ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន បានរិះគន់ជាច្រើនទៅលើអ្នកសារព័ត៌មាន មួយចំនួន ដែលសម្ដេចថា តាំងខ្លួនជាចៅក្រមជំនួសតុលាការ នៅពេលអ្នកសារព័ត៌មាននោះបានធ្វើអត្ថាធិប្បាយរបស់ខ្លួន។
ក្នុងវេទិកានេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការធ្វើអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន ច្រើនតែហួសព្រំដែន វិជ្ជាជីវៈរបស់ខ្លួន ហើយជាគំនិតវិនិច្ឆ័យរឿងមុនតុលាការធ្វើសេចក្ដីសម្រេច។ សម្ដេចបញ្ជាក់ថា បើដូចនេះ គឺជាការសន្និដ្ឋានមុនការកាត់សេចក្ដីរបស់ចៅក្រម ហើយមានន័យថា អ្នកសារព័ត៌មាននោះ ដើរតួជាចៅក្រម ដែលធ្វើឱ្យប៉ះពាលដល់វិជ្ជាជីវៈរបស់ខ្លួន។
យ៉ាងណាក៏ដោយប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជារូបនេះថ្លែងថា មិនមែនជាការប្រដៅ ឬស្ដីបន្ទោសអ្វីទេ គឺហៅមកជួបគ្នានេះ ដើម្បីជាការលើកទឹកចិត្តវិជ្ជាជីវៈកាន់តែរឹងមាំនិងមានប្រយោជន៍។ តែជាមួយគ្នានេះ សម្ដេចនៅតែសន្យាបើកចំហសេរីភាពសារព័ត៌មានដដែល៕