ភ្នំពេញ៖អាជ្ញាធរបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញក្រោមបទចោទអំពើជួញដូរមនុស្សជិត១០០នាក់ទៅបម្រើការងារនៅលើទូកនេសាទប្រទេសថៃនិងបម្រើការងារជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី។

គេហទំព័រអគ្គស្នងការនគបាលជាតិឲ្យដឹងថានាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារនីតិជនកាលពីថ្ងៃទី២៨ ខែ មីនានេះបានបញ្ជូនស្ត្រីជាជនសង្ស័យម្នាក់ទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការនាំពលករទៅធ្វើការនៅលើទូកនេសាទនៅប្រទេសថៃនិងពលការិនីទៅបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី។
ស្ត្រីជនសង្ស័យឈ្មោះ វ៉ាន់ ធារី អាយុ៤៥ ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨។
ជនសង្ស័យឈ្មោះ ធារី បានដើរឃោសនាជ្រើសរើសពលករដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនិងប្រទេសម៉ាឡេស៊ីថានឹងទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។
«សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វ៉ាន់ ធារី ភេទស្រី អាយុ ៤៥ឆ្នាំ អាស័យដ្ឋានមិនពិតប្រាកដ ដែលបានធ្វើសកម្មភាពឃោសនា ជ្រើសរើស បោកបញ្ឆោត ដល់ប្រជាពលរដ្ឋតាំងពីអំឡុងឆ្នាំ២០១៤ ដល់ ២០១៧ ឲ្យទៅធ្វើជាពលករទូកនេសាទនៅប្រទេសថៃ និងជាស្ត្រីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីដោយប្រាប់ថាទទួលបានប្រាក់ឈ្នួលចាប់ពី ៤០០ដុល្លារទៅ៥០០ដុល្លារអាមេរិក ក្នុងមួយខែ ចំណែកសោហ៊ុយគ្រប់បែបយ៉ាងមេខ្យលរូបនេះជាអ្នកចំណាយទាំងអស់»។
គេទំព័រនេះបញ្ជាក់ថាជនសង្ស័យរូបនេះបានអូសទាញជនរងគ្រោះចំនួន៩៦នាក់នៅខេត្តកំពង់ចាម ក្រចេះ កំពង់ធំ ស្ទឹងត្រែងនិងខេត្តតាកែវដោយធ្វើលិខិតឆ្លងដែន និងក្លែងអត្តសញ្ញាណជនរងគ្រោះហើយពលការិនីមួយចំនួនគ្មានលិខិតឆ្លងដែន។
សមត្ថិកិច្ចបន្ថែមថាជនសង្ស័យឈ្មោះ វ៉ាន់ ធារី បានបញ្ជូនពលការិនីទាំងនោះទៅអិយមេខ្យល់៧នាក់ផ្សេងទៀតដោយបានប្រាក់កម្រៃ១០០ទៅ២០០ដុល្លារពីមេខ្យល់ទាំងនោះ។
កម្លាំងសមត្ថកិច្ចថាពលការិនីនៅប្រទេសម៉ាឡេស៊ីត្រូវបានថៅកែដកហូតលិខិតឆ្លងដែន បិទសិទ្ធសេរីភាព ជេរប្រមាថគំរាមកំហែង និងកងប្រវ័ញ្ចកម្លាំងពលកម្មដោយធ្វើការគ្មានម៉ោងសម្រាក។ ចំណែកពលករត្រូវបានបង្ខំដោយធ្វើការនៅលើទូកនេសាទ។
ក្នុងចំណោមជងរងគ្រោះ៩៦នាក់នោះសមត្ថកិច្ចម៉ាឡេស៊ីនិងថៃបានអន្តរាគមន៍ជួយសង្គ្រោះនិងបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់សរុប២៧នាក់។
បើតាមរបាយការណ៍របស់អង្គការសមាគមការពារសិទ្ធិមនុស្សអាដហុកករណីការជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្សទៅក្រៅប្រទេសក្រោមរូបភាពរៀបការដោយបង្ខំក្នុងឆ្នាំ២០១៧មានចំនួន១៥២ករណី។
លោក ស្រ៊ន់ ឡង់ដា ប្រធានគម្រោង ក្នុងគម្រោងគាំទ្រករណី នៃការជួញដូរ របស់អង្គការសម្ព័ន្ធចាប់ដៃ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីកាលពីដើមខែមករាថាបញ្ហាពីការជួញដូរស្ដ្រីនៅទៅក្រៅប្រទេសនៅតែកើតមាន។ ក៏ប៉ុន្ដែមិនមានចំនួនច្រើនដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ។
លោកថាក្នុងឆ្នាំ២០១៧ អង្គការសម្ព័ន្ធចាប់ដៃ បានទទួលការសហការកាន់តែល្អពីរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជាតិ អន្ដរជាតិនានា ដើម្បីជួយស្ដ្រីរងគ្រោះពីការជួញដូរ បានរហូតដល់ជាង ១០០ករណីពីប្រទេសចិន ថៃ និងប្រទេសម៉ាឡេស៊ី។
បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីឆ្នាំ២០១៧ឲ្យដឹងថាពលករចំណាក់ស្រុកចំនួន៩៨៦ត្រូវបានជួយសង្គ្រោះនិងមាតុភូមិនិវត្តន៍ពីប្រទេសថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបុរី ចិន និងជប៉ុន។ក្នុងចំណោមនោះពលករចំណាក់ស្រុកពីប្រទេសថៃ ២៨៨នាក់ វៀតណាម១៧១នាក់ ៣៨២នាក់ពីប្រទេសម៉ាឡេស៊ី ៤៩នាក់ពីប្រទេសឡាវ ២៣នាក់ពីឥណ្ឌូនេស៊ី ៥៣នាក់ពីប្រទេសចិន ១២នាក់ពីជប៉ុននិង ៣នាក់ពីប្រទេសមីយ៉ាន់ម៉ា៕