ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងសរសើរប្រទេសជប៉ុនដែលតែងតែចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង រួមទាំងការចូលរួមកសាងមន្ទីរពេទ្យ ផ្លូវ ស្ពាន ជាដើម។ តាមរយៈសមិទ្ធិផលនេះសម្តេច ហ៊ុន សែន ថា ជប៉ុន និង កម្ពុជាពិតជាដៃគូសំខាន់ជាមួយគ្នា។ ការថ្លែងរបស់សម្តេច ហ៊ុន សែន ដូចនេះធ្វើទ្បើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ស្របពេលដែលមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ បានសម្ពោដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញានេះ សម្តេច ហ៊ុន សែន បានថ្លែងថាកន្លងមករដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់មន្ទីរពេទ្យជាច្រើនរួចមកហើយមកដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈជំនួយឥតសំណង។ សម្ដេចបញ្ជាក់ថា ថ្ងៃនេះទៀតសោតមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ក៏បានលេចចេញជារូបរាងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានស្តង់ដាខ្ពស់ជាទីទុកចិត្តផងដែរ។
ទាក់ទងនឹងការដាក់ឱ្យដំណើរការមន្ទីរពេទ្យជប៉ុននៅថ្ងៃនេះដែរ សម្តេច ហ៊ុន សែន ថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ គឺជាដៃគូមួយដែលបានធ្វើការយ៉ាងច្រើនរវាងជប៉ុន និង កម្ពុជា តាមរយៈដៃគូជាយុទ្ធសាស្ត្រ។ តាមរយៈដៃគូរជាយុទ្ធសាស្ត្រនេះ សម្តេច ហ៊ុន សែនថា កម្ពុជាទទួលបានសមិ ទ្ធិផលមួយចំនួនផងដែរដូចជា៖ «យើងបានធ្វើកិច្ចការជាច្រើនហើយសមិទ្ធិផលក៏បានកើតទ្បើងច្រើនផងដែរ កាលពីឆ្នាំទៅស្ពានអ្នកលឿងដែលយើងរង់ចាំប៉ុន្មានសត្សវត្សិ៍ទៅហើយនោះបានដាក់សម្ភោធឱ្យប្រើប្រាស់នៅមុនឆ្នាំថ្មីដែលហៅថា ស្ពានត្សឹបាស្សា ជាមួយគ្នានោះដែរ កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ ការហោះហើរត្រង់រវាងទីក្រុង តូក្សូណារីតា មកទីក្រុងភ្នំពេញរបស់យើង ត្រូវបានចាប់ផ្តើម។ ខ្ញុំសូមយកឱកាសនេះ អរគុណពីចម្ងាយជូនឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រអភិវឌ្ឍមកដល់កម្ពុជា»។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ហ៊ុន សែន សង្ឃឹមថា អ្នកវិនិយោគប្រទេសជប៉ុននឹងបន្តចូលមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីជាការរួមចំណែកកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរជាមួយគ្នា។
ចំណែកស្ថាបនិក និងជាទីប្រឹក្សាមន្ទីរពេទ្យសាន់រ៉ាយស៍ លោកវេជ្ជបណ្ឌិត ស៊ីហ្គេមី គីតាហារ៉ា មានប្រសាសន៍ថា ដោយសារសេវាថែទាំសុខភាព នៅប្រទេសកម្ពុជាពេលនេះនៅមានកម្រិត លោកក៏បានសម្រេចចិត្ត កសាងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍នេះទ្បើង ដើម្បីផ្តល់សេវាថែទាំវេជ្ជ សាស្ត្រដែលមានគុណភាព និងមានលក្ខណៈសមធម៌ដល់ប្រជាពលរដ្ឋកម្ពុជា។
លោក គីតាហារ៉ា មានប្រសាសន៍បន្តថា ប្រសិនបើមានតែប្រជា ពលរដ្ឋដែលមានជីវភាពធូរធារត្រូវបានសង្គ្រោះ រីឯប្រជាពលរដ្ឋដែលខ្វះខាតមិនត្រូវបានយកចិត្តទុកដាក់ និងសង្គ្រោះទេនោះ ប្រទេសនិងពុំអាចមាននូវប្រជាពលរដ្ឋដែលមានស្មារតីរួបរួមជាតិតែមួយបានទ្បើយ។ ម្យ៉ាងវិញ ទៀតលោកថា ប្រសិនបើប្រជាពលរដ្ឋដែលមានជីវភាពធូរធារ តែបែរជាធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកសេវាថែទាំសុខភាពដែលល្អប្រសើរ ប្រទេសនោះនឹងបាត់បង់នូវចំណូលជាតិដ៏ច្រើន។
ជុំវិញកិច្ចសហប្រតិបត្តិការប្រទេសជប៉ុន ជាមួយកម្ពុជានេះដែរ អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ទ្បុង គឹមឃន បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃទី ២០ កញ្ញានេះ ដោយលោកទទួលស្គាល់ថា ប្រទេសជប៉ុនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោក ទ្បុង គឹមឃន បន្តថាការចូលរួមចំណែកវិនិយោគ ឬជំនួយពីប្រទេសជប៉ុនមកកម្ពុជា បានជួយដល់ការអភិវឌ្ឍលើទឹកដីកម្ពុជាដូចជា ៖«ទី០១ គឺធ្វើឱ្យការអភវិឌ្ឍន៍របស់ប្រទេសកម្ពុជានឹងដើរទាន់បណ្តាប្រទេសរីកចំរើនមួយចំនួននៅក្នុងតំបន់ មិនធ្វើឱ្យកម្ពុជាហ្នឹងនៅឆ្ងាយពីគេពេក។ ទី០២ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន គឺជួយធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហ្នឹង មានការរីកចំរើនលឿនរហ័ស ហើយធ្វើជីវភាពរបស់ប្រជាពលរដ្ឋហ្នឹង មានការធូរស្បោយមានជីវភាពធូរទ្បើង។ ទី០៣ ការចូលរួមនេះ គឺបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះទ្បើងខ្លាំងសម្រាប់ការអភិវឌ្ឍន៍ប្រទេសនៅកម្ពុជា»។
លោក ទ្បុង គឹមឃន សង្កត់ធ្ងន់ថា ដើម្បីទាក់ទាញការវិនិយោគ ឬទទួលបានជំនួយពីប្រទេសជប៉ុនកាន់ តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវប្រើប្រាស់ជំនួយប្រកបដោយប្រសិទ្ធភាព ដោយគ្មានអំពើពុករលួយ។ តាមលោក ឡុងគឹមឃន ថា ដើម្បីទាក់ទាញវិនិយោគទុនគឺរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ទៅលើវិស័យច្បាប់ មានន័យថាធ្វើយ៉ាងណាកុំឱ្យអ្នកវិនិយោគទុន ចំណាយលុយទឹកតែមិនស្របច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកវិនិយោគត្រឹមត្រូវ។
សូមជម្រាបថា ជប៉ុន គឺជាប្រទេសហត្ថលេខីមួយដ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដោយបានចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា ហើយជាប្រទេសឈានមុខគេមួយដែរ ក្នុងចំណោមប្រទេសជាច្រើនទៀត ក្នុងការផ្ដល់ឥតសំណងរាប់រយលានដុល្លារក្នុងមួយឆ្នាំឱ្យកម្ពុជា ៕