លោក សុផាឆៃ វិរៈផូឈុង អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលកំពុងសម្រុកផលិតរឿងខ្មែរទិញសិទ្ធិពីបរទេស បានថ្លែងមកកាន់ Sabay ថា ស្ថានីយរបស់លោកមានមហិច្ឆតានាំភាពយន្តភាគរបស់ខ្មែរយកទៅលក់ឲ្យ បរទេសវិញ។

“ពេលនេះយើងទិញរឿងគេយកមកធ្វើ តែទៅអនាគតយើងនឹងលក់ឲ្យគេម្ដង” លោក សុផាឆៃ លើកឡើង។ ប្រទេសដែលលោករំពឹងយកភាពយន្តភាគកម្ពុជាទៅលក់ មានដូចជា ថៃ ឡាវ និង វៀតណាម ជាដើម។ លោកបន្តឲ្យដឹងថា សព្វថ្ងៃរឿងដែលបានទិញកម្មសិទ្ធិយកមកថត ពីមួយរឿងទៅមួយរឿង ក្រុមការងារលោកធ្វើកាន់តែល្អបន្តិចម្ដងៗ ក្នុងនោះ លោកអះអាងថា មិនយូរទៀតទេ កម្ពុជានឹងធ្វើអ្វីដែលជារបស់ខ្លួន មិនថាសាច់រឿង ឬបច្ចេកទេស ក៏ដូចជាការដឹកនាំនោះទេ។
ក៏ដូចគ្នានេះដែរលោក ស៊ិន សុផាត ដែលតំណាងឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបញ្ជាក់បន្ថែមថា នៅពេលដែលខាងក្រុមការងារផលិត បានរឿងដែលជាស្នាដៃខ្មែរសុទ្ធសាធហើយនោះ នឹងបកប្រែសាច់រឿងជាភាសាបរទេស ដើម្បីយកទៅបង្ហាញនៅបណ្ដាប្រទេសដទៃទៀតផងដែរ៕ http://ផលិតករ មានមហិច្ឆតាយកភាពយន្តខ្មែរទៅលក់ឲ្យបរទេស
អត្ថបទ៖ SAMEDY
ប្រភព៖ www.nwes.sabay.com.kh