ភ្នំពេញ៖ ស្រូវពង្រោះរាប់ម៉ឺនហិកតាកំពុងខ្វះទឹកស្រោចស្រប នៅស្រុកមេសាង ខេត្តព្រៃវែង ដោយសារគ្រោះរាំងស្ងួតអូសបន្លាយជាច្រើនខែ។ ស្រូវពង្រោះទាំងអស់នឹងងាប់ប្រសិនបើគ្មានទឹកស្រោចស្របទាន់ពេលវេលា។ មន្ត្រីមន្ទីរកសិកម្មខេត្ត អះអាងថា អាជ្ញាធរកំពុងស្តាប្រឡាយទឹកមួយខ្សែ ដើម្បីជួយសង្គ្រោះស្រូវពង្រោះដែលជួបគ្រោះរាំងស្ងួតនោះ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

ខណៈខេត្តជាច្រើនជួបប្រទះបញ្ហាទឹកជំនន់ធ្វើឱ្យប៉ះពាល់ផ្ទះសម្បែង ដំណាំស្រូវលិចលង់អស់គ្មានសល់រាប់ម៉ឺនហិកតា តែខេត្តខ្លះក៏ជួបគ្រោះរាំងស្ងួតធ្វើឱ្យខ្វះទឹកស្រោចស្រូវស្ទើក្រៀមងាប់អស់ដែរ។ជាក់ស្តែង ស្រូវពង្រោះជាង២ម៉ឺនហិកតា ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កំពុងប្រឈមការខ្វះទឹកស្រោចស្របដោយសារគ្រោះរាំងស្ងួតអូសបន្លាយចាប់តាំងពីដើមរដូវវស្សាព្រោះគ្មានភ្លៀងធ្លាក់នៅតំបន់នោះ។
លោក ឡាយ សារ៉េត មេឃុំស្វាយជ្រុំ មានប្រសាសន៍ថា ស្រូវរបស់កសិករជាច្រើនគ្រួសារ នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង កំពុងខ្វះទឹកស្រោចស្រប ព្រោះគ្រោះរាំងស្ងួតអូសបន្លាយចាប់តាំងពីដើមរដូវវស្សា។ ករណីនេះ លោកមេឃុំ និយាយថា អាជ្ញាធរខេត្តដាក់គ្រឿងចក្រពីរគ្រឿងស្តាប្រឡាយទឹក ដើម្បីជួយសង្គ្រោះស្រូវកសិករ។
លោក ឡាយ សារ៉េត៖ «បើនិយាយពីការរាំងស្ងួរវារាំងតាំងពីខែពិសាខ(ខែឧសភា)មកម្ល៉េះ គ្រាន់តែភ្លៀងរលឹមតិចតូចមកស្រូវវាងាប់មិនអស់ វាគ្រាន់តែត្រដរ វាអត់មានភ្លៀងធំទេអត់មានទេ បើចំពោះភ្លៀងដក់នៅស្រែតែម្តង់គឺគ្មាន។ស្រូវនេះបើយើងស្រាយ យើងសង្គ្រោះទាន់យើងបាន៥០ភាគរយវិញ»។
លោកមេឃុំប៉ាន់ប្រមាណថា ចាប់តាំងពីស្រូវពង្រោះជួបគ្រោះរាំងស្ងួតគឺស្រូវប្រហែល ៥០ ភាគរយរងការក្រៀមខ្លោចងាប់។ ទោះបីយ៉ាងណា លោកមេឃុំ បញ្ជាក់ថា អាជ្ញាធរខេត្តបានស្តាយប្រឡាយជួយសង្គ្រោះស្រូវពង្រោះកសិករបានជាង ១០០០ហិកតា ស្ថិតក្នុងភូមិយ៉ាងតិចចំនួន១០ នៅក្នុងស្រុកមេសាង។
ជុំវិញករណីនេះ លោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តព្រៃវែង ឱ្យដឹងថា គ្រោះរាំងស្ថួតប៉ះពាល់ស្រុកចំនួន ៧ លើផ្ទៃដីមានស្រូវប៉ះពាល់ ២០៦៨២ ហិកតា។ ស្រុកទាំងនោះរួមមាន ស្រុកបាភ្នំ ស្រុកកំចាយមារ ស្រុកកំពង់ត្របែក ស្រុកកញ្ជ្រៀច ស្រុកមេសាង ស្រុកព្រះស្តេច ស្រុកស្វាយអន្ទរ។ប៉ុន្តែលោកថា ស្រុកមេសាងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងគេ ដែលនាំឱ្យស្រូវខ្វះទឹកជាង ៦ ពាន់ហិកាតា។
លោក សំ សារុន៖ «ប៉ះពាល់ជារួមដោយរាំងស្ងួតវាមានប្រាំពីរស្រុកផ្ទៃដីប៉ះពាល់សរុប២០៦៨២ ហិកតា ហើយដោយឡែកស្រុកមេសាងប៉ះពាល់ធ្ងន់ជាងគេគឺ៦០០៩ ហិកតា។ជួយសង្គ្រោះស្រូវបានហើយមួយទៀតវាមិនទាន់ខូចទេដោយសារដីនៅស៊ើប ឥឡូវទឹកទន្លេរវាទៅកៀកដែរប្រហែលជាយើងជួយសង្គ្រោះបានពាក់ព័ន្ធរាំងស្ងួត»។
លោក សំ សារុន បន្ថែមថា នៅខេត្តព្រៃវែងឆ្នាំនេះ ក្រៅពីជួបគ្រោះរាំងស្ងួត បញ្ហាទឹកជំនន់ក៏បានជន់លិចស្រូវពង្រោះជាង ២ម៉ឺន៥ពាន់ ហិកតាថែមទៀតផង។ លោក អះអាងថា ការស្តារប្រឡាយបង្ហូរទឹកនឹងអាចជួយសង្គ្រោះស្រូវពង្រោះរបស់កសិកររស់រានឡើងវិញ។
បើតាមទំព័រហ្វេសប៊ុកមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដាក់គ្រឿងចក្រចំនួនពីរគឿងស្តាប្រឡាយមួយខ្សែមានប្រវែងប្រមាណ២០០០ម៉ែត្រ ដើម្បីនាំទឹកពីទន្លេរវៃគោយទៅស្រោចស្របជួយសង្គ្រោះស្រូវកសិករប្រមាណ ៥០០ ហិចតា នៅស្រុកមេសាង ខេត្តព្រៃវែង។ មន្ទីរធនធានទឹក បញ្ជាក់ថា ក្រុមការងារចាប់ផ្តើមស្តាប្រឡាយនៅថ្ងៃទី ៣ កញ្ញា រហូតមកពេលនេះស្តាប្រឡាយបានជាង៤០ភាគរយហើយ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ស្រូវសន្ទូង ស្រូវពង្រោះលិចទឹកដោយសារទឹកជំនន់ មាន៤៤.៨៤៦ ហិកតា។ ក្នុងនោះស្រូវសន្ទូង ស្រូវពង្រោះខូចខាតអស់ ២១.៣៩១ ហិកតា និងសំណាបរលួយ ១២ ហិចតា។
ទឹកជំនន់ប៉ះពាល់ខេត្ត ក្នុងខេត្ត ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្ដាល តាកែវ និងខេត្ដកំពង់ឆ្នាំ។ បញ្ហាទឹកជំនន់យ៉ាងតិចមនុស្ស ៣៦ នាក់ស្លាប់ដោយសារលងទឹកក្នុងនោះភាគច្រើនជាកុមារ៕