ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានបំណងបណ្តុះបណ្តាលពីវិស័យច្បាប់ទូទៅដល់អ្នកសារព័ត៌មានគ្រប់រូបនៅកម្ពុជា ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ឱ្យបានកាន់តែច្បាស់បន្ថែមលើជំនាញសារព័ត៌មានដែលពួកគេមានស្រាប់។ នេះជាការថ្លែងរបស់លោកឱម យ៉ិនទៀង នៅក្នុងកម្មវិធីប្រកាសជ័យលាភីអ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ ២០១៥ « រាយការណ៍អំពើពុករលួយនៅកម្ពុជា » នាព្រឹកថ្ងៃទី ២២ ខែកក្កដានេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

គោលបំណងនៃការបណ្តុះបណ្តាលរបស់ ACU នេះ គឺដើម្បីឱ្យអ្នកសារព័ត៌មាននៅកម្ពុជាសរសេរ ឬរាយការណ៍ព័ត៌មានអំពីអំពើពុករលួយឱ្យមានប្រសិទ្ធិភាពត្រឹម ត្រូវតាមផ្លូវច្បាប់មុននឹងផ្តល់ដំណឹងដល់សាធារណជន។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បាននិយាយទៀតថា ប្រសិនអ្នកសារព័ត៌មានចង់សរសេរឬរាយការណ៍ពីអំពើពុករលួយក្នុងរូបភាពណាមួយនៅក្នុងសង្គម អ្នកសារព័ត៌មាននោះត្រូវចេះវិនិច្ឆ័យហេតុដោយប្រើប្រាស់ប្រព័ន្ធច្បាប់ជាមូលដ្ឋាន ចៀសវាងប្រើអារម្មណ៍ឬឆន្ទៈផ្ទាល់ខ្លួនក្នុងការសរសេរ។
លោកសង្កត់ធ្ងន់ផងដែរថា៖ « ការសរសេរព័ត៌មានប្រឆាំងអំពើពុករលួយ អ្នកសារព័ត៌មានត្រូវផ្អែកលើច្បាប់ប្រឆាំងអំពើពុករលួយ… អស់លោកអ្នកសារព័ត៌មានមិនចាំបាច់ចំណាយពេល ៤ ឆ្នាំទៅរៀនបរិញ្ញាបត្រច្បាប់អីនោះទេ ខ្ញុំគិតថានឹងមានអ្នកជំនាញជួយឧទេសនាមជួនពីរថ្ងៃនូវច្បាប់ទូទៅ ទាំងពីច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី រហូតដល់ច្បាប់ជំនាញនីមួយៗ »។
លោក ឱម យ៉ិនទៀង បានបន្ថែមថា ដំណើរការបណ្តុះបណ្តាលពីវិស័យច្បាប់ដល់អ្នកសារព័ត៌មាននេះ អាចប្រព្រឹត្តទៅបានចាំបាច់មានការចូលរួមសហការពីក្រសួងព័ត៌មាននិងសមាគមអ្នកកាសែតកម្ពុជា៕