ភ្នំពេញ៖ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) រៀបចំវេទិកាសហគមន៍ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការទទួលបានព័ត៌មាន និងផលប៉ះពាល់នៃការទទួលព័ត៌មានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ វេទិកាសហគមន៍នេះ ផ្ដល់ឱកាសឱ្យពលរដ្ឋនៅតាមបណ្តាខេត្តនិងរាជធានី បញ្ចេញមតិយោបល់ សំណូមពរ និងតម្រូវការរបស់ខ្លួនទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាន ដើម្បីប្រមូលព័ត៌មានបង្ហាញជូនទៅក្រុមការងារបច្ចេកទេស ក្នុងការដាក់បញ្ជូលសំណើរបស់ពលរដ្ឋទៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការទទួលព័ត៌មាន។
វេទិកាប្រារព្វឡើងនៅសណ្ឋាគារអ័រគីដេ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៥ នេះមានការចូលរួមពីតំណាងអង្គការយូណេស្កូ តំណាងស្ថានទូតស៊ុយអ៊ែត តំណាងអង្គការអន្តរជាតិ ដៃគូពាក់ព័ន្ធនានា អ្នកសារព័ត៌មាន ព្រមទាំងប្រជាពលរដ្ឋ ៤៦ រូបមកពីបណ្តាខេត្តនិងរាជធានីចំនួន ៥ ។ វេទិការសហគមន៍លើកទី ១ នេះមានការគាំទ្រផ្នែកថវិកាពីអង្គការយូណេស្កូ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត។
លោកស្រី ជា ស៊ុនដាណែត នាយិកាប្រតិបត្តិនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) លើកឡើងថា វេទិកាសហគមន៍នេះ ជាសកម្មភាពចម្បងមួយក្នុងចំណោមសកម្មភាពផ្សេងទៀតរបស់គម្រោង ស្តីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ពីការទទួលព័ត៌មាន។ «វេទិកាសហគមន៍លើកទីមួយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ស្តីពីសារៈសំខាន់នៃការទទួលបានព័ត៌មាន និងផលប៉ះពាល់នៃការទទួលព័ត៌មានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមទាំងការប្រមូលព័ត៌មាន មតិយោបល់ សំណូមពរនិងតម្រូវការរបស់ពលរដ្ឋ ដើម្បីបង្ហាញជូនក្រុមការងារបច្ចេកទេស ដាក់បញ្ចូលសំណើទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន»។

នាយកប្រតិបត្តិនៃក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល បានលើកឡើងថា វេទិកានេះ ផ្តល់សារៈសំខាន់ណាស់សម្រាប់ប្រមូលមតិយោបល់ពីប្រជាពលរដ្ឋនៅតាមសហគមន៍ ទាក់ទងនឹងការយល់ឃើញរបស់ពលរដ្ឋជុំវិញការទទួលបានព័ត៌មាននានា។ វេទិកានេះជាឱកាសសម្រាប់ពលរដ្ឋក្នុងការបញ្ចេញមតិរបស់ខ្លួន ពលរដ្ឋមានសិទ្ធិក្នុងការទទួលបានព័ត៌មានសមស្របពីប្រភពព័ត៌មាន ឬស្ថាប័នសាធារណៈដែលខ្លួនចង់ដឹង… នេះជាឱកាសល្អមួយ ដែលរដ្ឋាភិបាលផ្តល់ឱកាសឱ្យដល់ស្ថាប័នពាក់ព័ន្ធធ្វើការងារជាមួយពលរដ្ឋ ដើម្បីប្រមូលមតិយោបល់ពលរដ្ឋ មុននឹងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការទទួលព័ត៌មាន។
ទន្ទឹមនឹងការលើកឡើងខាងលើ លោក ឈាវ ណាក់ ទីប្រឹក្សាបច្ចេកទេសនៃវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ (API) បានលើកឡើងថា៖ «ប្រទេសប្រជាធិបតេយ្យ ការផ្តល់សិទ្ធិទទួលព័ត៌មានមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ។ សារៈប្រយោជន៍នៃសិទ្ធិទទួលបានព័ត៌មាន គឺធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំ បង្កើនប្រសិទ្ធិភាពការគ្រប់គ្រងសាធារណៈ ជាពិសេសសេវាសាធារណៈ។ សិទ្ធិទទួលបានព័ត៌មាន ជួយបង្កើនការអភិវឌ្ឍន៍ជាតិ តាមរយៈការធ្វើវិនិយោគជាតិនិងអន្តរជាតិ ទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គម»។

សូមបញ្ជាក់ថា ការរៀបចំវេទិកាសហគមន៍ពិគ្រោះយោបល់ ស្តីពីការទទួលបានព័ត៌មាន មានប្រជាពលរដ្ឋមកពីសហគមន៍នានាក្នុងខេត្តនិងរាជធានីចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង និងខេត្តតាកែវ ដើម្បីស្វែងយល់អំពីការទទួលព័ត៌មាននិងការសម្តែងមតិយោបល់ បញ្ហាប្រឈម សំណូមពររបស់ខ្លួនទៅកាន់រដ្ឋាភិបាលមុននឹងកើតចេញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
គួររម្លឹកផងដែរថា ច្បាប់ទទួលព័ត៌មាន ត្រូវបានអនុម័តដំបូងគេនៅឆ្នាំ ១៧៦៦ នៅប្រទេសស៊ុយអ៊ែត។ រយៈពេល ២ ទស្សវត្សក្រោយមក ទើបសហរដ្ឋអាមេរិចអនុម័តច្បាប់នេះនៅឆ្នាំ ១៩៦៧ ហើយបច្ចុប្បន្នប្រទេសជិត ១០០ នៅលើពិភពលោកបានអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ ចំណែកនៅប្រទេសកម្ពុជាវិញ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរ គ្រប់រូបត្រូវធានាសិទ្ធិដឹងអំពីកិច្ចការសាធារណៈ ឬព័ត៌មានជាសាធារណៈ ព្រោះពួកគេជាអ្នកបង់ពន្ធ និងជាម្ចាស់ប្រទេសជាតិរបស់ខ្លួន។ ក្នុងនោះសមាគមអាស៊ានមានប្រទេស ៥ មានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដូចជាប្រទេសហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម៕