en     km
en     km

បក្ស​ប្រឆាំង​ថ្វាយ​លិខិត​លើក​ទី​២​ទៅព្រះមហាក្សត្រ ​ដើម្បី​ជួយ​បន្ថយ​កម្ដៅ​នយោបាយ​

Share

​ភ្នំពេញ​៖​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥៣​ រូប​ក្នុង​ចំណោម​ ៥៥​ រូប​បាន​ដាក់​លិខិត​មួយ​ច្បា​​ប់​​ថ្វាយ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី​ ដោយ​បាន​ទូល​ថ្វាយ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​និ​ង​​ស្នើ​​សុំ​​​ព្រះរាជ​អន្តរាគមន៍​ឲ្យ​បន្ថយកម្តៅ​នយោបាយ​នៅ​កម្ពុជា​។​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​ក្រុម​តំ​​ណាងរាស្ត្រ​គណបក្សប្រឆាំង​ បាន​សុំ​ព្រះ​មហា​ក្សត្រ​​ប្រើ​សិទ្ធិ​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ជួយ​ស្ដារ​ស្ថានភាព​ន​យោបាយ​នៅ​កម្ពុជា​ បន្ទាប់​ពី​ពួក​គេ​បាន​ទូល​ថ្វាយ​ឱ្យ​ដោះ​លែង​ លោក​ អ៊ុំ​ សំ​អាន​ កាលពី​ស​ប្ដា​ហ៍​មុន​ ប៉ុន្តែ​ពុំ​ទាន់​មាន​ចម្លើយ​។​  ករណី​នេះ​គណបក្សកាន់អំណាច​ មិន​បាន​ចាប់អារម្មណ៍​ខណៈ​អ្នកវិភាគ​ថា​ វប្បធម៌​សន្ទនា​រលាយ​ហើយ​ ។​

 

king-New-Year-2016-text-display
​ព្រះ​បាទ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រកម្ពុជាយាងក្នុងព្រះរាជពិធីថ្វាយសង្ក្រាន្ដឆ្នាំថ្មីក្នុងពេលកន្លងទៅ

​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​មាន​ខ្លឹមសារ​ថា​នា​ពេល​ថ្មីៗ​នេះ​ មានការ​ចាប់ខ្លួន​អ្នកនយោបាយ​ សកម្មជន​ការពារ​បរិស្ថាន​ សមាជិក​ព្រឹទ្ធសភា​ អ្នកតំណាង​រាស្ត្រ​ និង​មានការ​រឹតត្បិត​អង្គការ​សង្គម​ស៊ី​វិល​និង​សហជីព​តាម​រយៈ​ច្បាប់​អង្គការ​ ការ​គំរាមកំហែង​មន្ត្រី​សង្គម​ស៊ី​វិល​និង​អ្នកវិភាគ​មួយ​ចំនួន​ផង​ដែរ​។​

​បើ​តាម​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥៣​ រូប​នេះ​មាន​ចុះហត្ថលេខា​ ហើយ​ទទូច​ថ្វាយ​ព្រះករុណា​ជួយ​អន្តរាគមន៍​ឲ្យ​បន្ថយកម្តៅ​នយោបាយ​នៅ​កម្ពុជា​ដែល​គេ​ ថា​បាន​ឡើង​ខ្លាំង​នៅ​ពេល​ចុង​ក្រោយ​នេះ​ ។​

​បន្ថែម​លើ​លិខិត​នេះ​ អ្នកនាំពាក្យ​គណបក្ស​ស​ង្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ យល់​ឃើញ​ថា​ ព្រះមហាក្សត្រ​ក៏​មាន​ព្រះរាជ​តួនាទី​ធានា​រក​យុត្តិធម៌​ជូន​កូនចៅ​របស់​ព្រះ​អង្គ​ដែរ​។​

​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ការ​សុំ​កិច្ច​អន្តរាគមន៍​នេះ​មិន​បាន​បញ្ជាក់​ថា​ វប្បធម៌​សន្ទនា​ត្រូវ​បាន​រលាយ​នោះ​ទេ​ គឺ​លោ​ក​​គ្រាន់តែ​និយាយ​ថា​ បើ​មាន​យន្តការ​អ្វី​ដែល​អាច​ជួយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​បាន​ ក្រុម​លោក​ធ្វើ​ទាំង​អស់​ បូក​រួម​ទាំង​ការ​ជំរុញ​ឱ្យ​មាន​វប្បធម៌​សន្ទនា​ ទាំង​ការ​ទំនាក់ទំនង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​លោក​ យឹ​ម​ សុវណ្ណ​ ៖ «​មាន​យន្តការ​អ្វី​ដែល​អាច​ជួយ​រក​យុ​តិ្ត​ធម៌​ ជូន​អ្នក​រង​គ្រោះ​បាន​ គឺ​យើងខ្ញុំ​ទាំងអស់​គ្នា​ធ្វើ​។​ យើងខ្ញុំ​ទាំងអស់​គ្នា​យល់​ឃើញ​ថា​ លោក​មាន​ព្រះរាជ​តួនាទី​ធានា​រក​យុ​តិ្ត​ធម៌​ជូន​កូនចៅ​របស់​ព្រះ​អង្គ​»​។​

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​និយាយ​ថា​ តាម​លោក​ដឹង​ពី​ខ្លឹមសារ​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នោះ​ បាន​ន័យ​ថា​សុំ​ឲ្យ​ព្រះមហាក្សត្រ​មាន​អន្តរាគមន៍​ ដើ​ម្បី​ដោះ​លែង​ជនជាប់ចោទ​ មិនមែន​ត្រឹមតែ​បន្ធូ​បន្ថយ​កំ​ដៅ​នយោបាយ​នោះ​ទេ​។​ លោក​បន្ថែម​ថា​ ការ​ឃុំខ្លួន​សកម្មជន​ទាំងនោះ​ គឺ​ធ្វើ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​តែ​ប៉ុណ្ណោះ​ គឺ​មិន​មានការ​គាបសង្កត់​ពី​គណបក្ស​ប្រជាជន​នោះ​ទេ​។​

លោក​ សុខ​ ឥ​សាន្ត​ បាន​និយាយ​ថា ៖ «​តាម​ខ្លឹមសារ​ខ្ញុំ​ដឹង​គាត់​សុំ​ឲ្យ​ព្រះករុណា​មាន​អន្តរាគមន៍​ ដើម្បី​ដោះ​លែង​អ្នកជាប់ចោទ​ មិនមែន​គ្រាន់តែ​ដើម្បី​បន្ថយ​កំ​ដៅ​នយោបាយ​ទេ​។​ យើង​ធ្វើ​ទៅ​តាម​ត្រឹមត្រូវ​ទៅ​តាម​គោល​ការ​ច្បាប់​ ទាំង​អស់នេះ​មិនមែន​គាបសង្កត់​ពី​គណបក្សកាន់អំណាច​ទៅ​លើ​គណបក្សប្រឆាំង​ទេ​»​។​

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ពោល​គឺ​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ គេ​សង្កេត​ឃើ​ញ​​ជម្លោះ​នយោបាយ​កាន់តែ​ខ្លាំង​។​ លោក​ សម​ រ​ង្ស៊ី​ បាន​វាយប្រហារ​គណបក្សកាន់អំណាច​ ដោយ​រិះគន់​ថា​ ការ​ដឹក​នាំ​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​លក្ខណៈ​ផ្ដាច់​ការ​ដូច​មេដឹកនាំ​ហ្វា​ស៊ី​ស​អ៊ី​តា​លី​។​

​ជាមួយ​គ្នា​នេះ​ គណបក្សកាន់អំណាច​ បាន​ឆ្លើយ​តប​ដោយ​ការ​ចាប់ខ្លួន​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ និង​ ថ្មីៗ​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់ខ្លួន​ដែល​បក្ស​កាន់​អំណាច​អះអាង​ថា​ពួក​គាត់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ករណី​ចោទ​ថា​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

​ចំពោះ​ស្ថានភាព​ជាក់ស្ដែង​ទៀត​នេះ​ លោក​កឹ​ម​ សុខា​ ក៍​មានរឿង​គេ​ចោទ​ទៅ​តុលាការ​ផង​ដែរ​ ពាក់ព័ន្ធ​បរិហា​រ​កេរ្តិ៍​កញ្ញា​ធី​ សុវណ្ណ​ថា​ រឿង​ខ្សែអាត់​សំឡេង​ជាមួយ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ។​ រឿងរ៉ាវ​នេះ​ មើលទៅ​គ​ណ​​​បក្ស​សង្គ្រោះ​ជាតិ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​បន្ថយកម្ដៅ​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ថា​ ការ​ស្នើ​របស់​គណបក្សប្រឆាំង​ ទៅ​អង្គ​ព្រះមហាក្សត្រ​ គឺជា​ការ​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម៌​នុ​ញ្ញ​។​ លោក​ថា​ព្រះមហាក្សត្រ​ក៏​ជា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ធានា​នូវ​យុ​តិ្ត​ធម៌​នូវ​ឯករាជ្យ​របស់​តុលាការ​ ដើម្បី​ឲ្យ​សង្គម​កម្ពុជា​ទទួល​បាន​យុតិធម៌​នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ឡើង​កម្ដៅ​នយោបាយ​នេះ​។​

​លោក​បន្ថែម​ថា​ ការ​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​ បាន​បង្ហាញ​ថា​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ត្រូវ​បាន​រលាយ​បាត់​ទៅ​ហើយ​។​ លោក​ថា​មាន​តែ​អង្គ​ព្រះមហាក្សត្រ​ទេ​ទើប​អាច​ធ្វើការ​សម្របសម្រួល​ឲ្យ​មាន​ឯកភាព​ជាតិ​ពិតប្រាកដ​។​

​លោក​ សូ​ ច​ន្ថា ​៖ «​ពេល​ដែល​វប្បធម៌​សន្ទនា​ត្រូវ​បាន​បង្កើត​ឡើង​ មាន​ន័យ​ថា​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​​រដ្ឋសភា​ ចាប់ផ្តើម​ជ​ជេ​ក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​យើង​ឃើញ​ហើយ​មានការ​អះ​អាង​​ជា​សាធារណៈ​ថា​ គណបក្សកាន់អំណាច​នឹង​មិន​មាន​ជុំនួប​ច​ចារ​ជាមួយនឹង​គណបក្សប្រឆាំង​ទៀត​ទេ​ ដូច្នេះ​​វា​ឆ្លុះ​បញ្ចាំង​ថា​វប្បធម៌​សន្ទនា​បាន​ស្លាប់​បាត់​ទៅ​ហើយ​»​។​

​ជាមួយ​គ្នា​នេះ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សភា​អឺរ៉ុប​ កាលពី​ថ្ងៃ​ទី​ ២៦​ មេ​សាក៍​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ដោយ​ពួក​គេ​ទាមទារ​ឱ្យ​ស្ដារ​នីតិរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ ដោយ​បញ្ឈប់​ការ​គាបសង្កត់​ខាង​នយោបាយ​ ៕​

Share

ព័ត៌មានទាក់ទង