ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២៥ វិច្ឆិកា អង្គការឃែរកម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ ដល់ផលិតករវ័យក្មេងដែលបានចូលរួមប្រកួតប្រជែងក្រោមប្រធានបទ«ហេតុអ្វីត្រូវបញ្ឈប់»។ កម្មវិធីដែលរៀបចំឡើងនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអនម៉ល នេះ ដើម្បីលើក កម្ពស់ការយល់ដឹង ពីការបៀតបៀនផ្លូវភេទលើស្ត្រី និង កុមារ មានរូបភាពជាច្រើន។

ការបៀតបៀនផ្លូវភេទលើស្ត្រី និង កុមារ មិននិយាយត្រឹមតែការចាប់រំលោភនោះទេ តែគេរាប់បញ្ចូលទាំងការប្រើពាក្យសម្តី កាយវិការ រួមទាំង ឥរិយាបទទាំងឡាយណាដែលស្ត្រី និងកុមារនោះ មិនចង់បាន មិនស្វាគមន៍ មិនអនុញ្ញាត មិនពេញចិត្ត ដែលទាក់ទងទៅនឹងផ្លូវភេទ ហើយការបៀតបៀនផ្លូវភេទក៏សំដៅទៅលើទង្វើ ឬអំពើណាមួយ ដែលធ្វើអ្នកណាម្នាក់ អាមាស់ ភិតភ័យ។ នេះជាការលើកឡើងរបស់កញ្ញា អ៊ាត ពិសាល ប្រធានកម្មវិធីជាន់ខ្ពស់អង្គការឃែរកម្ពុជា ក្នុងកម្មវិធីប្រគល់រង្វាន់នេះ។ កញ្ញាបន្តថា កម្មវិធីនេះក៏ជាលើកទឹកចិត្តឲ្យយុវជន និង បុរសចូលរួមចំណែកក្នុងការកាត់បន្ថយការបៀតបៀនផ្លូវភេទបានផងដែរ។ កញ្ញា អ៊ាត ពិសាល៖«ចំណុចសំខាន់ដែលយើងអាចរៀនសូត្របាន ការការផ្សារភ្ជាប់បុរសនៅកម្ពុជា គឺយើងចង់លើកទឹកចិត្តឱ្យពួកគាត់និយាយអំពីការបៀតបៀនផ្លូវភេទ។ ម្យ៉ាងវិញទៀត យើងទទួលដឹងថា បុរសគឺជាផ្នែកមួយនៃបញ្ហា ដូច្នេះយើងត្រូវលើកទឹកចិត្តពួកគេ និងធ្វើការជាមួយពួក ឱ្យពួកគេក្លាយជាវិស័យមួយនៃដំណោះស្រាយ»។
ដូចគ្នានេះដែលលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា អំពើហិង្សា និង ការបៀត បៀនផ្លូវភេទលើស្ត្រី និងកុមារ ភាគច្រើនកើតចេញពីបុរស និង មានកត្តាផ្សេងទៀតដូចជា ការសេពសុរា និង គ្រឿងញៀនជាដើម។ អ្នកស្រីបន្តថា នៅពេលមានការបៀតបៀនផ្លួវភេទ និងធ្វើឲ្យស្ត្រីមានភាពភ័យខ្លាច អាចបោះបង់ចោលការងារ សម្រាប់កុមារវិញ គឺអាចបង់ចោលការសិក្សាដែលធ្វើប៉ះពាល់អនាគត និង ប៉ះពាល់ធនធានមនុស្សក្នុងប្រទេសជាតិ។លោកស្រី អ៊ឹង កន្ថាផាវី៖«ហិង្សានៅក្នុងគ្រួសារ ឬហិង្សាក្រៅគ្រួសារ ដែលយើងសង្កេតឃើញមានការបៀតបៀនផ្លូវភេទនៅកន្លែងកាងារ ក៏យើងឃើញការរំលោភផ្លូវដល់ថ្នាក់សម្លាប់ដល់ជនរងគ្រោះផងដែរ នេះជាអំពើហិង្សាដែលយើងឃើញនៅក្នុងសង្គមយើង»។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិយាយថា ការលុបបំបាត់ការបៀនផ្លូវភេទចេញពីបុរសអ្នកប្រព្រឹត្តបាននោះ គឺត្រូវមានការចូលរួមពីប្រជាពលរដ្នគ្រប់រូប។ លោក ហ៊ុន ម៉ានី៖«ខ្ញុំគតិថាអី្វដែលជាការរួមចំណែក វាចាប់ផ្តើមពីយើងម្នាក់ៗ រដ្ឋាភិបាលមានវិធានការណ៍ មានច្បាប់។ ហើយនៅក្នុងនោះថែមទៀត គឺយើងត្រូវទទួលស្គាល់ថា ការបៀតបៀនលើស្ត្រី គឺជាទង្វើខុសច្បាប់មួយ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌរបស់កម្ពុជា ក៏ដូចជាច្បាប់ការងារផងដែរ»។
កម្មវិធីប្រគល់រង្វាន់ ដល់ផលិតករវ័យក្មេងដែលបានចូលរួមប្រកួតប្រជែង ក្រោមប្រធានបទ «ហេតុអ្វីត្រូវបញ្ឈប់» មានរួមបញ្ចូលទាំងការចាប់ផ្តើមយុទ្ធនាការ«ពណ៌ទឹកក្រូច» រយៈពេល ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សា និង ការបៀតបៀនផ្លូវភេទលើស្ត្រី និង កុមារផងដែរ។ រឿងដែលទទួលបានជ័យលាភីលេខ ១ មានចំណងជើងថា រូបមន្តការបញ្ឈប់ការបៀតបៀនផ្លូវភេទ។ ចំណែករឿងដែលល្អជាងគេគឺរឿង លីអូ ៧ ពណ៌៕