ភ្នំពេញ៖ ក្រសួងសុខាភិបាលឲ្យដឹងថាស្ត្រីសម្រាលកូនដោយឆ្មបបូរាណមានការធ្លាក់ចុះជាងការសម្រាលកូននៅតាមរយៈសេវាសុខាភិបាលសាធារណៈរបស់រដ្ឋ។ស្របពេលនេះក្រសួងថា ការផ្តល់វ៉ាក់សាំងបង្ការជំងឺដល់កុមារអាយុក្រោម១ឆ្នាំរហូត១១មុខទទួលបានលទ្ធផលលើសគោលដៅកំណត់។

ក្រសួងសុខាភិបាលបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០១៧ថា ស្ត្រីសម្រាលកូនសរុបជាង ៣៣ ម៉ឺននាក់ ក្នុងចំណោមស្ត្រីមានគភ៌រំពឹងទុកជិត ៣៧ ម៉ឺននាក់។ ស្ត្រីសម្រាលកូនទាំងនោះនៅក្នុងមណ្ឌលសុខភាពជាង ១៦ ម៉ឺននាក់។ ក្នុងនោះសម្រាលកូននៅតាមសេវាឯកជនជាង៨ពាន់នាក់និងសម្រាលនៅតាមផ្ទះដោយបុគ្គលិកពេទ្យជាង ១៣ ម៉ឺននាក់និងសម្រាលកូនដោយឆ្មបបូរាណជាង១ពាន់នាក់។

លោកស្រី ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកឲ្យដឹងនៅក្នុងកម្មវិធីប្រារព្ធទិវាជាតិសុខភាពមាតា ទារកនិងកុមារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៨ថា ស្ត្រីសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈប្រមាណ៨០ភាគរយ។លោកស្រី បញ្ជាក់ថាយ៉ាងតិចពេទ្យឆ្មបរបស់ក្រសួងសុខាភិបាលពីរនាក់មាននៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ។
លោកស្រី ទុង រដ្ឋាវី ៖«ឥឡូវនេះយើងឃើញថាការសម្រាលកូនតាមមូលដ្ឋានសុខាភិបាលមានភាពប្រសើរឡើងគឺសិងតែគ្មានការសម្រាលកូននៅតាមផ្ទះទេ។ហើយការសម្រាលកូនភាគច្រើនគឺធ្វើឡើងនៅមូលដ្ឋានសុខាភិបាលដោយបុគ្គលិកជំនាញ។ការសម្រាលកូនដោយឆ្មបបូរាណបើតាមការផ្តល់ព័ត៌មានមកយើងមិនទិន្នន័យជាក់លាក់ទេប៉ុន្តែតាមការផ្តល់ព័ត៌មានមកគឺនៅមានតិចតូចនៅឡើយទេ មិនទាន់អស់ទេដោយសារមូលហេតុប្រជាជនយើងឥឡូវធ្វើចំណាក់ស្រុក។»
ស្របពេលនេះដែរ របាយការណ៍របស់ក្រសួងសុខាភិបាលក៏បានបង្ហាញថា ក្រសួងបានដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងប្រភេទចាក់និងវ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរក្បាលទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជា។
របាយការណ៍បានឲ្យដឹងទៀតថា កម្មវិធីជាតិផ្តល់ថ្នាំបង្ការសម្រាប់ឆ្នាំ២០១៧បានផ្តល់ថ្នាំវ៉ាក់សាំងដល់កុមារក្រោមអាយុមួយឆ្នាំបានជាង ៣៦ ម៉ឺននាក់។ ក្នុងនោះកុមារជាង ៣២ ម៉ឺននាក់ បានទទួលថ្នាំបង្ការជំងឺជាប្រចាំដោយគ្រប់ចំនួនដូសឬស្មើនឹង៩០,៥៨ភាគរយ។
ជាមួយគ្នានេះអត្រាគ្របដណ្តប់នៃការផ្តល់វ៉ាក់សាំងបង្ការជាប្រចាំលើកុមារក្រោមអាយុមួយឆ្នាំទទួលលទ្ធផលដូចជា ការផ្តល់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទបេក្រោម២៤ម៉ោងក្រោយពេលសម្រាលមានចំនួន ៨៣ ភាគរយ។ វ៉ាក់សាំងបង្ការជំងឺរបេង ៩៧ភាគរយ និងវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង ៣ ដូស មាន ៩៧ ភាគរយ ហើយវ៉ាក់សាំងបង្ការជំងឺតេតាណូស ខាន់ស្លាក់ ក្អកមាន់ រលាកថ្លើមប្រភេទបេ រលាកសួត ៣ លើកមាន ៩៧,៦៧ ភាគរយលើសពីគោលដៅបានកំណត់។
រីឯជំងឺកញ្ជ្រិល ស្អូច មាន ៩៧,៦៨ ភាគរយ នៅខែទី៩ ដែលអត្រានេះទាបជាងគោលដៅកំណត់ឲ្យបាន១០០ភាគរយសម្រាប់ឆ្នាំ២០១៧។
ក្នុងរបាយការណ៍រកឃើញថា ប្រជាពលរដ្ឋទទួលបានសេវាសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ហើយប្រជាជនមានកំណើនកើនឡើងក្នុងការប្រើប្រាស់សេវាសុខាភិបាលសាធារណៈនិងឯកជនច្រើនជាងឆ្នាំមុន។ ការពិគ្រោះជំងឺថ្មីសម្រាប់ប្រជាជនម្នាក់ក្នុងមួយឆ្នាំកើនចាប់ពី ០,៦៣ ក្នុងឆ្នាំ២០១៦ ទៅ០,៧១ សម្រាប់ឆ្នាំ ២០១៧។ ចំណែកអត្រាស្លាប់នៅមន្ទីរពេទ្យមា០,៨៧ ភាគរយ កាលពីឆ្នាំមុន។
ឥរិយាបទគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានបង្ហាញនៅក្នុងរបាយការណ៍នេះថាពេទ្យរាក់ទាក់ដល់អ្នកជំងឺឬអតិថិជនណាស់បានកើនឡើងរហូតដល់ ៣៩,៩ ភាគរយ ទៅ ៥៦,៤៥ ភាគរយ ដែលថយចុះពី ៦០,១ភាគរយ ៤៣,៥៦ ភាគរយ។
ដោយឡែក ពេទ្យគោរពអតិថិជនណាស់ មានការកើនឡើងពី ៥២ ភាគរយ ទៅ ៦៩,៤៤ ភាគរយ ហើយភាពអាណិតអាសូរអ្នកជំងឺណាស់របស់គ្រូពេទ្យ បានកើនឡើង ៥០,៧ ភាគរយ ទៅ ៦៣,៣៣ ភាគរយ។ ប៉ុន្តែគ្រូពេទ្យមិនរាក់ទាក់សោះ ពេទ្យមិនគោរពសោះ និងពេទ្យមិនអាណិតអាសូរអ្នកជំងឺសោះ ក្នុងរបាយការណ៍នេះបញ្ជាក់ថា គ្មានការលើកឡើងទេចំពោះអតិថិជនដែលបានសម្ភាសន៍។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO)បានរកឃើញថា ស្ត្រីសម្រាលកូនប្រហែល ៨៣០ នាក់ស្លាប់ដោយសារការពពោះនិងអំឡុងពេលសម្រាលកូននៅជុំវិញពិភពលោកជារៀងរាល់ថ្ងៃ៕