ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានសម្រចផ្តល់ទីតាំង ៣ កន្លែងសម្រាប់តន្ត្រីជនពិការប្រគំតន្ត្រីរៃអង្គាសមូលនីធិមកផ្គត់ផ្គង់ជីវភាពឲ្យបានសមរម្យ។
ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយតំណាងជនពិការ ដែលច្រៀងតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ដើម្បីរកដំណោះ ស្រាយទីតាំង និង រៀបចំឆាកជូនពួកគាត់ឲ្យបានសមស្រប។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា កិច្ចការនេះ មន្ទីរសង្គមកិច្ចរាជធានី បានសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ដើម្បីធ្វើបច្ចុប្បន្នភាពបងប្អូនជនពិការទាំងនោះ ហើយមន្ទីរសង្គមកិច្ច ត្រូវជួបជាមួយបងប្អូនជនពិការទាំងអស់ ស្វែងយល់អំពីសមត្ថភាព ចំណេះ ជំនាញ ដើម្បីមានលទ្ធភាពផ្តល់ការងារដល់ពួកគាត់។ លោកថា រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំឆាកតន្ត្រីជូននៅតាមទីតាំងទាំង ៣ ខាងលើផងដែរ។
តាមរបាយការណ៍សាលារាជធានីភ្នំពេញ បញ្ជាក់ថា ជនពិការច្រៀងតាមទីសាធារណៈបច្ចុប្បន្នមាន ២១ ក្រុម ដែលមានសមាជិកសរុបចំនួន ១៩៤ នាក់៕