្នកស្រីបន្ថែមថា នៅពេលគ្រួសារអ្នកស្រីមិនព្រម ក្នុងឆ្នាំដដែលនោះ ពួកគេបានចូលមកឈូសឆាយផលដំណាំនៅលើដីអាស្រ័យផលរបស់គ្រួសារអ្នកស្រី និងបានហ៊ុមព័ន្ធដីទាំងនោះជាកម្មសិទ្ធិពួកគេផងដែរ។ អំឡុងពេលបុគ្គលទាំងនោះព័ន្ធយក គ្រួសារអ្នកស្រីបានចូលទៅអាស្រ័យផលនៅលើដីនោះខ្លះ ដើម្បីគ្រាន់ចិញ្ចឹមជីវិត។ ក៏ប៉ុន្តែរហូតមកដល់ខែឧសភា ឆ្នាំ២០២៤ បុគ្គលទាំងនោះ បានយកក្រុមក្មេងស្ទាវមកយាមនៅលើដីទាំងនោះ ជាហេតុមកដល់បច្ចុប្បន្ននេះ គ្រួសារអ្នកស្រីមិនអាចចូលទៅអាស្រ័យផលលើដីរបស់ខ្លួនបានឡើយ។

អ្នកស្រី អិន ធូ ពលរដ្ឋរងគ្រោះដីធ្លីនៅភូមិតានី។ រូបភាពពីសហគមន៍តានី។

អ្នកស្រី អិន ធូ៖ «ខ្ញុំពិបាកមែនទែនអ្នកគ្រូ ព្រោះអីខ្ញុំបានអាស្រ័យផលតែម្ដុំហ្នឹងឯងនៅសល់តែ ៣ហិកហ្នឹងឯងដល់មានផលប៉ះពាល់ទៅខ្ញុំអត់ដែលបានចូលទៅអាស្រ័យផល ខ្ញុំពិបាកមែនទែនអត់បាយហូប អត់ស្រែធ្វើ ខ្ញុំគ្រាន់អាស្រ័យផលចិញ្ចឹមកូន។ ខ្ញុំមានការពិបាកខ្លាំង ខ្ញុំជំពាក់ធនាគារផង ខ្ចីលុយធនាគារដើម្បីការហូបចុកក្នុងគ្រួសារ និងសាហុយធ្វើដំណើរដើរតវ៉ាតស៊ូមតិផង»។

ចំណែកពលរដ្ឋម្នាក់ទៀតលោក ឆាន់ ឈឿន បានឱ្យដឹងដែរថា បុគ្គលទាំង ៣នាក់ ដែលឈូសឆាយហ៊ុមព័ន្ធដីប្រជាពលរដ្ឋ ១៦គ្រួសារនោះ ពួកគេខ្លះជាឈ្មួញរកស៊ីវិស័យសំណង់ វិស័យដីធ្លី ខ្លះទៀតជាបងប្អូន និងកូនប្រសារ មន្ត្រីរាជការនៅក្នុងខេត្តកោះកុង។ ដីដែលពួកគេហ៊ុមព័ន្ធយកពីប្រជាពលរដ្ឋ លោកមិនទាន់ដឹងថាមានគោលបំណងដើម្បីអ្វីឡើយ ប៉ុន្តែឃើញមានការដាំដុះដំណាំដូចពលរដ្ឋអាស្រ័យផលដែរ។

លោក ឆាន់ ឈឿន ឱ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដី ៣៨ហិកតា ក្នុងនោះផ្ទៃដីគ្រួសារលោកមានជាង ២ហិកតា ដែលបុគ្គលទាំងនោះ បានឈូសឆាយហ៊ុមព័ន្ធ។ ផ្ទៃដីជាង ២ហិកតានេះ មិនមានប័ណ្ណកម្មសិទ្ធិឡើយ តែគ្រួសារលោកអាស្រ័យផលតាំងពីឆ្នាំ១៩៩៥ ដោយមានការដាំដំណាំស្វាយចន្ទី និងដំណាំស្រូវ រហូតមកដល់ឆ្នាំ២០២១ ទើបមានការចូលឈូសឆាយពីបុគ្គលទាំងនោះ។

បន្ទាប់ពីបាត់បង់ដីអាស្រ័យផលពលរដ្ឋរូបនេះអះអាងថា ខ្លួនជួបជីវភាពលំបាក ខ្វះអាហារហូបចុកគ្រប់គ្រាន់ ផ្ទុយស្រឡះពីពេលកន្លងទៅដែលលោកធ្លាប់មានដីអាស្រ័យផល គឺមានទាំងចំណូល និងស្បៀងអាហារអាចផ្គត់ផ្គង់ក្នុងគ្រួសារគ្រប់គ្រាន់។

លោក ឆាន់ ឈឿន៖ «និយាយទៅខ្ញុំលំបាកមែន ខ្ញុំអត់មានធ្វើការអីទេ ប្រពន្ធធ្វើការរោងចក្រ ហើយខ្ញុំជំពាក់បំណុលគេទៀត អ៊‌ីចឹងវាប្រឈមច្រើន ហើយទីមួយបញ្ហាគឺយើងទិញបាយគេហូបពីមុនយើងអត់ទិញទេបានដីចំការធ្វើស្រែជួយមួយឆ្នាំទៅមួយឆ្នាំ តែឥលូវប្រឈមនឹងការទិញបាយគេហូបផង ដោះបំណុលគេផង ហើយនឹងពាក់ព័ន្ធប្រព័ន្ធតុលាការទៀត»។

មានកូនតូចៗពីរនាក់ក្នុងបន្ទុកនិងកំពុងបន្តការសិក្សា ដូច្នេះលោកស្នើឱ្យថ្នាក់ដឹកនាំជួយពិនិត្យមើលចុះមកមូលដ្ឋានពលរដ្ឋ ដើម្បីដោះស្រាយវិវាទដីធ្លីនេះ ពីព្រោះវិវាទនេះបានអូសបន្លាយពេលច្រើនឆ្នាំមកហើយទាំងអាជ្ញាធរស្រុក ខេត្ត មិនបានផ្ដល់ដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះរូបនេះបញ្ជាក់ថា អ្វីដែលគ្រួសារលោកចង់បានមិ​នមែនសំណងទេ តែជាដីដែលខ្លួនធ្លាប់អាស្រ័យផលកន្លងមក។

លោក ឆាន់ ឈឿន៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយដីធ្លីឱ្យពួកខ្ញុំទាំង ១៦គ្រួសារ ហើយនិងចាត់វិធានការទៅលើជនខិលខូចដែលរំលោភលើដីពួកខ្ញុំ»។

ជុំវិញរឿងនេះ លោក ប៉ែន វុទ្ធា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តកោះកុង បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា វិវាទដីធ្លីនេះ បានកើតឡើងយូរឆ្នាំមកហើយជាមួយបុគ្គលទាំង ៣នាក់នោះ ហើយដីដែលមានវិវាទនោះ ជាដីដែលប្រជាពលរដ្ឋចូលកាន់កាប់តាំងពីដូនតាពួកគេមកម្ល៉េះ។ ចំណែកបុគ្គលទាំង ៣នាក់នោះ លោកមិនដឹងថាពួកគេអាចចូលមកកាន់កាប់ដីធ្លីនោះបានយ៉ាងណាឡើយ ហើយក៏មិនដឹងពួកគេជាប់ទាក់ទង ឬជាសាច់ញាត្តិជាមួយមន្ត្រីរាជការក្នុងខេត្តកោះកុងផងដែរ។

ពលរដ្ឋឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី។ រូបភាពពីសហគមន៍តានី។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា កន្លងមកបុគ្គលទាំងនោះ ធ្លាប់អះអាងថា ដីធ្លីដែលពួកគេចូលទៅឈូសឆាយ បានមកពីការទិញលក់ត្រឹមត្រូវពីប្រជាពលរដ្ឋ តែមានពលរដ្ឋខ្លះមិនព្រម ក្នុងពេលបុគ្គលទាំងនោះបានចូលឈូសឆាយប៉ះដីរបស់ពួកគេ។ ហេតុនេះលោកថា វិវាទនេះពលរដ្ឋដែលមិនព្រមទទួលសំណង ពួកគេបានស្នើទៅកាន់អាជ្ញាធរមូលដ្ឋានទាំងថ្នាក់ឃុំ ស្រុក ខេត្ត ប៉ុន្តែជាលទ្ធផលគ្មានដំណោះស្រាយជូនពលរដ្ឋទាំងនោះឡើយ ទើបឈានដល់ពលរដ្ឋឡើងទៅដាក់ញត្តិមកដល់ក្រសួង។

លោក ប៉ែន វុទ្ធា៖ «ការមើលឃើញរបស់ខ្ញុំ ខ្ញុំគិតថារដ្ឋបាលខេត្តកោះកុងគួរតែដោះស្រាយរឿងហ្នឹងតាមសំណើរបស់ប្រជាពលរដ្ឋទៅ ព្រោះរឿងនេះប្រជាពលរដ្ឋក៏បានដាក់ពាក្យស្នើសុំដោះស្រាយយូរដែរហើយ មិនទាន់ការដោះស្រាយអីទេកន្លងមក ចេះតែអូសបន្លាយ ដោះសារ។ អាហ្នឹងមិនមែនជាដំណោះស្រាយល្អសម្រាប់ភាគីទាំងសងខាងទេ ហើយប្រសិនទុកទៅវាអាចឈានដល់អំពើហិង្សា យើងពិបាកស្មានណាស់ ព្រោះកន្លងមកដោយសារតែមានឈូសឆាយហ្នឹងបានកើតមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផង»។

ចំពោះករណីដីធ្លីនេះ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បដិសេធក្នុងការអត្ថាធិប្បាយ ដោយសារលោកមិនដឹងច្បាស់ពីវិវាទដីធ្លីនេះ។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មកដល់រសៀលថ្ងៃទី២៩ ខែឧសភានេះ មិនមានការឆ្លើយតបពីលោកស្រីនៅឡើយ៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង